ក្រុមសមត្ថកិច្ចរារាំងក្រុមកម្មករដើរហែក្បួនទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតចំណុចប្រសព្វរវាងផ្លូវ២៧១ និងផ្លូវ៣៧១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣។
RFA/Uon Chhin
កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៥០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវទំនប់ថ្មី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ដើម្បីទប់ស្កាត់កម្មកររោងចក្រ អែស.អិល ប្រមាណ ២ពាន់នាក់ ដែលមានបំណងហែក្បួនទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមកម្មកររោងចក្រ អែស.អិល បានឲ្យដឹងថា គោលបំណងនៃការដើរហែក្បួនចេញពីទីតាំងរោងចក្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដើម្បីស្នើឲ្យលោកជួយរកដំណោះស្រាយវិវាទការងារជាមួយភាគីក្រុមហ៊ុន។
ក្រុមកម្មករបានចោទក្រុមហ៊ុនថា បានបិទទ្វារមិនឲ្យពួកគាត់ចូលធ្វើការ និងមិនបានផ្តល់សំណងសមរម្យជូនពួកគាត់។ កម្មករបន្ថែមថា ពួកគេបានទាមទារឲ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌការងារចំនួន ១១ចំណុច មានដូចជា ស្នើដក លោក មាស សុត្ថា ប្រធានរដ្ឋបាល ឬទីប្រឹក្សារោងចក្រកាត់ដេរ អែស.អិល ចេញពីការងារ ស្នើឲ្យដកកងកម្លាំងប្រដាប់អាវុធចេញពីទីតាំងរោងចក្រ ទាមទារឲ្យរោងចក្រផ្តល់ប្រាក់ឈ្នួលជូនកម្មករក្នុងអំឡុងពេលធ្វើកូដកម្ម ស្នើឲ្យក្រុមហ៊ុនដំឡើងលុយបាយជូនកម្មករ និងស្នើសុំឲ្យក្រុមហ៊ុនដកពាក្យបណ្ដឹងប្ដឹងកម្មករពីតុលាការជាដើម។
ក្រុមកម្មករឲ្យដឹងថា ពួកគេមានការភ្ញាក់ផ្អើលដែលកម្លាំងសមត្ថកិច្ចចម្រុះរាប់រយ ឬពាន់នាក់ ត្រូវបានគេបញ្ជូនឲ្យមករារាំងកម្មករ មិនឲ្យដើរហែក្បួននៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា៖ «កម្មករបានទាមទារក្នុងក្របខ័ណ្ឌកម្មកររោងចក្រ និងថៅកែក្រុមហ៊ុន គឺមិនជាប់ពាក់ព័ន្ធគណបក្សនយោបាយ ឬរាជរដ្ឋាភិបាលណាទេ។ ពួកខ្ញុំធ្វើកូដកម្មអត់មានប្រើអំពើហិង្សាអីទេ គឺខ្ញុំស្វែងរកដំណោះស្រាយឲ្យថៅកែរោងចក្រត្រូវរកដំណោះស្រាយជូនពួកខ្ញុំ ដែលមិនព្រមដោះស្រាយបញ្ហាជូនពួកខ្ញុំទេ។ រយៈពេល ២ខែហើយ គឺថៅកែរោងចក្រមិនបានដោះស្រាយជូនកម្មករបានមួយចំណុចណាទេ។ តើសមដែរទេ ដែលយកកម្លាំងប៉េអិម ឬកងរាជអាវុធហត្ថមកដាក់ពង្រាយអ៊ីចឹង? ពួកខ្ញុំសុទ្ធតែដៃទទេ និងគ្មានអ្វីនៅក្នុងដៃ រីឯកម្លាំងសមត្ថកិច្ចមានដំបងឆក់ ខែល និងកាំភ្លើងគ្រប់ដៃដូច្នេះ»។
លោក ប៊ុត ប៊ុនឈាន មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទនៃសម្ព័ន្ធសហជីព ស៊ីខាវឌូ (CCAWDU) ក៏បានសំណូមពរឲ្យក្រសួង ឬស្ថាប័នពាក់ព័ន្ធ ឲ្យជួយរកដំណោះស្រាយបញ្ចប់វិវាទរវាងកម្មករ និងថៅកែរោងចក្រ អែស. អិល ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ជម្លោះកុំឲ្យរីករាលដាលធ្ងន់ធ្ងរ។
កម្មករឲ្យដឹងថា ជម្លោះនៅរោងចក្រ អែស.អិល បានកើតមានចាប់តាំងពីថ្ងៃទី១២ ខែសីហា មកម្ល៉េះ ប៉ុន្តែមន្ត្រីពាក់ព័ន្ធមិនទាន់ជួយរកដំណោះស្រាយជូនទេ។ បញ្ហានេះ កម្មករបានអះអាងថា ដោយសារតែភាគីថៅកែក្រុមហ៊ុន ហាក់មិនមានចេតនាជួបចរចាជាមួយកម្មករ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន អែស.អិល ដើម្បីបំភ្លឺជុំវិញវិវាទនៅរោងចក្រ អែស.អិល បានទេតាមទូរស័ព្ទ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ព្រោះគ្មានអ្នកលើកទទួល។
លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ ដែលបានចុះផ្ទាល់ដល់ទីតាំងដែលកម្មករ និងសមត្ថកិច្ចប្រឈមមុខដាក់គ្នា នៅក្បែរចំណុចប្រសព្វផ្លូវលេខ៣៧១ និងផ្លូវលេខ២៧១។ លោកបានសម្របសម្រួលឲ្យកម្មករ បញ្ឈប់សកម្មភាពដើរហែក្បួន និងស្នើឲ្យចាត់តំណាងចំនួន ៣០នាក់ ចូលជួបមន្ត្រីខុទ្ទកាល័យប្រមុខដឹកនាំជួយរកដំណោះស្រាយ៖ «ខ្ញុំគ្រាន់តែសុំជួយសម្របសម្រួល ដើម្បីធ្វើម៉េចឲ្យញត្តិរបស់បងប្អូន ដែលមានបំណងចង់ទាមទារថ្ងៃនេះបានផ្ញើ និងយកទៅដាក់ដល់ខុទ្ទកាល័យរបស់សម្ដេចតេជោ»។
ប៉ុន្តែ តំណាងកម្មករក្រុមហ៊ុន អែស.អិល លោក តេង រី បានឲ្យដឹងថា ជំនួបរវាងតំណាងកម្មករចំនួន ៣០នាក់ ជាមួយមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា មិនមានលទ្ធផលទេ។ វិវាទនេះ លោកថា ក្រុមកម្មករមានគម្រោងដើរដង្ហែក្បួនជាថ្មីទៀតទៅមុខផ្ទះប្រមុខដឹកនាំ ដើម្បីស្នើជួយរកដំណោះស្រាយជាបន្តនៅថ្ងៃខាងមុខ៖ «កម្មករយើងគាត់សម្ដែងឆន្ទៈមោះមុតថា បើគ្មានដំណោះស្រាយទេ សូម្បីតែរដូវបុណ្យភ្ជុំហ្នឹង ក៏គាត់អត់ទៅស្រុកកំណើត ឬទៅផ្ទះដែរ ពីព្រោះអីវាពាក់ព័ន្ធនឹងគាត់អត់មានលុយមានកាក់ផង គឺឥឡូវកម្មករយើង គឺលំបាកខ្លាំងមែនទែន។ ហើយគាត់ថា គាត់អត់ទៅណាទេ គឺនៅតវ៉ារហូតដល់មានដំណោះស្រាយ។ គាត់ថា គាត់ធ្វើបុណ្យភ្ជុំនៅភ្នំពេញ ហ្នឹងតែម្តង គឺគាត់អត់ទៅស្រុកទេ»។
ក្រុមកម្មករបានអះអាងថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពជួបប្រជុំ ឬគម្រោងដើរហែក្បួនទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដរាបណាមិនទទួលបានដំណោះស្រាយឲ្យបានសមស្របពីថៅកែក្រុមហ៊ុនទេនោះ៕
No comments:
Post a Comment