ដោយ៖ សុទ្ធ គឹមសឿន និងស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013, ម៉ោង 03:43 PM
ស្តាប់សំឡេង៖ |
ចម្លងទុក |
(រូបភាពពី www.mptc.gov.kh)
មន្ត្រីគណបក្សប្រឆាំង និងអ្នកជំនាញផ្នែកសេដ្ឋកិច្ច
បានចាត់ទុកសេចក្តីបង្គាប់របស់ក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ដែលឲ្យកំណត់តម្លៃហៅចេញក្នុងមួយនាទីវិញថាខុសពី
និយមន័យទីផ្សារសេរី និងប៉ះពាល់ដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត។
សេចក្តីបង្គាប់របស់បញ្ញត្តិករទូរគមនាគមន៍
ចេញផ្សាយកាលពីពេលថ្មីៗនេះ
បានដាក់កំណត់លើក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ចំពោះអត្រាតម្លៃ
អប្បបរមា សម្រាប់ការហៅចេញក្នុងប្រព័ន្ធត្រឹម៤.៥សេន ក្នុងមួយនាទី
និង៥.៩៥សែនក្នុងមួយនាទី សម្រាប់ការហៅទូរស័ព្ទចេញទៅក្រៅប្រព័ន្ធ។
បទបញ្ជារបស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា
ដែលចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣
រងការរិះគន់ពីអ្នកដែលកំពុងប្រើប្រាស់ប្រព័ន្ធទូរស័ព្ទស្មាត
(Smart)។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា
ការកំណត់តម្លៃហៅទូរស័ព្ទនេះ ខុសពីនិយមន័យទីផ្សាសេរី
ដែលតម្រូវឲ្យមានការការប្រកួតប្រជែង។ លោកបន្តថា
រដ្ឋាភិបាលគួរទុកឲ្យទីផ្សារ និងក្រុមហ៊ុន
ជាអ្នកប្រកួតប្រជែងតម្លៃឲ្យសមរម្យ
តែបើក្រុមហ៊ុនទាំងនោះដំឡើងថ្លៃលើសពីលទ្ធភាពរបស់ប្រជាពលរដ្ឋ
រដ្ឋាភិបាលអាចនឹងមានវិធានរកាទប់ស្កាត់លើតម្លៃទីផ្សារ ៖
“តែបើយើងកំណត់បែបនេះគឺធ្វើឲ្យអតិថិជនខាត់បង់ច្រើនណាស់
ពីព្រោះកាលណាយើងអត់ក៏អត់ការប្រណាំងប្រជែងទីផ្សារហើយឫក៏ការមិន
មានឲ្យអតិថិជនទទួលបានសេវាល្អ ក្នុងតម្លៃថោកដែរ” ។
អ្នកវិភាគសេដ្ឋកិច្ច លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន មានប្រសាសន៍ថា
សេចក្តីបង្គាប់របស់ក្រសួងប្រៃសណីយ៍
ហាក់មិនបញ្ជាក់ហេតុហេតុផលច្បាស់លាស់នៃការកំណត់តម្លៃនេះ
ដោយមិនមានមូលដ្ឋាន គោលដៅបញ្ជាក់ឲ្យបានច្បាស់លាស់
ដើម្បីឲ្យប្រជាពលរដ្ឋ ឬអតិថិជនអស់ចិត្ត និងមិនដេញដោលលើបញ្ហានោះ។
លោកបន្ដថា បច្ចុប្បន្នទំនិញលើទីផ្សារ កំពុងឡើងថ្លៃ តែឥឡូវនេះ
ប្រព័ន្ធទូរស័ព្ទឡើងថ្លៃទៀត
ដែលជាបន្ទុកមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ៖
“ទីផ្សារសេរីគឺគេជំរុញឲ្យមានការប្រកួតប្រជែងគ្នា
រវាងអ្នកផ្ដល់សេវាឫក៏ផលិតករផ្សេងៗ ការដែលប្រកួតប្រជែងគ្នានេះ
ជាគ្រឹស្ដសំខាន់បំផុតដើម្បីឲ្យក្រុមហ៊ុននិមួយៗ ខិតខំពង្រឹងគុណភាព
ប្រសិទ្ធភាពក្នុងការគ្រប់គ្រងខ្ពស់របស់ក្រុមហ៊ុន
ហើយធ្វើយ៉ាងណាឲ្យបានផ្គប់ចិត្ដដល់អតិថិជនបានល្អ” ។
ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល ប្រាប់VODថា
ប្រទេសមួយដែលមានរបបទីផ្សាសេរី
គឺជំរុញឲ្យមានការប្រកួតប្រជែងទំនិញ
ឬផលិតផលនៅលើទីផ្សារដោយសេរីតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកបន្ដថា កាលណាបើមានការប្រកួតប្រជែង
ក្រុមហ៊ុននិមួយៗនឹងខិតសម្រឹតសម្រាងគុណភាព បរិមាណតម្លៃការគ្រប់គ្រង
និងសុវត្តិភាពដល់អតិថិជនអ្នកប្រើប្រាស់ ៖ “ដួលរលំតាមរយៈ
ការប្រកួតប្រជែងវាជារឿងខាងក្នុងសេដ្ឋកិច្ចទីផ្សារសេរី
សំខាន់ការប្រកួតប្រជែងដោយយុត្ដិធម៌ ហើយក្រោមច្បាប់ទាំងអស់គ្នា
ស្មើភាពគ្នា បើសិនជាយើងដួលរលំក្នុងការប្រកួតប្រជែង
អាហ្នឹងជាធម្មជាតិនៃទីផ្សារសេរី” ។
តាមគោលការណ៍ទីផ្សារសេរី រដ្ឋាភិបាលនៃប្រទេសមួយអាចលូកដៃបាន លុះត្រាតែឈ្មួញកណ្តាលសហការគ្នាកំណត់តម្លៃទំនិញឡើងថ្លៃ។
ក្នុងបទសម្ភាសន៍ជាមួយVOD ប្រធាននិយតករទូរគមនាគមន៍កម្ពុជា លោក ម៉ៅ
ចរិយា មានប្រសាសន៍ថា ក្រសួងចង់ឲ្យយកថ្លៃដើម
ដើម្បីឲ្យការប្រកួតប្រជែងឲ្យមានតម្លាភាព
មិនចង់ឲ្យក្រុមហ៊ុនផ្សេងទៀតដួលរលំ
និងចង់ឲ្យមានអ្នកវិនិយោគលើសេវានេះកាន់តែច្រើន។ លោកបញ្ជាក់ថា
កាលណាក្រុមហ៊ុនទាំងនោះ ដួលរលំ នាំឲ្យរាជរដ្ឋាភិបាល ខាតបង់ថវិកា។
បន្ទាប់ពីក្រសួងចេញសេចក្តីបង្គាប់នេះ ក្រុមហ៊ុនទូរស័ព្ទ
ចាប់ផ្តើមលុបចោលគម្រោងបន្ថែមទឹកប្រាក់សម្រាប់ហៅចេញ។
សម្រាប់ក្រុមហ៊ុនសែលកាត អត្រាតម្លៃគម្រោងសែលកាតធម្មតា
គឺតម្លៃ៧សេនក្នុងមួយនាទី និង៨សេន សម្រាប់ការហៅក្រៅប្រព័ន្ធ។
ចំណែកក្រុមហ៊ុនទូរស័ព្ទចល័តស្មាត(Smart ប្រកាសថា ក្រុមហ៊ុនខ្លួន
នឹងផ្លាស់ប្តូរកម្មវិធីខលទូរស័ព្ទមួយចំនួន ដោយនឹងយកតម្លៃ
តេចេញក្នុងប្រព័ន្ធ៤.៥សេន/១នាទី ចាប់ពីថ្ងៃទី០៤ ខែធ្នូ
តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សម្រាប់កម្មវិធីដូរលុយ អតិថិជនស្មាត
នៅតែអាចបន្តរីករាយជាមួយកម្មវិធី Smart ដូរលុយ
តែលុយដែលដូរបានអាចប្រើសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធ
និងប្រើអ៊ិនធើណែត។ សម្រាប់សេវាតេអស់ស្ទះ
នឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន៕
សរសេរមកកាន់លោកសុទ្ធ គឹមសឿន តាមរយៈkeomsoeunsoth@gmail.com
No comments:
Post a Comment