ដោយ៖ ឡាយ សាមាន | ថ្ងៃសុក្រ ទី7 ខែមិនា ឆ្នាំ2014, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក នាង សុឃុន ផ្តល់បទសម្ភាសន៍ ក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ (រូបថត៖ ឡាយ សាមាន)
យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន នៅព្រឹកថ្ងៃសុក្រនេះ បានយកភ័ស្តុតាង៣បន្ថែមដាក់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងប្រឆាំងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពីបទធ្វើឲ្យបាត់ដែនដីកោះមួយចំនួន ទៅលើប្រទេសវៀតណាមនោះ។
ការដាក់ភ័ស្តុតាងបន្ថែមនេះ បន្ទាប់ពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ កាលពីថ្ងែទី២៧ ខែកុម្ភៈ ចាត់ទុកបណ្តឹងរបស់លោក នាង សុឃុន មិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បាន។
ម្ចាស់បណ្តឹងនោះ លោក នាង សុឃុន ឲ្យដឹងថា ដាក់ភ័ស្តុតាង៣បន្ថែមទៀត រួមមានលិខិតរបស់លោក លោក Previe(ប្រេវីយេ) ឆ្នាំ១៩៣៩ សន្ធិសញ្ញាឆ្នាំ១៩៨២ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ។
លោក នាង សុឃុន ថ្លែងថា រដ្ឋបាលតុលាការបានទទួលពាក្យបណ្តឹងរបស់ខ្លួនហើយ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងបើកសវនាការនៅថ្ងៃណាឡើយ «ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើតុលាការនឹងមិនចាត់ វិធានការនៅលើពាក្យបណ្តឹងរបស់ខ្ញុំ ខ្ញុំជឿជាក់ថាពេលនោះនឹងមានបាតុកម្មមួយដែលកើតឡើង អំពីយុវជន ដែលហៅថា និស្សិតបញ្ញវន្ត ដើម្បីទាមទារឲ្យតុលាការឯករាជ្យ ដើម្បីឲ្យតុលាការ ធ្វើការអព្យាក្រឹត មិនរណបក្រោមបុគ្គលណា ម្នាក់ដែលមានអំណាចហើយធ្វើការបម្រើឲ្យប្រទេសជាតិរបស់ខ្លួន»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្វីដែលយុវជនដាក់ពាក្យប្តឹងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការល្អ ហើយបង្ហាញពីឆន្ទៈរបស់យុវជន និងភាពស្មើគ្នាក្នុងផ្លូវច្បាប់។
ប៉ុន្តែ លោកយល់ថា តុលាការនឹងមិនចាត់ការលើបណ្តឹងនេះ ហើយការទាមទារភ័ស្តុតាងបន្ថែមរបស់តុលាការគ្រាន់តែជាលេស ដើម្បីបង្គ្រប់តាមនីតិវិធីច្បាប់ប៉ុណ្ណោះ «ប្រទេសយើងមាននីតិរដ្ឋហើយឬនៅ សូម្បីតែអាមេរិកនោះចង់យាប់ផងក្នុងការចាត់វិធានការ អ្នកដឹកនាំប្រទេសមួយទាំងមូល ហើយទម្រាំតែស្រុកខ្មែរ ត្រូវទៅជាខុស ខុសទៅជាត្រូវផង រឿងអីដែលយើងអាចរកបាន វាអាចអត់បាន បើខ្ញុំគ្រាន់ថា អាហ្នឹងវាគ្រាន់គំរប់ នីតិវិធីតែប៉ុណ្ណឹងទេ»។
អ្នកស្រាវជ្រាវ បញ្ហាព្រំដែនសមុទ្រលោក ហុង សុខហូ ឲ្យដឹងថា កោះត្រល់ត្រូវបានលោក ហ៊ុន សែន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ចុះហត្ថលេខាលើសន្ធិសញ្ញា ឆ្នាំ១៩៨២ ឲ្យទៅវៀតណាមដែលគ្រានោះកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម ដូច្នេះការបាត់កោះនេះ គឺស្ថិតក្រោមគំនាបនយោបាយ។
លោក ចាត់ទុកថា សន្ធិសញ្ញានៅឆ្នាំ១៩៨២នោះ សន្ធិសញ្ញាមិនស្របច្បាប់ ប៉ុន្តែផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែម នៅឆ្នាំ២០០៥ បានធ្វើឲ្យសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២នោះ ក៏ដូចជាសន្ធិសញ្ញាឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៥ ទៅជាស្របច្បាប់វិញ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបំភ្លឺក្នុងរដ្ឋសភាថា ការបាត់បង់កោះត្រល់ គឺបាត់តាំងពីឆ្នាំ១៩៣៩មកម្ល៉េះ នៅពេលដែលកម្ពុជានៅក្រោមអាណានិគមបារាំង ហើយត្រូវបានលោក Previe(ប្រេវីយេ) ជនជាតិបារាំងជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន បានកាត់កោះនោះឲ្យវៀតណាម៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
1 comment:
Tell ah rainsy I never see anyone in the world succeeded in anythings by following other people idea. Stop try to get ieda from civil organisations idea. Ah pler pler ah lop.mike
Post a Comment