ដោយ សុ ជីវី
2014-03-11 Read in English here.
គណៈកម្មការចម្រុះនៃគណបក្សជាប់ឆ្នោតទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សន្យានឹងជួបចរចាគ្នាជាថ្មីទៀត នៅថ្ងៃទី១៧ ខែមីនា ខាងមុខ។ គោលដៅចម្បងគឺផ្ដល់ចម្លើយពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដែលតំណាងគណបក្សប្រជាជនសន្យាថា នឹងផ្ដល់អោយភាគីចរចាបន្ទាប់មេបក្សសម្រេច។ ប៉ុន្តែមិនទាន់ដល់ថ្ងៃជួបគ្នាឡើងវិញផង នៅថ្ងៃទី១១ មីនា នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងការណ៍ថា គណបក្សនេះនឹងមិនវិលរកតុចរចាទៀតទេ ប្រសិនបើសំណើរបស់បក្សខ្លួនមិនបានការឆ្លើយតបពីបក្សកាន់អំណាច។
នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយនៅរសៀលថ្ងៃទី១១ ខែមីនា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសប្រាប់អ្នកការទូតសហគមន៍អន្តរជាតិថា គណបក្សនេះអាចនឹងមិនបន្តការចរចាជាមួយគណបក្សប្រជាជនកម្ពុជា តទៅមុខទៀតឡើយ ដោយសំអាងថា ការមិនសម្រេចឆ្លើយតបណាមួយ គឺជាមធ្យោបាយពន្យារពេលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាអំណាចរបស់ខ្លួនតទៅទៀត ឬធ្វើអោយល្អមើល។
លោក សម រង្ស៊ី មានប្រសាសន៍បញ្ជាក់បន្ថែមថា ការចរចារវាងគណបក្សទាំង២ គឺត្រូវតែផ្ដោតសំខាន់ទៅលើកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ជាជាងលើកយកបញ្ហាផ្សេងទៀតមកឡូកឡំ។
ការព្រមានមិនចូលរួមតុចរចារបស់លោក សម រង្ស៊ី ធ្វើឡើងនៅមួយថ្ងៃក្រោយក្រុមការងារបច្ចេកទេសគណបក្សទាំង២ បញ្ចប់ការចរចាដែលមិនទាន់សម្រេចលទ្ធផលមួយកាលពីថ្ងៃទី១០ មីនា។ ក្នុងជំនួបនោះបក្សប្រឆាំងទាមទារឲ្យស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្លាយជាស្ថាប័នធម្មនុញ្ញ និងត្រូវជ្រើសតាំងសមាសភាព សមាជិកគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប នោះ ដោយសំឡេងបោះឆ្នោតគាំទ្រចំនួន ២ ភាគ ៣ នៃសមាជិករដ្ឋសភា។
ចំណែកគណបក្សកាន់អំណាចវិញ បានលើកឡើងពីសុចរិតភាពរបស់សង្គមស៊ីវិល ដែលធ្វើការងារទាក់ទងនឹងការបោះឆ្នោត។
ឆ្លើយតបនឹងការព្រមាននេះ ប្រធានក្រុមការងារចរចារបស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា លើកឡើងថា ការចរចាគឺជាពិភាក្សាដើម្បីឈានទៅដោះស្រាយបញ្ហា។ លោកថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ពិតជាមានឆន្ទៈដោះស្រាយបញ្ហា មិនគួរមានមូលហេតុផ្អាកដំណើរការចរចាឡើយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច លើកឡើងថា គណបក្សទាំង២ គួរតែបន្ធូរបន្ថយរៀងខ្លួន ក្នុងនោះបក្សប្រជាជនកម្ពុជា គួរបញ្ឈប់អូសបន្លាយការចរចា ចំណែកគណបក្សសង្គ្រោះជាតិត្រូវបន្តភាពអត់ធ្មត់បន្ថែមទៀត។
លោក សុខ ទូច បញ្ជាក់បន្ថែមថា ភាគីសំខាន់មួយទៀតគឺម្ចាស់ឆ្នោតត្រូវតាមដានស្ថានការណ៍នេះ ដើម្បីបានដឹងច្បាស់ថា តើគណបក្សណាមួយដែលពិតជាចង់ដោះស្រាយភាពជាប់គាំងនយោបាយនៅពេលនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោក សម រង្ស៊ី ក៏បានទម្លាក់ការទទួលខុសត្រូវចំពោះការបង្កើតអោយបញ្ហាចម្រូងចម្រាសនៅក្រោយការបោះឆ្នោត ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ទៅគណបក្សប្រជាជនកម្ពុជា។ ការទទួលខុសត្រូវនោះបានរាប់ចាប់តាំងពីការប្រកាសលទ្ធផលឆ្នោត ការបង្កើតរដ្ឋសភាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ រហូតដល់ការបង្ក្រាបការតវ៉ារបស់ម្ចាស់ឆ្នោត និងការបាញ់សម្លាប់ក្រុមអ្នកតវ៉ាមួយចំនួនទៀត៕
No comments:
Post a Comment