បន្ទាប់ពីបានផ្អាកធ្វើមហាបាតុកម្មមួយរយៈមក គណបក្សសង្គ្រោះជាតិ គ្រោងធ្វើមហាបាតុកម្មដ៏ធំមួយទៀត បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់ ដើម្បីទាមទារឲ្យមានការពិនិត្យមើលភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឡើងវិញ។ បក្សសង្គ្រោះជាតិ មានផែនការយុទ្ធសាស្ត្របីចំណុចសំខាន់ គឺគ្រោងធ្វើមហាបាតុកម្មផង ប្ដឹងទៅអង្គការសហប្រជាជាតិ ឲ្យជួយអន្តរាគមន៍ផង និងធ្វើសមាជមហាជនផង។
ដោយ វោហារ ជាតិ
2013-09-28 RFA
ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ជួបប្រជុំគ្នានៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៣។
RFA/Van Vichar
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី២៧ កញ្ញា បានបង្ហាញផែនការបីចំណុច ដើម្បីទាមទារឲ្យពិនិត្យសើរើភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឡើងវិញ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់បន្ថែមនៅថ្ងៃទី២៨ កញ្ញា ថា ផែនការសកម្មភាពទាមទារនេះ នឹងចាប់ផ្ដើមធ្វើឡើងជាបន្តបន្ទាប់ នៅខែតុលា ខាងមុខនេះ៖ «ខ្ញុំសុំបញ្ជាក់ជូនថា គណបក្សសង្គ្រោះជាតិ យើងមិនចង់ធ្វើពេលនេះ ដោយសារបុណ្យប្រពៃណីជាតិបុណ្យភ្ជុំបិណ្ឌ។ យើងអត់ចង់រំខានប្រជាពលរដ្ឋ។ សកម្មភាពយើងចង់ធ្វើក្រោយភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌចប់ថ្ងៃ៤ (ខែតុលា) អីចឹងបានជាយើងធ្វើថ្ងៃ៦ (ខែតុលា)»។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានកំណត់ពេលធ្វើសកម្មភាពទាមទារនេះ គឺទី១ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣ ដល់ ៦ល្ងាច ធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យ ដើម្បីសម្រេចលើគោលជំហររបស់គណបក្សសង្គ្រោះជាតិ។ ទី២ ធ្វើញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងចំណុចចុងក្រោយ គឺធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ តុលា ដើម្បីយកញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ តាមរយៈតំណាងឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា។
លោក កឹម សុខា បន្តថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងដាច់ខាត ទាមទារឲ្យមានការពិនិត្យឡើងវិញអំពីលទ្ធផលបោះឆ្នោតមិនប្រក្រតី លុះត្រាតែការទាមទារនេះបានសម្រេច ទោះបីនៅពេលនេះបក្សប្រជាជន បានបង្កើតរដ្ឋាភិបាលតែម្នាក់ឯងរួចហើយក៏ដោយ ក៏មិនទាន់ហួសពេលទាមទារដែរ៖ «វាអត់ហួសពេលទេ។ រដ្ឋាភិបាលសព្វថ្ងៃនេះដើរអត់រួចទេ ពីព្រោះគ្មានអ្នកណាទទួលស្គាល់ មករកស៊ីជាមួយទេ បើរដ្ឋាភិបាលរបស់មួយចំហៀងសភា កន្លះអីចឹង មិនដូចអាណត្តិមុនៗណា។ មិនដូចអាណត្តិមុនៗទេ កុំយកទៅប្រៀបធៀបអាណត្តិមុនៗ ខុស។ អាណត្តិនេះគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងប្រជាពលរដ្ឋមួយចំហៀងប្រទេស»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណបក្សប្រជាជន បានទេ នៅថ្ងៃទី២៨ កញ្ញា ដើម្បីសុំការអធិប្បាយតបទៅនឹងគម្រោងធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ នៅខែក្រោយនេះ។
ប៉ុន្តែ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់បក្សប្រជាជន កាលពីថ្ងៃទី២៧ កញ្ញា បញ្ជាក់ថា ការតវ៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់បក្សសង្គ្រោះជាតិ ប្រៀបបានមិនទទួលស្គាល់ព្រះមហាក្សត្រ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតអាណត្តិទី៥ នេះថា បក្សប្រជាជន ឈ្នះ ៦៨កៅអី ចំណែកបក្សសង្គ្រោះជាតិ បាន ៥៥កៅអី។ តែបក្សសង្គ្រោះជាតិ តវ៉ាថា លទ្ធផលនេះមិនត្រឹមត្រូវ ព្រោះមានការបន្លំសន្លឹកឆ្នោត ហើយបានទាមទារឲ្យមានការសើរើពិនិត្យមើលលទ្ធផលបោះឆ្នោតឡើងវិញ ដោយសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ និងអំពាវឲ្យអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយ តែបក្សប្រជាជន មិនព្រម។
មកដល់ពេលនេះ បក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលតែឯកឯងរួចហើយ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលដែលមានតែមន្ត្រីខាងបក្សប្រជាជន នោះ ថែមទាំងគំរាមបង្ក្រាបមហាបាតុកម្មដែលបក្សសង្គ្រោះជាតិ គ្រោងធ្វើនៅពេលខាងមុខនេះទៀតផង៕
1 comment:
stop fooling around, ENOUGH IS ENOUGH
Post a Comment