ទោះជាយ៉ាងណាកញ្ចប់សុវត្ថិភាព "ខ"
ដែលស្រោបពីក្រៅកញ្ចប់សុវត្ថិភាព "ក" ទាំង ៨កញ្ចប់នោះ
មិនមានចាក់សោសុវត្ថិភាពឡើយ
ដោយគ្រាន់តែក្របួចមាត់ថង់ចងខ្សែធម្មតា។
ការបើកកញ្ចប់សុវត្ថិភាព "ក" ទាំង ៨កញ្ចប់ នៅខេត្តកណ្តាលរកឃើញថា
កញ្ចប់សុវត្ថិភាពចំនួន ៧ មានសភាពធម្មតា
ប៉ុន្តែសកម្មភាពបើកកញ្ចប់នោះមានភាពមិនប្រក្រតីមួយចំនួន
ដូចជាកញ្ចប់សុវត្ថិភាព "ក" ១ក្នុងចំណោម ៨ បានបាត់
កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬទម្រង់ ១១០២ កញ្ចប់សុវត្ថិភាព "ខ"
ត្រូវបានចំហទាំងអស់
និងមិនមានកំណត់ហេតុនៃការបិទកញ្ចប់សុវត្ថិភាព "ខ"
និងកញ្ចប់សុវត្ថិភាព "គ" ឡើយ។ ទោះយ៉ាងក្តី
ចំនួនសន្លឹកឆ្នោតគ្រប់គណបក្សនៅមណ្ឌលបោះឆ្នោតទាំង ៨
គ្មានការប្រែប្រួលទេ។
កញ្ចប់សុវត្ថិភាព "ក"
ជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត
ដូចជាទម្រង់ ១១០១ ជាកំណត់ហេតុនៃការបោះឆ្នោត ទម្រង់ ១១០២
ជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទម្រង់ ១១០៤
ជាក្រដាសលទ្ធផលបឋមនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត
និងទម្រង់ ១១០៨ ជាតារាងរាប់សន្លឹកឆ្នោត និងឯកសារមួយចំនួនទៀត។
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន
មានប្រសាសន៍ក្រោយការបើកកញ្ចប់ "ក" ថា
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការលើបណ្តឹងរបស់គណបក្សសង្គ្រោះ
ជាតិ នៅខេត្តកណ្តាល នៅប៉ុន្មានថ្ងៃខាងមុខ។ ប៉ុន្តែលោកបញ្ជាក់ថា
លទ្ធផលបោះឆ្នោតនឹងអាចប្រកាសបាននៅថ្ងៃទី៨ ខែកញ្ញា
តាមការគ្រោងទុក បើទោះបីជាសវនាការមិនទាន់បានដំណើរការក៏ដោយចុះ។
ក្នុងពេលបើកកញ្ចប់ "ក" នៅខេត្តកណ្តាល នោះ
មន្ត្រីគណបក្សសង្គ្រោះជាតិ
បានស្នើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញភ្លាមៗ
ឲ្យបង្ហាញកំណត់ហេតុបិទសោឃ្លុំ មូលហេតុចំហមាត់កញ្ចប់សុវត្ថិភាព "ខ"
និងទារឲ្យបិទបញ្ចប់ការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតនៅការរិយាល័យ
មួយដែលមិនមានទម្រង់ ១១០២ ឬកំណត់ហេតុការរាប់សន្លឹកឆ្នោត។
ប៉ុន្តែសំណើទាំងអស់បានតែត្រឹមសរសេរក្នុងកំណត់ហេតុប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន
មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិយល់ថា ការបើកកញ្ចប់សុវត្ថិភាព
"ក" ទាំង ៨ នៅខេត្តកណ្តាល គ្រាន់តែជាការបង្គ្រប់កិច្ច
និងខុសពីគោលបំណងរបស់បក្សសង្គ្រោះជាតិ។ លោកបន្តថា
គណបក្សសង្គ្រោះជាតិ បានស្នើសុំបើកកញ្ចប់ "ក"
នៅការិយាល័យមួយចំនួននៅខេត្តកណ្តាល
ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញបែរជាសម្រេចឲ្យបើកកញ្ចប់ "ក"
ខុសពីទីតាំងដែលគណបក្សសង្គ្រោះជាតិ ស្នើសុំទៅវិញ។
ចំណែកឯតំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា អះអាងថា
ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នមានសមត្ថភាពកំពូលតែមួយគត់ក្នុង
ការសម្រេចចិត្តពេលនេះ
ហើយការបើកសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅពេលខាងមុខ
និងសម្រេចចិត្តយ៉ាងណានោះ គណបក្សប្រជាជនកម្ពុជា
នឹងគោរពតាមដោយមិនមានការអល់អែក។
មន្ត្រី គ.ជ.ប ក៏បានបញ្ជាក់ថា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើតាមសេចក្តីសម្រេចរបស់
ក្រុមប្រឹក្សាធម្មនុញ្ញ និងតាមនីតិវិធីច្បាប់
ហើយមូលហេតុដែលមិនបានបង្ហាញកំណត់ហេតុនៃការបិទសោសុវត្ថិភាពកញ្ចប់
"ខ" នោះ ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញមិនបានបញ្ជា។
ទោះជាបែបណាក្តី
មន្ត្រីសម្របសម្រួលគម្រោងបោះឆ្នោតរបស់អង្គការនិកហ្វិច លោក សំ
គន្ធាមី មានប្រសាសន៍ថា
ក្រុមប្រឹក្សាធម្មនុញ្ញគួរណាស់តែសម្រេចបញ្ជាឲ្យ គ.ជ.ប
យកកំណត់ហេតុនៃការវេចខ្ចប់កញ្ចប់សុវត្ថិភាព "ខ"
មកបង្ហាញឲ្យសាធារណជនបានដឹង។លោកបន្តថា
ទោះបីជាចំនួនសន្លឹកឆ្នោតទាំង ៨ ការិយាល័យ មិនមានការប្រែប្រួលក្តី
ក៏គេអាចសន្និដ្ឋានបានថា
មន្ត្រីរៀបចំការបោះឆ្នោតបំពេញការងារដោយអសមត្ថភាព
និងខ្វះការទទួលខុសត្រូវ ព្រមទាំងមានភាពមិនប្រក្រតីជាច្រើន៕
No comments:
Post a Comment