A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 27 September 2013

Analysts claim that reforms to be carried out by the new government will fail អ្នក​វិភាគ​អះអាង​ថា​ការ​កែ​ទម្រង់​រដ្ឋាភិបាល​ថ្មី​មិន​បាន​ជោគជ័យ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ឡើង​កាន់​តំណែង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បាន​ប្រកាស​កែ​ទម្រង់​រដ្ឋាភិបាល​នេះ ឲ្យ​បាន​ស៊ី​ជម្រៅ។ ក៏ប៉ុន្តែ អ្នក​វិភាគ និង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង បាន​ទស្សន៍ទាយ​ថា ការ​កែ​ទម្រង់​នេះ​មិន​អាច​ទៅ​មុខ​បាន​ទេ ព្រោះ​ខ្វះ​ធនធាន​មនុស្ស ជាពិសេស​រចនាសម្ព័ន្ធ​ដឹក​នាំ​ចាប់​តាំង​ពី​ថ្នាក់​កំពូល មក​ដល់​ថ្នាក់​ក្រោម​ឱវាទ គឺ​ជា​ក្រុម​បក្ស​ប្រជាជន​តែ​មួយ។
ដោយ វោហារ ជាតិ

2013-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ហ៊ុន សែន ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។
RFA Screenshot
ចំណែក​ក្បាល​ម៉ាស៊ីន​រដ្ឋសភា ដែល​ត្រូវ​មើល​ការ​ខុស​ត្រូវ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​នោះ ក៏​ជា​មន្ត្រី​បក្ស​ប្រជាជន​តែ​មួយ​ទៀត។ អ្នក​វិភាគ​ខ្លះ​បាន​ហៅ​ការ​កែ​ទម្រង់​នេះ​ថា ជា​សកម្មភាព​ចាស់​ភាសា​ថ្មី។
ប្រសិន​បើ​បក្ស​សង្គ្រោះ​ជាតិ មិន​ចូល​រួម​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មែន រដ្ឋាភិបាល​នេះ​នឹង​មាន​សុទ្ធតែ​មន្ត្រី​បក្ស​ប្រជាជន តាំង​ពី​ក្បាល​ម៉ាស៊ីន​លើ រហូត​ដល់​ក្រោម។ អ្នក​វិភាគ​ខ្លះ បាន​បង្ហើប​ថា រដ្ឋាភិបាល​ថ្មី​ដែល​មាន​តែ​បក្ស​ប្រជាជន ដឹក​នាំ​នេះ អាច​ធ្វើ​ឲ្យ​បក្ស​ប្រជាជន ត្រូវ​បាត់​ឈ្មោះ​ពី​ពិភព​គុន បើ​សិន​ជា​កែ​ទម្រង់​បរាជ័យ។ ក៏ប៉ុន្តែ បក្ស​ប្រជាជន នឹង​ដណ្ដើម​បាន​ប្រជាប្រិយភាព​ពី​បក្ស​ដៃគូ​ប្រកួត​ប្រជែង​មក​វិញ​បាន បើ​សិន​ជា​ការ​កែ​ទម្រង់​រដ្ឋាភិបាល​អាណត្តិ​នេះ​បាន​ជោគជ័យ។
ចំណុច​ជោគជ័យ​នេះ​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប៉ង​ប្រាថ្នា ហើយ​បាន​ដាក់​ចុះ​យុទ្ធសាស្ត្រ​កែ​ទម្រង់​មួយ​ឈ្មោះ​ថា យុទ្ធសាស្ត្រ​ចតុកោណ ផ្ដួច​ផ្ដើម​ដោយ​គំនិត​លោក​ផ្ទាល់ ដែល​បាន​អនុវត្ត​តាំង​ពី​អាណត្តិ​មុនៗ​មក​ម្ល៉េះ។
ដើម្បី​ធានា​ការ​កែ​ទម្រង់​នេះ​ឲ្យ​បាន​ជោគជ័យ លោក ហ៊ុន សែន បាន​ប្រឹងប្រែង​ផ្ដល់​អនុសាសន៍​ដល់​មន្ត្រី​ក្រោម​ឱវាទ​អស់​រយៈពេល​ជិត​មួយ​ថ្ងៃ ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា កន្លង​ទៅ​នេះ។ ក្នុង​នោះ លោក​បាន​រំលេច​ចំណុច​ខ្សោយ​ខ្លះៗ​របស់​រដ្ឋមន្ត្រី​មួយ​ចំនួន កាល​ពី​អាណត្តិ​មុនៗ ដែល​ដឹក​នាំ​ក្រសួង​តាម​បែប​វប្បធម៌​ផ្ដាច់​ការ និង​សួនតួ​និយម ហើយ​ត្រូវ​កែប្រែ​ជា​បន្ទាន់។
ក៏ប៉ុន្តែ អ្នក​វិភាគ​សង្គម និង​នយោបាយ បាន​ពន្យល់​ថា ការ​កែ​ទម្រង់​បែប​នេះ មិន​មែន​ជា​រឿង​ងាយ​ដូច​ការ​គិត​នោះ​ទេ។ ហើយ​ការ​កែ​ទម្រង់​នេះ ក៏​បាន​ធ្វើ​ច្រើន​អាណត្តិ​មក​ហើយ តែ​មិន​បាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ទេ។
លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​វិទ្យាសាស្ត្រ​នយោបាយ បាន​ទស្សន៍ទាយ​ថា ផែន​ការ​កែ​ទម្រង់​នេះ មិន​អាច​ទៅ​មុខ​បាន​ទេ ព្រោះ​ប្រព័ន្ធ​ដឹក​នាំ​នៅ​សាំញ៉ាំ មិន​ខុស​ពី​រដ្ឋាភិបាល​អាណត្តិ​មុនៗ ដែល​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​មាន​ក្បាល​ធំ​ដូច​ដំរី ហើយ​ប្រព័ន្ធ​ដឹក​នាំ​ថ្នាក់​ក្រោម​រួម​តូច​ដូច​កន្ទុយ​កណ្ដុរ។ លោក​ថា គ្រាន់​តែ​លោក​ក្រឡេក​មើល​រាង​រដ្ឋាភិបាល​ចេញ​ដំណើរ​ថ្ងៃ​ដំបូង លោក​ដឹង​ថា ការ​កែ​ទម្រង់​នេះ​នឹង​មិន​បាន​ផ្លែផ្កា​ទៅ​ហើយ ដោយសារ​មន្ត្រី​ដឹក​នាំ​ខ្លះ​ខ្វះ​ជំនាញ​ការងារ និង​ខ្វះ​ធនធាន​មនុស្ស និង​ចំនួន​មន្ត្រី​ដឹក​នាំ​ក្បាល​ម៉ាស៊ីន​ផ្នែក​ខាង​លើ​មាន​ចំនួន​ច្រើន​ហួស។
ចំណែក​អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ក៏​យល់​ប្រហាក់​ប្រហែល​គ្នា​ដែរ។ លោក​ថា ការ​កែ​ទម្រង់ និង​ការ​ផ្ដល់​អនុសាសន៍ គឺ​ខុស​គ្នា គេ​ត្រូវ​ការ​សិក្សា​ស្រាវជ្រាវ​លម្អិត មុន​នឹង​សម្រេច​ជា​យុទ្ធសាស្ត្រ​មក​អនុវត្ត ជាពិសេស​ប្រព័ន្ធ​រដ្ឋសភា​ដែល​តាម​ដាន​មើល​រដ្ឋាភិបាល។
រីឯ លោក កឹម សុខា អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ ដែល​តែង​រិះគន់​រដ្ឋាភិបាល​នោះ ក៏​មិន​ខុស​គ្នា​ដែរ គឺ​លោក​យល់​ថា រដ្ឋាភិបាល​ដែល​មាន​បក្ស​តែ​មួយ​ដូច្នេះ គឺ​មាន​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន ចំពោះ​សមាជិក​បក្ស​ជាង​ប្រយោជន៍​ជាតិ។
ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន លោក ជាម យៀប បាន​ជំទាស់ ហើយ​អះអាង​ថា ការ​តាំង​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​អាណត្តិ​នេះ គឺ​ខុស​ពី​អាណត្តិ​មុន ដែល​មន្ត្រី​បក្ស​ប្រជាជន ទាំងអស់​មាន​ជំនឿ​ថា ការ​កែ​ទម្រង់​នឹង​បាន​ជោគជ័យ។
ទាក់ទង​រឿង​កែ​ទម្រង់​នេះ លោក កែម ឡី បញ្ជាក់​ថា គេ​ត្រូវ​ការ​កម្លាំង​ធនធាន​មនុស្ស ថវិកា ពេល​វេលា ដើម្បី​ធានា​ឲ្យ​បាន​ជោគជ័យ ជាពិសេស​យុទ្ធសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​ការ​កែ​ទម្រង់​រួម​ក្នុង​សង្គម ដែល​លោក​បាន​បង្ហើប​បទ​ពិសោធន៍​ខ្លះៗ​ជា​អនុសាសន៍។

លោក កែម ឡី បន្ថែម​ថា រដ្ឋាភិបាល​មាន​ប្រាក់​សម​ល្មម​ក្នុង​ការ​កែ​ទម្រង់ គឺ​ចំនួន ៣​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៣ ដែល​ប្រាក់​នេះ​បាន​មក​ពី​ចំណូល​ថវិកា​ជាតិ ប្រាក់​កម្ចី​បរទេស ប្រាក់​ជំនួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: