ដោយ៖ ដួង សុខា | ថ្ងៃព្រហស្បតិ ទី1 ខែសីហា ឆ្នាំ2013 | 4 ម៉ោង មុន VOD
គណបក្សសង្គ្រោះជាតិ ប្រកាសជាថ្មីម្តងទៀតថា ខ្លួនទទួលជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា គណបក្សទទួលបានអាសនៈរដ្ឋសភាយ៉ាងតិច៦៣ ដែលលទ្ធផលនេះផ្ទុយពីការប្រកាសរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា លទ្ធផលនេះ គឺយោងតាមការបូកសរុបលទ្ធផលនៃការបោះឆ្នោតពីគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស ដោយមិនគិតពីភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ដែលកើតមានមុន និងក្នុងថ្ងៃបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋរង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌ ដែលគណបក្សកំពុងស្នើឲ្យបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធានាលទ្ធផលពិតប្រាកដនៃការបោះឆ្នោត ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
គួររំលឹកថា ប៉ុន្មានម៉ោងក្រោយការបោះឆ្នោត ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសថាឈ្នះការបោះឆ្នោត។ ប៉ុន្តែ មួយម៉ោងក្រោយមក លោក សម រង្ស៊ី បានកែតម្រូវសេចក្តីថ្លែងការណ៍នេះ ពីការប្រកាសឈ្នះការបោះឆ្នោត មកអបអរការចូលរួមយ៉ាងឱទ្បារិករបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោត។ ចំណែក គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្សព្វផ្សាយពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលខ្លួនបូកសរុប ដោយបង្ហាញថាខ្លួនទទួលបានអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ៕
សូមសរសេរមកកាន់ លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com
No comments:
Post a Comment