ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ័ ទី2 ខែកញ្ញា ឆ្នាំ2013, VoD
ក្រុមយុវជនដើម្បីជាតិខ្មែរ/រូបថតពីហ្វេសប៊ុករបស់លោក សាវ ណាយុត្តពង្ស
យុវជន
ដើម្បីជាតិខ្មែរមួយក្រុម ដែលមានសមាជិកជិត១០នាក់
បាននិពន្ធបទចម្រៀងមួយបទរៀបរាប់ពីកោះត្រល់
ដែលបានបាត់បង់ទៅវៀតណាម ដោយទាមទារកោះត្រល់
ឲ្យរដ្ឋាភិបាលរកដំណោះស្រាយយក កោះត្រល់មកវិញ។
បទចម្រៀងនោះ មានចំណងជើងថា«ឱ!
កោះត្រល់អើយ» ដែលលើកឡើងជាឃ្លាថា«ឱកោះត្រល់អើយ ឃ្លាតអ្នកហើយ
អ្នកនៅនឹកខ្ញុំទេឈរម្នាក់ឯងលើឆ្នេរ អួលក្រៀមក្រំ
តើដល់ពេលណាទើបយើងបានជួបជុំ ចិត្តខ្ញុំនៅនឹកអាល័យ
គ្មានប្រួលប្រែ»។
យុវជន យុវនារីទាំងនោះ
សុទ្ធតែជានិស្សិត មកពីសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ
ដែលមានជំនាញ ទំនាក់ទំនងអន្តរជាតិ ធនាគារ វិស្វករ ពាណិជ្ជកម្ម
និងវិស្វកម្មជាដើម។
លោក សាវ ណាយុត្តពង្ស អាយុ២០ឆ្នាំ
ជាយុវជនម្នាក់ ដែលជាសមាជិកក្រុមយុវជនដើម្បីជាតិខ្មែរ
និងជានិស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
លោកមានប្រសាសន៍ថា បទចម្រៀងនេះ ចង់ជំរុញឲ្យយុវជនខ្មែរ
មានភាពក្លាហ៊ាន ហ៊ាននិយាយពីបញ្ហានយោបាយ ហើយយុវជនរបស់លោក
គឺជាក្រុមគំរូមួយ សម្រាប់យុវជនទាំងនោះ។ លោកបន្តថា បទចម្រៀងនោះ
គ្រាន់តែជាការរៀបរាប់របស់យុវជន
ដែលនឹងស្រណោះនៃការបាត់បង់កោះត្រល់។
លោក សាវ ណាយុត្តពង្ស ស្នើឲ្យរដ្ឋាភិបាលថ្មី ស្វែងរកជំនួយពីអង្គការសហប្រជាជាតិ ទាមទារកោះត្រល់មកវិញ។ លោកបញ្ជាក់ថា៖«នេះជាការបញ្ចេញទឹកចិត្តរបស់យើងខ្ញុំ ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិ ដូច្នេះ យើងមិនបានធ្វើអ្វីខុសច្បាប់ទេ»។
យុវនារីម្នាក់ ដែលជាសមាជិកក្រុម
អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤
ផ្នែកធនាគារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
និយាយសុំមិនបញ្ចេញឈ្មោះថា យើងនិពន្ធបទចម្រៀងនេះ ដោយចង់ឲ្យយុវជន
មានអាយុស្របាលគ្នា ដឹងពីការនឹករលឹកកោះត្រល់។ កញ្ញាបន្តថា៖«បទចម្រៀងផុសចេញពីទឹកចិត្ត គឺនឹកកោះត្រល់ ចង់បានកោះត្រល់មកវិញ ចង់បានកោះត្រល់មកក្លាយជាទឹកដីកម្ពុជាវិញ»។
ក្រៅពីបទចម្រៀងនេះ
ក្រុមយុវជនដើម្បីជាតិខ្មែរ
ក៏បាននិពន្ធបទចម្រៀងមួយបទក្រោមចំណងជើងថា«កូនខ្មែរក្រោកឡើង»
ដោយលើកទឹកចិត្តដល់បងកងទ័ពក្នុងការបំពេញកិច្ចការជួយជាតិ។
ក្រុមយុវជនអះអាងថា ពួកគេ នឹងបន្តសកម្មភាពបែបនេះតទៅទៀត
រហូតដល់ឃើញយុវជនក្លាហាន ធ្វើសកម្មភាពដូចពួកគេ។
ពួកគេបានបដិសេធនឹងការលើកឡើងថា កិច្ចការរបស់ពួកគេ
ប្រឆាំងនឹងរដ្ឋាភិបាល ដោយអះអាងថា នេះជាសិទ្ធិរបស់ពួកគេ
ក្នុងការបញ្ចេញមតិ
ដែលមិនបានញុះញង់ឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាលឡើយ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
លោក រ៉ុង ឈុន ធ្លាប់មានប្រសាសន៍ថា ប្រទេសកម្ពុជាមានសិទ្ធិពេញលេញ
ក្នុងការទាមទារកោះត្រល់មកវិញ ដោយលោកស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ធ្វើសំណើរទៅប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស
ដើម្បីទាមទារ និងប្រគល់កោះត្រល់មកឲ្យកម្ពុជាវិញ ៖ “
ខ្ញុំចង់ឲ្យរដ្ឋាភិបាល ត្រូវលើកបញ្ហាទាំងអស់នេះ
ដាក់ជូនទៅប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រាងទីក្រុងប៉ារីស
ស្តីពីបញ្ហាកម្ពុជា ថ្ងៃ២៣តុលាឆ្នាំ៩១
ពីព្រោះនៅក្នុងកិច្ចព្រមព្រាងក្រុងប៉ារីស
ស្តីពីបញ្ហាកម្ពុជាឆ្នាំ៩១ហ្នឹង បានចង្អុលបង្ហាញច្បាស់
បើសិនយើងជារដ្ឋ ដែលទទួលរងគ្រោះពីបណ្តាប្រទេសជិតខាង
យើងត្រូវលើកបញ្ហាហ្នឹងទៅប្រទេសម្ចាស់ហត្ថលេខី
ហើយក្នុងនាមជាពលរដ្ឋ
បើនៅក្នុងខចែងហ្នឹងយើងមិនអាចលើកបញ្ហាការឈ្លានពានទៅ
ម្ចាស់ប្រទេសហត្ថលេខីបានទេ
មានតែអ្នកដឹកនាំដែលមានសិទ្ធិលើកបញ្ហាទាំងអស់នេះ”។
ពាក់ព័ន្ធនឹងកោះត្រល់នេះ
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានចូលបំភ្លឺក្នុងរដ្ឋសភាថា ការបាត់បង់កោះត្រល់
គឺបាត់តាំងពីឆ្នាំ១៩៣៩មកម្ល៉េះ
នៅពេលដែលកម្ពុជានៅក្រោមអាណានិគមបារាំង ហើយត្រូវបានលោក
Previe(ប្រេវីយេ) ជនជាតិបារាំងជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន
បានកាត់កោះនោះឲ្យវៀតណាម។ លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា
អតីតព្រះមហាក្សត្រ ដែលជាអ្នកដឹកនាំប្រទេសនៅពេលនោះក៏ទទួលស្គាល់ថា
កោះត្រល់ត្រូវបានប្រគល់ឲ្យវៀតណាមដែរ ហើយលោកនាយករដ្ឋមន្ត្រីថា
ប្រសិនបើនរណាចង់ដណ្តើមយកកោះត្រល់វិញទៅដណ្តើមខ្លួនឯងចុះ
លោកមិនទៅចូលរួមទេ ៖
“បន្ទាប់មកនៅឆ្នាំ១៩៦៤ សម្តេចព្រះនរោត្តម សីហនុ
ព្រះប្រមុខរដ្ឋនាពេលនោះ បានយកខ្សែប្រេវីយេឆ្នាំ១៩៣៩
ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយស្នើសុំឲ្យអន្តរជាតិ
និងប្រទេសសាម៉ី
ទទួលស្គាល់ថាជាព្រំដែនសមុទ្ររវាងព្រំដែនកម្ពុជានិងវៀតណាម
ចំណុចចុងក្រោយនេះ មានន័យថា
កម្ពុជាឈប់ទាមទារយកកោះត្រល់មកវិញហើយ“។
ឯកសារបង្ហាញថា កោះត្រល់ ដែលវៀតណាមហៅថា ភូក្វុក (Phu Quoc) មានផ្ទៃដីទំហំ៥៤០គីឡូម៉ែត្រក្រឡា ជិតស្មើនឹងប្រទេសសិង្ហបុរី ដែលមានទំហំ ៥៨១គីឡូម៉ែត្រក្រឡា៕
បទចម្រៀង«ឱ! កោះត្រល់អើយ»
I ដីពណ៍មាស ចាំងជះ នៅលើផ្ទៃគង្គារ
ខ្ញុំកំព្រា ក្នុងដួងចិត្តឯការ បានត្រឹមសម្លឹង នៅជិតកាយ ឆ្ងាយហត្ថា
មិនដឹងថ្ងៃណាវិលវិញទេ !!
II ពពកផាត់ ខ្ញុំយំស្រណោះដីកោះពីដូនតា ឆ្ងាយនេត្រា គ្រាមុនធ្លាប់ថ្នមបី ពង្រាត់អ្នកពីខ្ញុំ កម្ពុជាមានខុសអ្វី ទោះអ្នកប្ដូឈ្មោះថ្មី ខ្ញុំនៅចាំ »!
R ឱកោះត្រល់អើយ ឃ្លាតអ្នកហើយ អ្នកនៅនឹកខ្ញុំទេ
ឈរម្នាក់ឯងលើឆ្នេរ អួលក្រៀមក្រំ តើដល់ពេលណាទើបយើងបានជួបជុំ ចិត្តខ្ញុំនៅនឹកអាល័យ គ្មានប្រួលប្រែ!!
III កុំភ័យឡើយ កោះអើយគង់មានថ្ងៃមួយជួបគ្នាទេ វិលរួមស្នេហ៍
ស្រុកខ្មែរយើងជាថ្មី សូមកុំបារម្ភ កុំកើតទុក្ខ កុំព្រួយភ័យ គង់មានថ្ស្អែកថ្មី ជួបគ្នាទេ ។
II ពពកផាត់ ខ្ញុំយំស្រណោះដីកោះពីដូនតា ឆ្ងាយនេត្រា គ្រាមុនធ្លាប់ថ្នមបី ពង្រាត់អ្នកពីខ្ញុំ កម្ពុជាមានខុសអ្វី ទោះអ្នកប្ដូឈ្មោះថ្មី ខ្ញុំនៅចាំ »!
R ឱកោះត្រល់អើយ ឃ្លាតអ្នកហើយ អ្នកនៅនឹកខ្ញុំទេ
ឈរម្នាក់ឯងលើឆ្នេរ អួលក្រៀមក្រំ តើដល់ពេលណាទើបយើងបានជួបជុំ ចិត្តខ្ញុំនៅនឹកអាល័យ គ្មានប្រួលប្រែ!!
III កុំភ័យឡើយ កោះអើយគង់មានថ្ងៃមួយជួបគ្នាទេ វិលរួមស្នេហ៍
ស្រុកខ្មែរយើងជាថ្មី សូមកុំបារម្ភ កុំកើតទុក្ខ កុំព្រួយភ័យ គង់មានថ្ស្អែកថ្មី ជួបគ្នាទេ ។
----កុំភ័យឡើយ កោះអើយគង់មានថ្ងៃជួបគ្នាវិញទេ
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
2 comments:
The chick standing is cute...
I like the chick sitting down in the middle.
Post a Comment