![]() |
RFA/Soun Sophalmony |
ដោយ សួន សុផលមុន្នី RFA 2014-02-03
ការស្វែងរកយន្តការដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា រវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង នៅតែឋិតនៅក្នុងស្ថានភាពតឹងតែងនៅឡើយ ទោះបីវិបត្តិនយោបាយនៅក្រោយការបោះឆ្នោតបានជាប់គាំងអស់រយៈពេលជិត ៨ខែមកហើយក៏ដោយ។ រនាំងឧបសគ្គដែលខណ្ឌចែកគណបក្សធំទាំងពីរមិនឲ្យខិតចូលតុចរចាបាននោះ គឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
នៅក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ស ខេង បញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្នជារដ្ឋាភិបាលមួយដែលកើតចេញពីលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សដែលបានអាសនៈភាគច្រើននៅក្នុងរដ្ឋសភា បានប្ដេជ្ញាចិត្ត ជាមួយឆន្ទៈពិតប្រាកដ ដើម្បីជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីទទួលយកតួនាទីយ៉ាង សកម្មក្នុងរដ្ឋសភា។
លោក ស ខេង៖ «នេះគឺសុំបញ្ជាក់អ៊ីចឹង គណបក្សប្រជាជនកម្ពុជា អត់បោះបង់ចោលទេ នៅតែបើកចំហ ហើយនៅតែស្វះស្វែងរកការចរចា ប៉ុន្តែបើចរចាដើម្បីបោះឆ្នោតឡើងវិញទៅមិនរួចទេ ចរចាដើម្បីរៀបចំយន្តការឲ្យសភាអាចដំណើរការ ហើយមែនទែនពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ណាស់ក្នុងការទៅតស៊ូនៅក្នុងរដ្ឋសភា ព្រោះមាន ៥៥នាក់ និង ៦៨នាក់»។
ឆ្លើយតបចំពោះការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានេះ លោក យឹម សុវណ្ណ មន្ត្រីនាំគណបក្សសង្គ្រោះជាតិ ថ្លែងថា គណបក្សសង្គ្រោះជាតិគាំទ្រឲ្យមានការចរចាដើម្បីដោះស្រាយបញ្ចប់វិបត្តិនយោបាយកម្ពុជា ប៉ុន្តែការបដិសេធមិនព្រមឲ្យមានការបោះឆ្នោតឡើងវិញនោះ គឺជាការខុសគ្នាដែលមិនអាចឈានទៅរកតុចរចាបាន។
លោកថា បើសិនគណបក្សប្រជាជនកម្ពុជា មានចេតនាពិតប្រាកដក្នុងការរកយុត្តិធម៌ជូនម្ចាស់ឆ្នោត គណបក្សប្រជាជនកម្ពុជា ត្រូវទទួលយកសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យមាន កំណែទម្រង់ការបោះឆ្នោត និងការបោះឆ្នោតឡើងវិញ៖ «អ្វីៗធ្វើទៅបានលុះត្រាណាគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ បើសិនជាប្រជាពលរដ្ឋនៅភ្នំពេញ ជាងកន្លះលាននាក់ចេញមកធ្វើបាតុកម្ម នៅតាមដងផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ ហើយនៅទីក្រុងភ្នំពេញ មានប្រជាពលរដ្ឋជាង ១លាននាក់ ទាំងក្មេងទាំងចាស់ធ្វើបាតុកម្មតាមដងផ្លូវដើម្បីស្នើសុំឲ្យកែទម្រង់ការបោះឆ្នោត និងបោះឆ្នោតឡើងវិញនោះ គឺឆន្ទៈដែលអ្នកនយោបាយត្រូវគោរពតាម»។
គិតពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មកទល់នឹងខែកុម្ភៈ ឆ្នាំ២០១៤ គណបក្សនយោបាយទាំងពីរនៅតែរក្សាជំហរយកត្រូវរៀងខ្លួន ហើយពួកគេពុំបានបង្ហាញលទ្ធភាពសុទិដ្ឋិនិយមណាមួយដែលអាចឈានទៅដល់ការដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា បាននោះឡើយ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច យល់ថា អ្នកនយោបាយនៅកម្ពុជា នៅតែបង្ហាញភាពក្មេងខ្ចីរបស់ខ្លួនខាងនយោបាយ តាមរយៈការដាក់ជម្រើសតែមួយ ទាល់ច្រកតែមួយ ដែលមិនអាចដោះស្រាយបញ្ហាបាន។
លោកថា ភាគីទាំងពីរគួរដាក់ជម្រើសសម្រាប់ការចរចាឲ្យច្រើនជាងនេះ៖ «ខ្ញុំបាននិយាយហាក់ដូចជាជ្រាំដែល ប៉ុន្តែយើងត្រូវកញ្ចប់របៀបវារៈនយោបាយឲ្យបានច្រើន ៤ ទៅ ៦ចំណុចទៅ ស្អីដែលអ្នកនយោបាយចង់បាន ហើយយើងអ្នកនយោបាយដាក់ ដូចគណិតវិទ្យា វាអត់មានវិទ្យាសាស្ត្រសង្គម មិនមានដូច្នេះ ត្រូវដាក់ឲ្យមានជម្រើសឲ្យបានច្រើន»។
ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា កំពុងបង្កផលប៉ះពាល់លើពលរដ្ឋកម្ពុជា ជាទូទៅយ៉ាងធ្ងន់ធ្ងរ។ លោកបណ្ឌិត សុខ ទូច អត្ថាធិប្បាយថា ផលប៉ះពាល់ទាំងនោះមាន ៥ចំណុច។ ទី១ គឺការប្រេះឆាគ្នាតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ចំណុចទី២ ប៉ះពាល់ដល់វិនិយោគិន ពួកគេមិនហ៊ានចូលមកវិនិយោគនៅស្រុកខ្មែរ ចំណុចទី៣ ធ្វើឲ្យប៉ះពាល់អ្នករកស៊ីនៅក្នុងស្រុក អ្នកជំនួញក្នុងស្រុក ពួកគេត្រូវរង់ចាំមើលស្ថានភាពនយោបាយ ព្រោះសេដ្ឋកិច្ចនិងនយោបាយត្រូវដើរទន្ទឹមគ្នា ចំណុចទី៤ គឺការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ពួកគេម្នាក់ៗមិនហ៊ានយកប្រាក់ទៅដាក់តម្កល់នៅក្នុងធនាគារនោះឡើយ បញ្ហានេះបានប៉ះពាល់ដល់ការចរាចរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងចំណុចទី៥ គឺប៉ះពាល់វិស័យទេសចរនៅក្នុងប្រទេសកម្ពុជា។
ចំពោះការផ្ទេរតំណែងអភិបាលខេត្តវិញ គឺលោក ប្រាជ្ញ ចន្ទ ត្រូវបានផ្ទេរចេញពីខេត្តបាត់ដំបង ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ លោក ប្រាជ្ញ ចន្ទ ត្រូវរង់ចាំដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត ក្រុង និងខណ្ឌរួច ទើបតែងតាំងធ្វើអភិបាលខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី។ ចំណែកលោក ច័ន្ទ សុផល អតីតប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ប្រាជ្ញ ចន្ទ៕
2 comments:
yoeung min chang niyeay chea muoy puok reng te pipruos puok reng chea kanhcheas yuon hoeuy put thbot akrak nas pruos puok reng kreante mean mouk chea khmer ponte khuor kbal yuon ,boeur niyeay chea muoy puok reng teal te mean sak sey chea antarak cheat trov te yul pi kluon eng ah prett khmer pi phoup lork ke skeal charek puok reng oa hoeuy.
yoeung min chang niyeay chea muoy puok reng te pipruos puok reng chea kanhcheas yuon hoeuy put thbot akrak nas pruos puok reng kreante mean mouk chea khmer ponte khuor kbal yuon ,boeur niyeay chea muoy puok reng teal te mean sak sey chea antarak cheat trov te yul pi kluon eng ah prett khmer pi phoup lork ke skeal charek puok reng oa hoeuy.
Post a Comment