A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 12 March 2014

Sam Rainsy informs donor countries about negotiation stalemate លោក សម រង្ស៊ី ប្រាប់​ម្ចាស់ជំនួយ​ពី​រឿងរ៉ាវ​នយោបាយមុន​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា​​

ដោយ៖​ តាំង វី​ដា​ | ថ្ងៃអង្គារ ទី11 ខែមិនា ឆ្នាំ2014,  Read Rainy's statement here.

ស្តាប់សំឡេង៖​

ចម្លងទុក
លោក សម រង្ស៊ី ក្រោយត្រលប់ពីធ្វើនយោបាយការទូតកន្លងទៅ (រូបថត តាំង វីដា)
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ ប្រាប់​ទៅ​ប្រទេស​ម្ចាស់​ជំនួយ និង​ប្រទេស​ដៃគូ ពិចារណា​លម្អិត មុន​នឹង​បន្ត ឬ​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ ឬ​កិច្ចសន្យា​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។​
ចំណារ​លិខិត​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ទៅកាន់​សហគមន៍​ការទូត​បរទេស តាមរយៈ​អ៊ីម៉េល បាន​លើក​បង្ហាញ​នូវ​ចំណុច​ចាប់ផ្តើម​នៃ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣  ដែល​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ឈ្នះ​ការបោះឆ្នោត ក្នុង​គ្រា​ដែល​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត កើតមានឡើង ប៉ុន្តែ​គណបក្ស​នេះ បែរ​ជា​បដិសេធ​ការស៊ើបអង្កេត​ដោយ​ដោយ​ឯករាជ្យ​មួយ ក្រោម​ការគាំទ្រ​ពី​សភា​អាមេរិក តំណាងរាស្ត្រ​អ៊ឺរ៉ុប និង​ព្រឹទ្ធសភា​អូស្ត្រាលី​ជាដើម​។
កត្តា​ទាំង​នេះ នាំ​ឲ្យ​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​ប្រជុំ​សភា ហើយ​សភា​ដំណើរការ​ដោយ​សមាជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មិន​ស្រប​តាម​ធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ ពហុបក្ស​។
លិខិត​នេះ បង្ហាញថា ដើម្បី​ទប់ស្កាត់​ការតវ៉ា​របស់​ប្រជាពលរដ្ឋ ទាមទារ​ការស៊ើបអង្កេត​លទ្ធផល​ឆ្នោត ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល ការទាមទារ​លក្ខខណ្ឌ​រស់នៅ​សមរម្យ​របស់​កម្មករ និង​កម្មសិទ្ធិ​ដីធ្លី អាជ្ញាធរ​កម្ពុជា បាន​ប្រើប្រាស់​ហិង្សា​បង្ក្រាប​អ្នក​តវ៉ា រហូត​ធ្វើឲ្យ​កម្មករ​ហោចណាស់ ៥​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​រងរបួស​នៅ​ដើមឆ្នាំ​នេះ​។​
​ក្នុង​លិខិត​ដដែល​នេះ លោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​បម្រាម​ហាមឃាត់​ការប្រមូលផ្តុំ និង​បង្ក្រាប​ដោយ​ហិង្សា​ខុសច្បាប់​ផង​ដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ឬ​ការ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ ឆ្នាំ​២០១៨ ប៉ុន្តែ សំណើ​ទាំងពីរ​នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធចោល​។​
​លិខិត​នោះ​ឲ្យដឹង​ទៀត​ថា ការចរចា​រវាង​គណៈ​កម្ម​ការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​គណ​បក្ស​ទាំងពីរ កំពុង​ជាប់​គាំង ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ពិភាក្សា​ផ្លាស់ប្តូរ សមាសភាព​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដែល​បច្ចុប្បន្ន ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​កាន់អំណាច​។ លោក សម រង្ស៊ី ចាត់ទុកថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពន្យារពេល ក្រាញ​អំណាច មិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​នយោបាយ​។​
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លិខិត​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​សហគមន៍​អន្ត​រ​ជាតិ ចាប់អារម្មណ៍​ទៅលើ​ដំណើរការ​នៃ​កិច្ចចរចា​របស់​គណបក្ស​ទាំងពីរ និង​វាយតម្លៃ​ថា​តើ​ភាគី​ណា មាន​ឆន្ទៈ​ពិត​ក្នុង​ការដោះស្រាយ​បញ្ហានយោបាយ​ ៖«យើងចង់ឲ្យសហគមន៍អន្តរជាតិ មើលឲ្យច្បាស់ថាតើភាគីណា ដែលចង់មានដំណោះស្រាយ ដោយ​​សន្តិវិធី ហើយភាគីណាដែលចេះតែបង្កនូវវបញ្ហា បង្កនូវឧបសគ្គ ទៅដល់​ដំណើរការ​នៃ​ការ​ចរចា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី។»
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប យល់ថា ការ​ដាក់​លិខិត​នេះ នាំឲ្យ​ប្រទេស​កម្ពុជា អន់ថយ តែ​លោក​ជឿជាក់ថា ប្រទេស​ដែល​ជា​ដៃគូ​សម្ព័ន្ធ នឹង​ជឿ​ទុកចិត្ត​ទៅលើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន តាមរយៈ​ស្នាដៃ​កន្លងមក «​ប្រទេស​យើង​កំពុង​តែរីកចម្រើន ជឿនលឿន នៅពេលដែលយើងកំពុងតែរៀបចំដើរចូលសហគមន៍អាស៊ានតែមួយ នៅក្នុងឆ្នាំ២០១៥ខាងមុខ ហើយ​បើលោ​ក សម រង្ស៊ី គាត់មើលឃើញចឹង គាត់រាយការណ៍ឃាត់ឃាំងគ្រប់បែបយ៉ាងចឹង ក្មួយអាច Check Balace អាច​ធ្វើ​Conclusion​ឃើញហើយ យ៉ាងណាយ៉ាងណានោះ»។

​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា គណៈកម្មការ​ចម្រុះ​បក្ស​ទាំងពីរ បាន​ពិភាក្សា​លើ​ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​អព្យាក្រឹត្យភាព ឯករាជ្យ​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​មិន​មាន​សេចក្តីថ្លែងការណ៍​រួម ឬ​ចំណុច​ឯកភាព​ឡើយ​។​
​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា  ឆ្នាំ​២០១៣ បន្ទាប់ពី​ការបោះឆ្នោត លោក ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា មិន ព្រួយបារម្ភ​បន្តិច​ណា​ឡើយ​ពី​ការ​គំរាម​ផ្តាច់ជំនួយ​ពី​សមាជិក​សភា​អាមេរិក ហើយ​ជំរុញ​ឲ្យ​អាមេរិក ផ្តាច់​ជំនួយ​ដែល​ផ្តល់​មក​កម្ពុជា​ទៀត​ផង​។ លោក​បន្តថា ការ​កាត់​ផ្តាច់​ជំនួយរ​បស់​អាមេរិក មិន​អាច​ជះឥទ្ធិពល​ណាមួយ​ដល់​រូបលោក និង​រដ្ឋាភិបាល​កម្ពុជា នោះទេ អាច​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​អង្គកា​រ​សង្គម​ស៊ីវិល​មួយចំនួន ដែល​បម្រើការ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ខ្លួនឯង​ប៉ុណ្ណោះ​ ​«​កុំ​អ្នកណា​មក​កាត់​ជំនួយ​ប៉ុណ្ណេះ កាត់​ជំនួយ​ទៅ​ពិបាក​ពេក​កាត់​ទៅ​ហ្មង​ទៅ​វា​ស្រួល កុំ​និយាយ​ច្រើនពេក អា​លុយ​ហ្នឹង​មិនដែល​បាន​មក​យើង​ទេ អ្នកខ្លះ​បំប៉ោង​តាំងពី​ទីក្រុង​វ៉ាស៊ីនតោន មក ថា​នឹង​កាត់​ជំនួយ​ប៉ុណ្ណេះៗ តែ​ខ្ញុំ​សូម​ប្រាប់ថា អ្នក​ណា​ទទួល​ខាតបង់​ក្នុងពេល​ដែល​កាត់​ជំនួយ​ហ្នឹង កាត់​មិនមែន​ងាប់​ខ្ញុំ​ឯណា​»
សូមសរសេរមកកាន់លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

No comments: