លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ
លោកនឹងជួបមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក
ខណៈលោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិក
ដើម្បីចូលរួមពិធីមង្គលការកូន។
លោក សម រង្ស៊ី
សរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកគ្រោងជួបមន្ត្រីជាន់ខ្ពស់
នៃអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក New York City
(សហរដ្ឋអាមេរិក) នៅដើមសប្តាហ៍ក្រោយ
ដើម្បីពិគ្រោះពីបញ្ហាបោះឆ្នោតនៅកម្ពុជា។
កន្លងទៅ លោក សម រង្ស៊ី
បានស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិ
ជួយបញ្ជូនអ្នកជំនាញខាងកិច្ចការបោះឆ្នោតមួយក្រុមមកកាន់ប្រទេស
កម្ពុជា ដើម្បីធ្វើជាអ្នកសង្កេតការណ៍
លើការស៊ើបអង្កេតភាពមិនប្រក្រតីដែលបានកើតឡើង ក្នុងការបោះឆ្នោត
ថ្ងៃទី២៨ខែកក្កដា។
លិខិតរបស់ លោកសម រង្ស៊ី
ផ្ញើទៅអង្គការសហប្រជាជាតិ ឲ្យដឹងថា តាមស្មារតី
នៃកិច្ចព្រមព្រៀងក្រុងប៉ារិស ថ្ងៃ២៣តុលា១៩៩១ អង្គការសហប្រជាជាតិ
នៅតែមានកាតព្វកិច្ចជួយពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា
ក្នុងគោលបំណងដើម្បីធានាដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ
ដែលនេះក៏ជាការទទួលខុសត្រូវមួយដែររបស់អង្គការសហប្រជាជាតិ ។
កាលពីថ្ងៃទី០២ខែសីហា
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន
បានជំរុញឲ្យអាជ្ញាធរកម្ពុជា ដោះស្រាយពាក្យបណ្តឹងរបស់គណបក្សនយោបាយ
ដោយត្រឹមត្រូវ និងមានតម្លាភាព។
សេចក្តីថ្លែងការណ៍របស់អង្គការ
សហប្រជាជាតិ ឲ្យដឹងថា ចំពេលដែលមានរបាយការណ៍លើភាពមិនប្រក្រតី
អង្គការសហប្រជាជាតិ ជំរុញឲ្យសមត្ថកិច្ចមានសមត្ថភាព
ដោះស្រាយបណ្តឹងដោយត្រឹមត្រូវ និងមានតម្លាភាព
ជាមួយគោលដៅចុងក្រោយនៃការធានាថា ការបេ្តជ្ញា
និងការគោរពឆន្ទៈរបស់ប្រជាជនកម្ពុជា។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក
កឹម សុខា ធ្លាប់ប្រាប់VODថា ដំណើរទស្សនកិច្ចរបស់ លោក សម រង្ស៊ី
និងភរិយា ទៅកាន់សហរដ្ឋអាមេរិក
ដើម្បីរៀបចំមង្គលការកូនស្រីពៅរបស់លោក
ចំថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនោះ
គឺជាគម្រោងផ្ទាល់ខ្លួនមួយ។
អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី
មានប្រសាសន៍ថា ការស្វែងរកដំណោះស្រាយខាងក្រៅប្រទេសជាជម្រើសល្អហើយ
តែត្រូវតែស្វែងរកការសម្របសម្រួលខាងក្នុងឲ្យបាន ជាមុនសិន។ លោកបន្តថា
ក្នុងករណីចាំបាច់បំផុត ដែលមានការបង្ហូរឈាម
បាតុកម្មធំៗជាបន្តបន្ទាប់យូរអង្វែង
នឹងមានជំនួយពីអង្គការសហប្រជាជាតិជាបន្តបន្ទាប់។
អ្នកវិភាគសង្គម លោក អ៊ូ វីរៈ
សរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បត្តិ៍នេះថា
លោកនៅតែមានជំនឿចិត្តថាគណបក្សប្រជាជនកម្ពុជា និង
គណបក្សសង្គ្រោះជាតិ
អាចត្រឡប់ទៅតុដើម្បីពិភាក្សាអំពីគណៈកម្មការស៊ើបអង្កេតរួមគ្នា
ព្រោះនេះជាផ្នែកមួយដ៏សំខាន់ ដើម្បីដោះស្រាយភាពជាប់គាំង៕
សរសេរទៅកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
- See more at: http://vodhotnews.com/?p=article&id=15243&lang=kh#sthash.HBnigVVy.dpuf
No comments:
Post a Comment