ដោយ៖ ពៅ មេត្ដា | ថ្ងៃសុក្រ ទី11 ខែតុលា ឆ្នាំ2013 |VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគ ដែលកំពុងតាមដានការវិវត្តន៍នយោបាយ លើកឡើងថា ប្រសិនបើគណបក្សប្រឆាំងអាចប្រមូលស្នាមមេដៃបានជាង៣លានមែននោះ គឺមានឥទ្ធិពលក្នុងការចរចាបញ្ចប់វិបត្តិនយោបាយបាន។
គណបក្សសង្គ្រោះជាតិចាប់ផ្តើមប្រមូលស្នាមមេដៃប្រជាពលរដ្ឋដែលគាំទ្រខ្លួនចាប់ពីថ្ងៃទី០៦ ខែតុលា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែតុលាដដែល។ តាមគម្រោង គណបក្សនេះគ្រោងប្រមូលឲ្យបានជាង៣លានស្នាមមេដៃ ដើម្បីជាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃសន្និសញ្ញាទីក្រុងបារី ២៣តុលា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង យល់ឃើញ ស្នាមមេដៃរបស់ប្រជាពលរដ្ឋបង្ហាញពីឆន្ទៈម្ចាស់ឆ្នោត ដែលទាមទាររកយុត្តិធម៌ នៅពេលបោះឆ្នោត។ លោកថា បើសំឡេងមានចំនួនច្រើននោះ វាបង្ហាញទៅសហគមន៍ជាតិ និងអន្តរជាតិថា ការមិនសុខចិត្តក៏មានកាន់តែច្រើន ហើយនឹងអាចជា កម្លាំងសម្ពាធថ្មីមួយទៀតជំរុញឲ្យគណបក្សទាំងពីររកចំណុចរួមមួយឃើញ ៖ “ពីព្រោះស្នាមមេដៃនេះ គឺវាមានទាំងនៅក្នុងស្រុកផង និងមានឥទ្ធិពលនៅក្រៅស្រុកដែរ ហើយប្រសិនជាឃើញចំនួន ប្រជាពលរដ្ឋដែលច្រើនលើសលុប បានផ្តិតមេដៃ គាំទ្រទៅដល់គណបក្សសង្គ្រោះជាតិ អញ្ជឹងចង់មិនចង់ អន្តរជាតិក៏មានការរារែកចិត្ត នៅក្នុងការសហការជាមួយរដ្ឋាភិបាលថ្មីដែរ”។
គោលបំណងរបស់គណបក្សសង្គ្រោះជាតិ គឺទាមទារឲ្យគណបក្សប្រជាជនចូលរួមបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៅពេលបោះឆ្នោត ដើម្បីរកឲ្យឃើញអ្នកចាញ់ ឬអ្នកឈ្នះពិតប្រាកដ។
អ្នកវិភាគបញ្ហាសង្គម លោក ឡៅ ម៉ុងហៃ លើកឡើងថា បើបក្សសង្គ្រោះជាតិ អាចប្រមូលស្នាមមេដៃបានជាង៣លាននោះ បង្ហាញថា គណបក្សនេះមានអ្នកគាំទ្រស្មើ ប្រមាណពាក់កណ្តាលនៃអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ហើយអាចជាចំណុចឈានទៅរកការចរចា ទាមទារលក្ខខណ្ឌបាន ៖ “បើបានបីលានជាងមែន វាមានទម្ងន់ខ្លាំង ខ្លាំងគឺយ៉ាងម៉េច ទីមួយគឺបញ្ជាក់ថា សង្គ្រោះជាតិ [គណបក្ស] មានការគាំទ្រនៅតែរឹងមាំដដែល ហើយជាឯកសារទៅទៀតផ្តិតមេដៃអីហ្នឹង នេះសំខាន់ណាស់”។
ទោះយ៉ាងណាកាលពីថ្ងៃទី០៩ ខែតុលា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ស្នាមមេដៃដែលប្រមូលដោយគណបក្សសង្គ្រោះជាតិមិនមានឥទ្ធិពលទេ ព្រោះការប្រមូល នោះដំណើរការមិនត្រឹមត្រូវដូចជា មនុស្សម្នាក់ផ្តិតមេដៃពី៣ ទៅ៥ដងជាដើម។ តែការលើក ឡើងរបស់ លោក ស ខេង ត្រូវ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិច្រានចោល។ លោក យឹម សុវណ្ណ បញ្ជាក់ថា អាចត្រួតពិនិត្យរួមគ្នាបានប្រសិនបើមានការសង្ស័យ៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
No comments:
Post a Comment