- Tuesday, 30 July 2013
- Phnom Penh Post
- លាង ផាន់ណារ៉ា
ភ្នំពេញៈ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច
បានចេញសេចក្តីថ្លែងការណ៍មួយ
ទាមទារឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យមួយ
ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតី
ដែលត្រូវបានកត់សម្គាល់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
អាណត្តិទី ៥ ដែលទើបប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៨
កក្កដាកន្លងទៅនេះ។
លិខិតដែលបានចែកចាយកាលពីម្សិលមិញ
ដោយគ្មានចុះហត្ថលេខារបស់មន្ត្រីគណបក្ស មានតែត្រា បានរៀបរាប់ថា
ដោយសង្កេតឃើញនូវភាពប្រក្រតីដ៏ធ្ងន់ធ្ងរជាច្រើនក្នុងកិច្ចដំណើរ
ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៥ គណបក្ស
ហ៊្វុនស៊ិនប៉ិច សូមប្រកាសពីជំហរហ្មឺងម៉ត់របស់ខ្លួនខាងលើ
ដើម្បីឲ្យសមស្របទៅតាមការទាមទារ
និងឆន្ទៈរបស់ប្រជារាស្ត្រជាម្ចាស់ឆ្នោត។
គណបក្ស ហ៊ុ្វនស៊ិនប៉ិច បង្កើតឡើងដោយអតីតព្រះមហាក្សត្រ
ព្រះបាទនរោត្តម សីហនុ និងបច្ចុប្បន្ន ព្រះរាជបុត្រីពៅរបស់ព្រះអង្គ
ព្រះបាទនរោត្តម អរុណរស្មី ជាព្រះប្រធានគណបក្ស មិនបានទទួលអាសនៈ
សម្រាប់ការបោះឆ្នោតក្នុងអណត្តិនេះទេ។
នេះបើយោងតាមលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត (គ.ជ.ប)។
គណបក្ស ហ៊ុ្វនស៊ិនប៉ិច
ដែលជាដៃគូរក្នុងរាជរដ្ឋាភិបាលចម្រុះរបស់គណបក្សកាន់អំណាច
គណបក្សប្រជាជនកម្ពុជាអស់បីអណត្តិកន្លងមក
បានធ្លាក់ប្រជាប្រិយភាពខ្លួន ដោយសារការបែកបាក់ផ្ទៃក្នុង។
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិ
ក៏បានធ្វើការបដិសេធមិនទទួលស្គាល់លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប
និងបានទាមទារឲ្យបង្កើតគណៈកម្មាធិការចម្រុះក្នុងការស៊ើបអង្កេតពី
ភាពមិនប្រក្រតីនេះផងដែរ ដោយមានគ្រប់ភាគីចូលរួមដូចជា
គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គ.ជ.ប អង្គការសហប្រជាជាតិ
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ទោះជាយ៉ាងណាក្តី គ.ជ.ប
បានប្រកាសថាបញ្ហានេះ ហួសពីសមត្ថកិច្ចរបស់ គ.ជ.ប។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ក៏បានប្រកាសប្រាប់សកម្មជនបក្សខ្លួនថា
នឹងធ្វើបាតុកម្មលើបញ្ហានេះផងដែរ ប្រសិនបើគ្មានដំណោះស្រាយ។
No comments:
Post a Comment