ដោយ៖ ណាត សុភាព និងអ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី6 ខែធ្នូ ឆ្នាំ2013, ម៉ោង 04:43 PM
ស្តាប់សំឡេង៖ |
ចម្លងទុក |
ជនជាប់ចោទ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត
មន្ត្រីសង្គមស៊ីវិល រិះគន់ថា ករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត
ដែលបាញ់កម្មការី៣នាក់ ឲ្យរងរបួស រហូតមកដល់ពេលនេះ
សមត្ថកិច្ចមិនទាន់ចាប់ខ្លួនមកឲ្យអនុវត្តផ្តន្ទាទោសនោះ
ដោយសារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានឆន្ទៈ
ឲ្យដាក់ទោសមន្ត្រីរូបនោះ។
សាលាឧទ្ធរណ៍បានតម្កល់សាលក្រម តុលាការខេត្តស្វាយរៀង
ដែលផ្តន្ទាទោសកំបាំងមុខលើ លោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ១៨ខែ
ពីបទបង្ករបួសស្នាមដោយអចេតនា ទៅលើកម្មការិនីរោងចក្របីនាក់
នៅខេត្តស្វាយរៀង កាលពីខែកុម្ភៈ ឆ្នាំ២០១២។
សាលាឧទ្ធរណ៍ក៏បានបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់
មកដាក់ពន្ធនាគារផងដែរ។ ប៉ុន្តែមកដល់ពេលនេះ
ជនល្មើសមិនទាន់ត្រូវចាប់មកអនុវត្តទោសទេ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី
ចរិយា យល់ឃើញថា បើរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន
មានឆន្ទៈចាប់ខ្លួនជនល្មើសរូបនេះមកផ្តន្ទាទោស នោះលោក ឈូក បណ្ឌិត
មិនអាចគេចខ្លួនរហូតដល់ពេលនេះបានឡើយ ៖
"ជាចេតនារបស់រដ្ឋាភិបាល របស់អាជ្ញាធរកម្ពុជានេះឯង
ដែលធ្វើឲ្យលោកឈូក បណ្ឌិត អាចគេចខ្លួនបាន
ប្រសិនបើអាជ្ញាធរកម្ពុជាមានចេតនាពិតប្រាកដ ក្នុងការចាប់ខ្លួន
ខ្ញុំគិតថា លោកឈូក បណ្ឌិត មិនអាចរត់គេចខ្លួនបានទេ
ព្រោះថាចង់ទៅប្រទេសណាក៏គេដឹងដែរបច្ចុប្បន្ននេះ មិនមែនថា
កុំទៅវៀតណាមទៅណានោះ"។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD ថា
បើទោះបីជាលោក ឈូក បណ្ឌិត នៅក្រៅឃុំមែន តែសមត្ថកិច្ចកំពុងតាមដាន។
លោកបញ្ជាក់ថា សព្វថ្ងៃនេះ លោក ឈូក បណ្ឌិត
កំពុងនិរទេសខ្លួននៅប្រទេសវៀតណាម
ប៉ុន្តែមិនដឹងកន្លែងលាក់ខ្លួននោះទេ ៖ "បើគាត់ទៅក្រៅប្រទេស
ទៅក្រៅប្រទេសរកមិនឃើញគ្នាទៀត មិនដឹងទៅណាទេ។ (សំណួរ
ក្រៅប្រទេសអាចដឹងប្រទេសណាច្បាស់ទេឯកឧត្តម?) ខាងកើតយើង (សំណួរ
ខាងកើតប្រទេសវៀតណាម?) ប្រទេសជិតខាងយើងហ្នឹង (សំណួរ
បើដឹងថាគាត់នៅអញ្ចឹង តើខាងឯកឧត្តមមានសហការជាមួយនឹង?)
យើងប្រាប់គេដែរ គេជួយរកយើងដែរហ្នឹង"។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការ
លីកាដូ លោក អំ សំអាត យល់ថា បើលោក ឈូក បណ្ឌិត
កំពុងលាក់ខ្លួននៅប្រទេសវៀតណាមមែន មិនពិបាកចាប់ខ្លួនទេឲ្យតែ លោក
ហ៊ុន សែន មានឆន្ទៈចង់ឲ្យចាប់ខ្លួនជនល្មើសរូបនេះ
មកផ្តន្ទាទោសតាមច្បាប់ ដូចជាករណី ហេង ពៅ ជាដើម។ ប៉ុន្តែលោកថា
ករណីលោក ឈូក បណ្ឌិត ទំនងជាមានអ្នកមានអំណាចនៅពីក្រោយខ្នង ៖
"យើងដឹងច្បាស់ហើយថា លោកឈូក បណ្ឌិត
តាំងពីដើមមកគឺគាត់មានមន្ត្រីជាន់ខ្ពស់តែងតែបង្អែកនៅពីក្រោយ
ខ្នងគាត់ សូម្បីតែបទល្មើសក៏ត្រូវបានបន្ធូរសម្រាល
ទោះបីជាមានការរិះគន់យ៉ាងណា ក៏មិនមានការចាប់ខ្លួន
រហូតទៅដល់មានសាលដីកាពីតុលាការ
ហើយរហូតទៅដល់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានចេញបទបញ្ជា
ក្នុងការតាមចាប់ ក៏នៅតែចាប់ខ្លួនលោកឈូក បណ្ឌិត មិនបាន"។
ទោះជាយ៉ាងណា កម្មវិធីនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៥
បានអះអាងថា នឹងអនុវត្តច្បាប់កែទំរង់ស៊ីជម្រៅ លើប្រព័ន្ធយុត្តិធម៌
និងតុលាការឯករាជ្យ ដើម្បីដំណើរការពង្រឹងនីតិរដ្ឋ។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលហាក់មិនមានជំនឿនោះទេ៕
សូមសរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
1 comment:
The criminal Chhouk Bandit is hiding in "Mee Chum Teav" Men Sam orn's underware. This proves that Sar Kheng is no more than a 5 years old boy with a loly pop in his mouth in other word he is just a dummy, but he is good at barking out all laws from his mouth like Chiem Yeap to warn the CNRP do this and don't do that. I believe all Ah Sar Kheng' s law are the laws of the jungle.
Post a Comment