ដោយ៖ ជន ស្រីណុច និងអ៊ឹង ប៊ុនថន | ថ្ងៃសៅរ៍ ទី28 ខែធ្នូ ឆ្នាំ2013 | VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក កឹម សុខា(រាប់ពីធ្វេង) និងលោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍នេះ/ជន ស្រីណុច
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ជាលក្ខណៈផ្ញើសារទៅកាន់គណបក្សប្រជាជនកម្ពុជា ជាពិសេសទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកស្នើឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំ ដោយនាំមកនូវគំនិតថ្មី ដើម្បីរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងកើតឡើងនៅកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍នេះ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការជជែកគ្នាជាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីគណបក្សនយោបាយ សហជីព សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែកពីបញ្ហាប្រទេស ដោយយកប្រយោជន៍ជាតិជាធំ ប្រកបដោយឆន្ទៈក្នុងស្មារតីស្ថាបនាវិជ្ជមាន។លោកសម រង្ស៊ី បន្តថា ប្រទេសកម្ពុជាកំពុងតែមានបញ្ហាអាប់អួរមួយចំនួនជាពិសេសការទាមទារដំឡើងប្រាក់ឈ្នួល ដល់កម្មករ ៖ “គណបក្សសង្គ្រោះជាតិសូមផ្ញើសារហ្នឹងទៅគណបក្សប្រជាជន ថា ល្មមជួបគ្នា ថាឥឡូវហ្នឹងបញ្ហាវាកាន់តែធំ កាន់តែស្មុគស្មាញហើយនាំមកនៅគំនិត ថ្មីខ្លះបើយើងនៅតែគំនិតចាស់ៗដដែលនោះប្រហែលវាមិនសូវជាទៅមុខប៉ុន្មានទេ ឥឡូវបញ្ហាវាមានទិដ្ឋភាពច្រើន បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាកម្មករ បញ្ហាជីវភាពរស់នៅ បញ្ហាសិទ្ធិមនុស្ស អីតវ៉ាទៅខ្លាចវាហួស វែងឆ្ងាយទៅវាមានផលវិបាកយ៉ាងម៉េច ចឹងហើយកុំឲ្យវាវែងឆ្ងាយហួសហេតុកុំឲ្យវាកាន់តែធ្ងន់ធ្ងរយើងត្រូវតែរកដំណោះស្រាយ សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា ” ។
លោក សម រង្ស៊ី បន្តថា ល្មមដល់ពេលគណបក្សនយោបាយជួបគ្នាហើយនៅសប្តាហ៍ក្រោយ គឺដើមឆ្នាំ២០១៤ ដើម្បីកុំឲ្យមានបញ្ហាស្មុគស្មាញ ដោយរកគំនិតថ្មីខ្លះ កុំយកតែគំនិតចាស់ៗ។ លោក ព្រមានថា កុំឲ្យការតវ៉ាហួសវែងឆ្ងាយ និងកុំឲ្យកាន់តែធំធ្ងន់ធ្ងរ។
លោក សម រង្ស៊ី បញ្ជាក់ថា គំនិតថ្មី គឺសំដៅឲ្យលទ្ធិប្រជាធិបតេយ្យ មានលក្ខណៈរស់រវើក។
VOD មិនអាចទាក់ទងនាយករដ្ឋមន្ត្រីស្តីទី លោក ស ខេងបានទេ ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក សក់ សេដ្ឋា មានប្រសាសន៍ថា គណបក្សកាន់កំណាចសារទរចំពោះជំហរគណបក្សសង្គ្រោះជាតិ ដែលបែរមករកតុចរចារវិញ ហើយខ្លួនរង់ចាំស្វាគមន៍គ្រប់ពេល។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាមានជំហររឹងមាំចំពោះការពិភាក្សាគ្នានេះ ដោយគិតប្រយោជន៍ជាតិជាធំ ៖ “គណបក្សប្រជាជន នៅតែចំហរទ្វារចរចាទេ ដូច្នេះហើយដំណោះស្រាយវាមិនអាចធ្វើបានតាមរយៈការធ្វើបាតុកម្ម មានតែការជួបជជែកគ្នា ហើយការជជែកនេះ វាត្រូវឈរលើស្មារតីយល់គ្នាទៅវិញទៅមក ហើយត្រូវឈរលើគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ គំនិតថ្មីបែបណាវាត្រូវឈរលើផលប្រយោជន៍ជាតិ ផលប្រយោជន៍ជាតិ ឈរលើគោលការណ៍លទ្ធិប្រជាធបតេយ្យ និងនីតិរដ្ឋ” ។
នាយកប្រតិបត្តិ អង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា នេះជាចំណុចវិជ្ជមានមួយដែល ដែលគណបក្សនយោបាយបែរកតុចរចា ព្រោះរាល់បញ្ហាកើតឡើងត្រូវជួបគ្នារកចំណុចរួមមកពិភាក្សាទើបអាចចេញរួច បើមិនដូចច្នោះទេមានតែខាតប្រយោជន៍ជាតិ។ លោក បន្តថា កន្លងមកមានការចរចាជាច្រើនលើកហើយ តែមិនមានដំណោះស្រាយព្រោះមិនមានចំណុចរួម។ លោកថា ដើម្បីទទួលបានជោគជ័យ ក្នុងការចរចា លើកក្រោយនេះទៀត គណបក្សទាំងពីរត្រូវលើកយកចំណុចពីរមកពិភាក្សា រួមមានទីមួយ គឺត្រូវសើរើបើកកញ្ចប់សុវត្ថិភាពឡើងវិញទាំងអស់ និងទីពីរបោះឆ្នោតឡើងវិញ ដោយសេរី និងយុត្តិធម៌ ទើបភាគីពាក់ព័ន្ធព្រមទទួលយកបាន ជាពិសេសប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ៖ “ហើយបើយើងចង់ចាញ់ឈ្នះដោយតម្លាភាពយុត្ដិធម៌ កន្លងមកវាត្រូវការបើកកញ្ចប់ទាំងអស់ដើម្បីពិនិត្យមើលភាពមិនប្រក្រតី លើលទ្ធផលបោះឆ្នោតហ្នឹង ដែល គជប ហ្នឹងត្រូវតែបើ តែឥឡូវ គជប មកដល់នេះហើយគឺអត់មានបើទេណាស់ តាំងពីបោះឆ្នោតហើយ មកដល់ឥឡូវអត់ព្រមបើ ឲ្យគេមើលភាពមិនប្រក្រតីទេ អញ្ចឹងទៅចាញ់ឈ្នះ តាមលក្ខណៈតម្លាភាពហ្នឹងវាអត់ទៅរួច វាអាចចាញ់ឈ្នះមួយទៀត តាមលក្ខណៈយុត្ដិធម៌ ត្រូវបោះឆ្នោតឡើងវិញ ការបោះឆ្នោតមួយដែលយុត្ដិធម៌នៅពេលខាងមុខគឺចាំបាច់ ត្រូវតែមានមួយទៀត ” ។
លោក គល់ បញ្ញា បញ្ជាក់ទៀតថា បើមានការចរចានៅដើមឆ្នាំក្រោយនេះមែន គឺមិនអាចលើកចំណុច បែងចែកអំណាចមកនិយាយទេ ព្រោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនឹងមិនព្រមឡើយ។
គណបក្សជាប់ឆ្នោតទាំងពីរ បានបើកការចរចាច្រើនលើកមកហើយតាំងពីក្រោយការបោះឆ្នោត ដែលខ្វែងគំនិតគ្នាលើផលទ្ធផលឆ្នោតនោះ ប៉ុន្តែនៅតែមិនទាន់អាចរកច្រកចេញបាន បើទោះជាកន្លងមក លោក ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់ចរចាទល់មុខគ្នាដោយផ្ទាល់នៅវិមានរដ្ឋសភាក៏ដោយ៕
សរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
No comments:
Post a Comment