![]() |
ក្រុមសហគមន៍មានបញ្ហាដីធ្លី ធ្វើសន្និសីទកាសែតនៅតំបន់បឹងកក់ កាលពីព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៤។ RFA/Uon Chhin |
ដោយ ម៉ម មុនីរតន៍ RFA 2014-02-03
ប្រតិកម្មរបស់អ្នកតវ៉ាក្នុងរឿងដីធ្លីនេះ គឺឆ្លើយតបចំពោះការថ្លែងរបស់តំណាងគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល ដែលចោទប្រកាន់ថា អ្នកមានបញ្ហាដីធ្លីប្រឹងបំប៉ោងទិន្នន័យដែលហួសពីចំនួនពិតប្រាកដ ដើម្បីឲ្យអន្តរជាតិមើលឃើញភាពអាក្រក់មកលើរដ្ឋាភិបាល។
«សំឡេង»
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីចាត់ទុកការថ្លែងរបស់អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលរកឃើញថា តួលេខនៃអ្នករងគ្រោះក្នុងរឿងដីធ្លីមានចំនួនដ៏តិចតួចនោះ គឺជាការមិនទទួលខុសត្រូវ និងពុំមែនជាសារតំណាងឲ្យប្រជាពលរដ្ឋឡើយ។
លោកស្រី ទេព វន្នី អ្នកតស៊ូមតិក្នុងវិវាទដីធ្លី និងជាតំណាងសហគមន៍បឹងកក់ ថ្លែងនៅព្រឹកថ្ងៃទី៣ ខែមករា ដោយហៅការថ្លែងសារនយោបាយរបស់លោក ម៉ក់ សម្បត្តិ ថា គឺជាសមាជិករដ្ឋាភិបាលដែលព្យាយាមបិទបាំងទង្វើអាក្រក់របស់ខ្លួន ជាពិសេសអ្វីដែលបានលើកឡើងកាលណោះ គឺមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋនិងការពិតនៅកម្ពុជាឡើយ។
«សំឡេង»
សាររបស់លោក ម៉ក់ សម្បត្តិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃទី២៨ ខែមករា កន្លងមកនេះ ត្រូវបានអ្នកតវ៉ាក្នុងវិវាទដីធ្លីលើកឡើងនៅព្រឹកថ្ងៃទី៣ កុម្ភៈ ថា គាត់បានចោទថា អ្នកតវ៉ាក្នុងវិវាទដីធ្លីបានព្យាយាមបំប៉ោងទិន្នន័យដើម្បីប្រឆាំងរដ្ឋាភិបាល។ ក្រុមអ្នកតស៊ូក្នុងរឿងដីធ្លីបន្តថា ធាតុពិតជម្លោះដីធ្លីនៅកម្ពុជា បច្ចុប្បន្ន ក្រោមគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួនអ្នកមានបញ្ហាដីធ្លីមានចំនួនដ៏តិចតួចប៉ុណ្ណោះ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ម៉ក់ សម្បត្តិ អនុប្រធានគណៈកម្មាធិការសិទ្ធិរបស់រដ្ឋាភិបាលគិតថា អ្វីដែលលោកថ្លែងសារនយោបាយអំពីតួលេខថាមានចំនួនដ៏តិចតួចនៅក្រុងហ្សឺណែវ កាលណោះ បើប្រៀបធៀបចំពោះប្រតិកម្មរបស់អ្នកតវ៉ានៅពេលនេះ គឺជាការផ្ដល់សិទ្ធិស្មើគ្នាក្នុងការបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកតស៊ូក្នុងវិវាទដីធ្លីប្រមាណជាង ១០០នាក់ ដែលមកពីសហគមន៍ថ្មគោល បុរីកីឡា និងបឹងកក់ បានជួបជុំគ្នានៅតំបន់បឹងកក់ កាលពីព្រឹកថ្ងៃទី៣ មករា។ ការប្រមូលផ្តុំជាថ្មីនេះ ក្រៅពីថ្លែងសារ និងលើកពីផលប៉ះពាល់នានានោះ ពួកគេក៏បានថ្លែងអំណរគុណលោក ម៉ក់ សម្បត្តិ ដោយបាចលាជ អុជធូប និងធ្វើពិធីសែនព្រេនតាមបែបអប្បិយជំនឿថែមទៀតផង។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋានបញ្ជាក់ថា មូលហេតុដែលរដ្ឋាភិបាលពុំដែលបានគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ និងពុំដែលទទួលស្គាល់ការពិតចំពោះការអនុវត្តខុស ទើបធ្វើឲ្យរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានបាត់បង់ជំនឿចិត្តពីម្ចាស់ឆ្នោតម្ដងជាពីរដង។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងជម្លោះដីធ្លីចាត់ទុកថា ហិង្សាដីធ្លីនៅកម្ពុជា នៅពុំទាន់ថមថយនៅឡើយទេ៕
No comments:
Post a Comment