មន្ត្រីរដ្ឋាភិបាលកម្ពុជា និយាយថា ការគំរាមកាត់ជំនួយរបស់តំណាងរាស្ត្រសហរដ្ឋអាមេរិក នឹងមិនធ្វើឲ្យកម្ពុជា ត្រូវជួបឧបសគ្គឡើយ។
ដោយ ម៉ម មុនីរតន៍
2013-09-29 RFA
ការអះអាងខាងលើនេះ ធ្វើឡើងភ្លាមៗក្រោយពេលតំណាងរាស្ត្រមកពីរដ្ឋអូហ៊ីយ៉ូ (Ohio) ព្រមានថា នឹងធ្វើសេចក្ដីសម្រេចចិត្តមួយស្នើឲ្យសភាអាមេរិកាំង ផ្អាកផ្ដល់ជំនួយឲ្យរដ្ឋាភិបាលកម្ពុជា ដែលទើបប្រកាសចូលកាន់តំណែងថ្មីកន្លងទៅនេះ។
មន្រ្តីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា ចាត់ទុកយន្តការដើម្បីរិះរកវិធីក្នុងការទប់ស្កាត់ជំនួយតាមរយៈតំណាងរាស្ត្រសភាអាមេរិកាំង នៅពេលនេះ ថានឹងមិនធ្វើឲ្យកម្ពុជា ត្រូវជាប់គាំងផ្នែកនយោបាយឡើយ។
លោក ជាម យៀប ដែលជាបេក្ខភាពតំណាងរាស្ត្រចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការមួយនៃរដ្ឋសភាមានប្រសាសន៍ថា រដ្ឋាភិបាលដែលទទួលបានការគាំទ្រនិងជឿទុកចិត្តរបស់ប្រជាពលរដ្ឋ នឹងមិនព្រឺរោមឡើយ ចំពោះការគំរាមកាត់ប្រាក់ជំនួយ ហើយរដ្ឋាភិបាលថ្មីក៏ពុំមានសិទ្ធិណាមួយបញ្ជាឲ្យសភាសហរដ្ឋអាមេរិក ធ្វើតាមកម្ពុជា នោះដែរ។
លោក ជាម យៀប ឲ្យដឹងថា អ្វីដែលកម្ពុជា អាចធ្វើបាននៅពេលនេះគឺត្រូវបំពេញភារកិច្ចក្នុងនាមរដ្ឋាភិបាលកើតចេញពីឆន្ទៈរបស់ពលរដ្ឋកម្ពុជា ដ៏ច្រើនលើសលប់។
ឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានតាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី តំណាងរាស្ត្រប្រចាំរដ្ឋអូហាយ៉ូ លោក ស្ទីវ ឆាបុត (Steve Chabot) និយាយថា ខ្លួនបានធ្វើសេចក្ដីសម្រេចចិត្តលេខ ៣១០ ដោយស្នើឲ្យសភាសហរដ្ឋអាមេរិក ពិចារណាផ្អាកជំនួយដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលទើបជាប់ឆ្នោតថ្មី ព្រោះលទ្ធផលឆ្នោតត្រូវរងការរិះគន់ថា មានភាពលំអៀង និងរងឥទ្ធិពលទៅរកគណបក្សកាន់អំណាច ហើយមិនអាចជឿទុកចិត្តបាន។ លោក ស្ទីវ មានសេចក្ដីសង្ឃឹមថា សំណើរបស់លោកនេះសភាសហរដ្ឋអាមេរិក នឹងអនុម័តក្នុងពេលដ៏ខ្លីខាងមុខ។
ចំណែកលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និយាយថា គេហាក់មានមន្ទិលសង្ស័យជាច្រើនទៅលើសេចក្ដីសម្រេចរបស់សភាអាមេរិក ក្នុងការផ្អាកជំនួយមកកម្ពុជា ថាវានឹងអាចកើតឡើងបាន។ លោកថា កម្ពុជាក៏ធ្លាប់មានមេរៀនដូចនេះម្ដងរួចមកហើយ ក្រោយរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧។ បើទោះជាសហរដ្ឋអាមេរិក ព្រមាននៅពេលនោះថា នឹងផ្អាកជំនួយក្ដីនៅទីបំផុត កម្ពុជាក៏អាចនៅទទួលបានការឧបត្ថម្ភក៏ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក។
លោក អ៊ូ វីរៈ ព្រមានថា ការកាត់ជំនួយណាមួយសម្រាប់កម្ពុជា នឹងពុំមែនជាជម្រើសល្អឡើយទាំងសង្ខាង ហើយការខាតបង់គឺទាំងរដ្ឋាភិបាលលោក អូបាម៉ា និងរដ្ឋាភិបាលលោក ហ៊ុន សែន។
លោក អ៊ូ វីរៈ ពុំមានជំនឿថា គម្រោងផ្អាកជំនួយរបស់ប្រទេសមហាអំណាចផ្នែកសព្វាវុធមួយនេះ អាចនឹងកាត់គ្រប់ផ្នែកដែលប្រទេសនេះធ្លាប់ផ្ដល់ឲ្យកម្ពុជានោះទេ។ ក្នុងន័យនេះលោកគិតថា ទំនងការផ្អាកទៅលើតែវិស័យយោធានិងវិស័យអប់រំ ព្រមទាំងសុខាភិបាលក្នុងផ្នែកខ្លះប៉ុណ្ណោះ។ ដោយឡែក សម្រាប់គម្រោងអភិបាលកិច្ចល្អ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនឹងមិនប៉ះពាល់ឡើយ។
យ៉ាងក៏ដោយ សហរដ្ឋអាមេរិកបានទាត់ចោលរួចទៅហើយថា ការបោះឆ្នោតនេះពុំអាចជឿទុកចិត្តបានឡើយ។ ការបង្ហាញជំហរបែបនេះរបស់សហរដ្ឋអាមេរិក ក្រោយពីសភាកោះប្រជុំជាលើកដំបូង ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ ដែលមានតែគណបក្សប្រជាជនកម្ពុជា។ ព្រមជាមួយគ្នានេះ របាយការណ៍របស់អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ក៏ចាត់ទុកដែរថា ការបោះឆ្នោតនៅអាណត្តិទី ៥ នេះ មិនមានភាពត្រឹមត្រូវ តម្លាភាព និងមិនយុត្តិធម៌នោះទេ។
ប្រតិកម្មនឹងបញ្ហានេះ លោក ជាម យៀប អះអាងថា រដ្ឋាភិបាលនឹងមិនខ្វាយខ្វល់ឡើយចំពោះចំណាត់ការតំណាងរាស្ត្រសភារបស់សហរដ្ឋអាមេរិកនេះ។ លោក ជាម យៀប ហៅជម្រើសរបស់លោក ស្ទីវ នៅពេលនេះថា មិនឆ្លុះបញ្ចាំងឲ្យឆន្ទៈដ៏លើសលប់របស់សភា និងពលរដ្ឋអាមេរិកាំង ថែមទៀត។
នៅមុនការបោះឆ្នោតចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកក្កដា និងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ទាំងសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រសហរដ្ឋអាមេរិក បានព្រមានកាត់ជំនួយម្ដងរួចមកហើយដែរ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងទៀតផង៕
No comments:
Post a Comment