(អត្ថបទចុះផ្សាយនៅថ្ងៃ 30-12-2013, 8:19 pm) | ដោយ រួបរួម
រដ្ឋាភិបាល និងគណបក្សប្រឆាំង តែងតែរុញដាក់គ្នាទៅវិញទៅមក ទាក់ទងនឹងវត្តមានរបស់ក្រុមជនទីបី បាតដៃទីបី ឬក្រុមឱកាសនិយមនៅក្នុងក្បួនបាតុកម្ម ឬការតវ៉ាណាមួយ។ តើក្រុមទាំងនោះ ជាអ្នកណា? មកពីណា? ធ្វើការឲ្យអ្នកណា?
«ជនឱកាសនិយម បាតដៃទីបី ឬក្រុមជនទីបី» ត្រូវបានគេចាត់ទុកថា ជាក្រុមដែលតែងតែបង្ករបញ្ហា និងជាអ្នកដែលដុតកម្តៅឲ្យមានអំពើហិង្សានាអំឡុងពេលនៃការតវ៉ា ឬបាតុកម្មម្តងៗ ។ ប៉ុន្តែគេមិនដឹងច្បាស់ថា ក្រុមទាំងនេះ មានប្រភពមកពីណាឡើយ វាប្រៀបដូចជា ពាក្យ «អង្គការ» នៅសម័យខ្មែរក្រហម ដែលគេតែងតែលឺនូវការលើកឡើងតៗគ្នាប៉ុណ្ណោះ។
នារយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង តែងតែចេញសេចក្តីថ្លែងការណ៍បន្ទោសជនឱកាសនិយមដែលបានបង្ករឲ្យមានការ ប៉ះទង្គិចដោយហិង្សារវាងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកតវ៉ា។
ក្រោយការបោះឆ្នោត យ៉ាងហោចមនុស្សពីរនាក់ហើយដែលបានស្លាប់ ពោលគឺកាលពីព្រលប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ យុវជនម្នាក់បានត្រូវគ្រាប់កាំភ្លើង ខណៈពេលមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងក្រុមបាតុករគណបក្សសង្គ្រោះជាតិ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ឆ្នាំ២០១៣ ស្ត្រីអ្នកលក់បាយម្នាក់បានរងរបួសដល់ស្លាប់ផងដែរ ក្នុងពេលនៃការបង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ចទៅលើក្រុមកម្មករ រោងចក្រអេសអិល។
ចំពោះករណីទាំងពីរនេះ អ្នកស្លាប់គឺសុទ្ធតែជាអ្នកដែលមិនមានការជាប់ពាក់ព័ន្ធ ហើយអាជ្ញាធរក៏មិនបានបង្ហាញរបាយការណ៍លំអិតណាមួយដែរ ដោយគ្រាន់តែថា ខ្លួននឹងបើកការស៊ើបអង្កេតតែប៉ុណ្ណោះ។ តើនេះជាការរៀបចំរបស់បាតដៃទីបី ឬយ៉ាងណា?
ជុំវិញចលនាបាតុកម្ម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើដល់អ្នកចូលរួមផងដែរឲ្យមានការប្រុងប្រយ័ត្នចំពោះបាតដៃទី បី ប៉ុន្តែលោកមិនបានបញ្ជាក់ថា បាតដៃទីបី ឬក្រុមជនទីបីចេញមកពីប្រភពណានោះឡើយ។
ដោយឡែកលោក សម រង្ស៊ី បានបដិសេធចំពោះវត្តមានរបស់ក្រុមជនទីបីនៅក្នុងក្បួន បាតុកម្មអហិង្សារបស់លោក។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានលើកឡើងថា គ្មានទេជនទីបី គឺមានក្រុមជនទីពីរស្ទួនតែប៉ុណ្ណោះ ដោយក្រុមតែមួយ ហើយប្រើឈ្មោះពីរផ្សេងគ្នា។
«ជនឱកាសនិយម បាតដៃទីបី ឬក្រុមជនទីបី» មកពីឋានណា និងមានយុទ្ធសីល្ប៍អស្ចារ្យយ៉ាងណា បានជាពួកគេអាចបង្ករព្យុះភ្លៀងឥតឈប់ឈរ ដោយគ្មានអ្នកណាចាប់បាន និងវែកមុខឃើញយ៉ាងដូច្នេះ?
រក្សាសិទ្ធិដោយ thmeythmey.com
No comments:
Post a Comment