សមត្ថកិច្ច៖ បុរសម្នាក់ក្នុងចំណោមពីរនាក់ ដែលបានឃាត់ខ្លួន សារភាពថាជាអ្នកបន្លំបង្កចលាចល
- Written by KSN
អគ្គស្នងការនគរបាលជាតិ
ឲ្យដឹងនៅថ្ងៃចន្ទនេះថា បុរសម្នាក់ក្នុងចំណោមជនទាំងពីរនាក់
ដែលត្រូវបានឃាត់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចនៅក្បែរទីលាន
ប្រជាធិបតេយ្យម្សិលមិញនេះ
ត្រូវបានសមត្ថកិច្ចសម្រេចឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសវនការ
បន្ទាប់ពីសាកសួររួច រកឃើញថា ជាជនបន្លំខ្លួន
ដែលត្រូវបានគេជួលមកបង្កចលាចល។
នៅថ្ងៃអាទិត្យម្សិលមិញនេះ
មនុស្សពីរនាក់ ត្រូវបានក្រុមសហជីពកម្មករ និងប្រជាពលរដ្ឋ
ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ
បន្ទាប់ពីរកឃើញថា មានកាន់ជំពាមកៅស៊ូគ្រាប់ដែក និងស្នាប់ដៃ
ចូលក្នុងហ្វូងប្រជាបាតុករ ទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស
ដីធ្លី និងកម្មករ ចំនួន ២៣ នាក់
និងដំទ្បើងប្រាក់ឈ្នួលគោលកម្មករគ្រប់វិស័យ ១៦០ ដុល្លារអាមេរិក
ក្នុងមួយខែ។ បុរសទាំងពីរនាក់នោះឈ្មោះ ផេង ផា និង ហាំ ហ៊ុត។
លោក គៀត ចន្ទថារិទ្ធិ
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់VOD ឲ្យដឹងនៅព្រឹកនេះថា
ក្រោយការសាកសួរ បុរសម្នាក់ឈ្មោះ ផេង ផា មានមុខរបរជាងផ្សារដែក
បានសារភាពថា ពិតជាចេតនាបង្កភាពចលាចល
ដើម្បីឲ្យឃើញថាសមត្ថកិច្ចប្រើហិង្សាលើបាតុករ។ លោកបន្តថា ជនសង្ស័យ
អះអាងការធ្វើនេះ គឺក្រោមបញ្ជាបុរសម្នាក់ឈ្មោះ ធី ណារិទ្ធិ
រស់នៅប្រទេសអូស្ត្រាលី និងជាមនុស្សរបស់គណបក្សសង្គ្រោះជាតិ «
តាមចម្លើយរបស់គាត់ គាត់ឆ្លើយថា
គាត់បានជួបជាមួយមនុស្សម្នាក់មកពីប្រទេស អូស្ត្រាលី
ហើយបើតាមយើងដឹង គាត់គឺជាមនុស្សនៅក្នុងគណបក្សសង្គ្រោះជាតិ
បានពឹងគាត់បាញ់ទៅលើបាតុករ ដើម្បីចោទប្រកាន់ថា
អាជ្ញាធរនោះបានប្រើអំពើហិង្សា ដាក់បាតុករ»។
ដោយឡែក សម្រាប់បុរសឈ្មោះ ហាំ ហ៊ុត លោក
គៀត ចន្ទថារិទ្ធិ ឲ្យដឹងថា សមត្ថកិច្ច បានដោះលែងវិញហើយ
បន្ទាប់ពីរកឃើញថា មិនមានជាប់ព័ន្ធ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក
យឹម សុវណ្ណ យល់ថា ករណីនេះ គប្បីមានការស៊ើបអង្កេតច្បាស់លាស់
មិនគួរស្តាប់ចម្លើយជនសង្ស័យតែម្ខាង
ហើយទម្លាក់កំហុសមកលើគណបក្សនេះទេ «អ្នកដែលបង្កើតឲ្យមានអំពើ
ហិង្សា គឺអ្នកនោះត្រូវតែទទួលទោស ហើយត្រូវតែមានការស៊ើបអង្កេត
ឲ្យបានច្បាស់លាស់ ឲ្យមានអព្យាក្រឹតភាព ឲ្យមានឯករាជ្យភាពត្រឹមត្រូវ។
សំខាន់ការរកការពិត មិនមែនគ្រាន់តែឆ្លើយ មិនមែនគ្រាន់តែប្រឌិតរឿង
ហើយឆ្លើយដាក់មកលើគណបក្សសង្គ្រោះជាតិ គឺមិនមានទេ។
ដូច្នេះម្សិលមិញនេះ
មិនមែនបាតុកម្មដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិទេ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគម
អាដហុក លោក ចាន់ សុវ៉េត ឲ្យដឹងថា សាច់ញាតិគ្រួសាររបស់ជនសង្ស័យ លោក
ផេង ផា បានដាក់បណ្តឹងមកកាន់សមាគមអាដហុកនៅព្រឹកមិញនេះ
ដើម្បីស្នើអន្តរាគមន៍លើករណីនេះ។ លោក គិតថា
មនុស្សម្នាក់ក្នុងចំណោមពីរនាក់នេះ គឺជាជនបង្គប់បង្កចលាចល
តែលោកមិនអាចសន្មត់ថាជានរណានៅឡើយទេ
ដោយរង់ចាំការស៊ើបអង្កេតបន្ថែម «បើពិនិត្យមើលទៅស្ថានភាពហ្នឹង
វាដូចជាស៊ីសង្វាក់ដែរ
ហើយយើងក៏មិនទាន់បានធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ
ព្រោះមិនបានជួប ថាគាត់ពិតជាមនុស្ស ត្រូវបានគេជួល
ឲ្យធ្វើសកម្មភាពឬក៏យ៉ាងម៉េច។ ប៉ុន្តែក្នុងចំណោមពីរនាក់នេះ
ប្រហែលជាអាចមានម្នាក់ ជាមនុស្សដែលអាចថា ជាមនុស្ស
មិនទាក់ទងក្នុងរឿងទាំងអស់នោះទេ»។
ការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខ
របស់សាលាខណ្ឌដូនពេញ និងបាតុករ ដែលឈរប្រមូលផ្តុំនៅមុខស្ពាននាគ
ជិតទីលានប្រជាធិបតេយ្យ បណ្តាលឲ្យមនុស្សរបួសធ្ងន់ និងស្រាលប្រមាណជា
១០ នាក់ រួមទាំងបុគ្គលិកអង្គការ Comfrel ម្នាក់ បុគ្គលិកសារព័ត៌មាន The
Cambodia Daily ម្នាក់ អ្នកកាសែតក្មេងវត្តស្ថាបនាម្នាក់
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ លោក
យឹម សុវណ្ណ និងសន្តិសុខរបស់សាលាខណ្ឌដូនពេញចំនួនម្នាក់ផងដែរ៕ ដោយ៖
តាំង វីដា | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
1 comment:
We knew all along that government have been seending agents provocateur and then use that pretext to kill prtesters in Veng Sreng and beat up innocent protesters and monks in Freedom Park. Hun Sen will bring Khmer down. He does not care about Cambodian.
Post a Comment