A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 September 2013

21 NGOs want the two major parties continue to talk to resolve the election dispute peacefully សង្គម​ស៊ីវិល​២១​ស្ថាប័ន​ចង់​ឲ្យ​បក្ស​ធំ​២​បន្ត​ពិភាក្សា​រក​ដំណោះស្រាយ​សន្តិវិធី

ក្រុម​អង្គការ​សង្គម​ស៊ីវិល ២១​ស្ថាប័ន រួម​គ្នា​ផ្ដល់​អនុសាសន៍​ដល់​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​​​​​ទទួល​បាន​ អាសនៈ​ក្នុង​រដ្ឋ​សភា​អាណត្តិ​ទី​៥ ឲ្យ​បន្ត​ជួប​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​វិវាទ​នៃ​ការ​បោះ​​ឆ្នោត​ ដោយ​សន្តិវិធី និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។
ដោយ ដែន អយុធ្យា RFA
2013-09-02
មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ក្រោយ​ទទួល​បរាជ័យ​នៃ​ជំនួប​ពីរ​លើក មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​កំណត់​ពេល​ជួប​ចរចា​ជា​ថ្មី​ទេ។
បន្ទាប់​ពី​ឃើញ​មាន​ការ​ឆ្លើយឆ្លង​លិខិត​ទៅ​វិញ​ទៅ​មក​រវាង​តំណាង​គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា មក ក្រុម​សង្គម​ស៊ីវិល​ចំនួន ២១​អង្គភាព នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា បាន​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្ដល់​​​​អនុសាសន៍​ដល់​មេ​គណបក្ស​ទាំង ​ពីរ ឲ្យ​ឆាប់​បង្កើត​គណៈកម្មការ​នោះ​ឲ្យ​បាន​ឆាប់។
លោក ធន សារាយ ជា​ប្រធាន​សមាគម​អាដហុក (ADHOC) មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​​​អង្គការ​ខុមហ្វែ្រល (Comfrel) ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា ថា បន្ទប់​​ស្ថានការណ៍​នៃ​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ទាំង ២១​អង្គភាព បាន​ផ្ដល់​នូវ​អនុសាសន៍​ជាក់លាក់​ថា ទោះ​បី​មិន​ទាន់​មាន​​ជំនួប​កំពូល​នៃ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ក្តី ប៉ុន្តែ​កាលៈទេសៈ​នេះ គណបក្ស​ទាំង​ពីរ​គួរ​បញ្ជូន​ប្រតិភូ​ជាន់​ខ្ពស់​បន្ត​ជួប​ជជែក​គ្នា​អំពី​ ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​ជា​បន្ទាន់​នេះ ដើម្បី​អង្កេត​ទៅ​លើ​​​​​ភាព​មិន​ប្រក្រតី​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ លទ្ធផល​បោះ​ឆ្នោត។
លោក ធន សារាយ៖ «អ្នក​ដឹកនាំ​នយោបាយ​របស់​យើង​គួរ​តែ​មាន​ការ​អត់ធ្មត់ ហើយ​មាន​ការ​ខិតខំ​មក​រក​ការ​ជជែក​គ្នា​ឲ្យ​បាន​ច្រើន​ជា​អតិបរិមាណ ព្រោះ​ថា នេះ​ជា​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​នូវ​ការ​បញ្ចៀស​បញ្ហា​ដែល​ប្រទូសរ៉ាយ​គ្នា ​តាម​ផ្លូវ​ថ្នល់ ឬ​តាម​ទី​សាធារណៈ​នេះ ដែល​យើង​មិន​ចង់​ឃើញ ពីព្រោះ​ថា ប្រទេស​យើង​មិន​អាច​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​សង្គម នយោបាយ​ជ្រាលជ្រៅ​ថែម​ទៀត ប្រសិន​បើ​នឹង​មាន​បញ្ហា​នេះ​កើត​ឡើង»

សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​ដែល​ស្នើ​បង្កើត​មក​នេះ ត្រូវ​មាន​សមាសភាព​ចូល​រួម​ពី​តំណាង​បក្ស​ប្រជាជន​កម្ពុជា តំណាង​បក្ស​សង្គ្រោះ​​ជាតិ តំណាង​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ជា​អ្នក​សង្កេតការណ៍ និង​អាច​ផ្ដល់​បច្ចេកទេស អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​ស៊ើប​អង្កេត ឬ​ផ្ដល់​របាយការណ៍​​ពី​លទ្ធផល​ស្រាវជ្រាវ និង​អនុសាសន៍ និង​តំណាង គ.ជ.ប ជា​អ្នក​សម្រប​សម្រួល​ការ​ប្រជុំ និង​អ្នក​គាំទ្រ​ផ្ដល់​ព័ត៌មាន និង​ឯកសារ​ពាក់​ព័ន្ធ​ចាំបាច់​ក្នុង​ការ​អង្កេត​ស្រាវ​ជ្រាវ។
ជាង​នេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជា​ជន ត្រូវ​ធ្វើ​ជា​ប្រធាន​​​ប្ដូរ​វេន​នៃ​គណៈកម្មការ​នេះ ហើយ​ជា​អ្នក​សម្រេច​ទំហំ​នៃ​ការ​អង្កេត​ស្រាវជ្រាវ ព្រម​ទាំង​ជា​អ្នក​សម្រេច​យក​អនុសាសន៍​ពី​ការ​អង្កេត​ស្រាវជ្រាវ​ទៅ​ឲ្យ គ.ជ.ប អនុវត្តន៍។
សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ផ្ដល់​ អនុសាសន៍​បន្ទាន់ ឲ្យ​មាន​ការ​អង្កេត​ស្រាវជ្រាវ​ពិសេស​លើ​ភាព​មិន​ប្រក្រតី​ដែល​អាច​នាំ​មក​ នូវ​ការ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ​​ខ្លះ នា​មណ្ឌល​ខេត្ត​កណ្ដាល និង​សៀមរាប។ ជា​ពិសេស​គណបក្ស​នយោបាយ​ទាំង​ពីរ​ក៏​អាច​ពិភាក្សា​អង្កេត​​​ទៅ​​លើ​​ខេត្ត​ មួយ​ចំនួន​ទៀត មាន​ដូច​ជា មណ្ឌល​ខេត្ត​កំពង់ចាម បាត់ដំបង ភ្នំពេញ សៀមរាប កណ្ដាល ក្រចេះ និង ព្រៃវែង ដោយ​យក​ចិត្ត​ទុក​ដាក់​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត និង​ភាព​មិន​ប្រក្រតី​នៃ​ទម្រង់ ១១០២ និង ១១០៨ នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" ជាមួយ​លទ្ធផល​បោះ​ឆ្នោត​ទម្រង់ ១១០៤។
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ជួប​ប្រជុំ​ដើម្បី​រក​ដំណោះ​ស្រាយ​វិវាទ​បោះ​ឆ្នោត​​ចំនួន ២​លើក​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​២០ ខែ​សីហា តែ​មិន​មាន​លទ្ធផល​ទេ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បំភ្លឺ​ចំពោះ​បញ្ហា​វិវាទ​នៃ​លទ្ធផល​បោះ​ឆ្នោត​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា។ ប៉ុន្តែ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ក្រោយ​បរាជ័យ​ពីរ​លើក ក្រុម​ការ​ងារ​របស់​គណបក្ស​ប្រជាជន និង​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​ទេ។ លោក​សាទរ​ចំពោះ​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ផ្តល់​ អនុសាសន៍​ឲ្យ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ បន្ត​ជួប​ចរចា និង​ទាមទារបង្កើត​គណៈកម្ម​ការ​ចម្រុះ​ដើម្បី​អង្កេត​វិវាទ​​នៃ​ការ​ បោះឆ្នោត។
លោក កឹម សុខា៖ «អ៊ីចឹង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​ពិចារណា​ឡើង​វិញ។ បើ​សិន​ជា​ខ្លួន​មិន​ចង់​ឲ្យ​ស្រុក​ទេស​មាន​អស្ថិរភាព មិន​ចង់​ឲ្យ​ស្រុកទេស​មាន​ចលាចល​អី​ទេ បើ​មិន​ចង់​ឲ្យ​ស្រុកទេស​បាត់បង់​នូវ​ជំនួយ​បរទេស​ដើម្បី​កសាង​ប្រទេស​ទេ គឺ​ត្រូវ​តែ​បង្កើត​គណៈកម្មការ​ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត មិន​មែន​រក​យុត្តិធម៌​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ»
​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​លុប​ចោល​គម្រោង​​​​ធ្វើ​​មហា​បាតុកម្ម​អហិង្សា​ វិញ បើ​សិន​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ឆ្លើយ​​តប​​លិខិត​របស់​​បក្ស​សង្គ្រោះ​ជាតិ ដាក់​ជូន​លោក ជា ស៊ីម ​ស្នើ​ឲ្យ​មន្ត្រី​គណបក្ស​ទាំង​ពីរ​បន្ត​ជួប​ចរចា​ដោះស្រាយ​វិវាទ​បោះ​ឆ្នោត កាល​​ពី​ថ្ងៃ​​ទី​២៨ ខែ​សីហា។
​​បញ្ហា​នេះ លោក ជា ស៊ីម ​ក៏​បាន​ចេញ​លិខិត​ឆ្លើយតប​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ដោយ​បាន​​បង្ហាញ​​​​​ឆន្ទៈ​បន្ត​​​ជួប​​ចរចា​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​វិវាទ​​នៃ​ការ​បោះ​ឆ្នោត​នេះ។ ​លិខិត​លោក ជា ស៊ីម ​ផ្ញើ​ជូន​លោក សម រង្ស៊ី បាន​បង្ហាញ​ជំហរ​បន្ត​ជួប​ចរចា​ដោះស្រាយ​បញ្ហា​​សេសសល់​នានា​ ដោយ​ឈរ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ស្មារតី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ ដើម្បី​ធានា​ភាព​សុខសាន្ត​របស់​​​ប្រជាពលរដ្ឋ។
​ត្រង់​ចំណុច​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ចេញ​ទស្សនៈ​ថា ការ​បរាជ័យ​នៃ​ជំនួប​ចរចា​ចំនួន ២​លើក​របស់​គណបក្ស​ទាំង​ពីរ​កន្លង​មក ដោយ​សារ​តែ​មន្រ្តី​បក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង នឹង​រង់ចាំ​យក​លទ្ធផល​ជំនួប​ដាក់​ជូន​ថ្នាក់លើ​ជា​អ្នក​សម្រេច។ បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន ក៏​បាន​ផ្ដល់​អនុសាសន៍​ចង់​ឲ្យ​មាន​ជំនួប​ចរចា​ផ្ដើម​ដោយ​​មេ​ដឹក​នាំ​កំពូល ​គណបក្ស​ទាំង​ពីរ ​ទើប​អាច​ដោះ​ស្រាយ​វិវាទ​បោះឆ្នោត​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: