ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា និងជាម្ចាស់ឆ្នោត
បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីចេតនា គំាទ្រការសម្របសម្រួល
ផ្នែកនយោបាយតាម បែបលទ្ធិប្រជាធិបតេយ្យ រវាងថា្នក់ដឹកនាំទំាងអស់ ដើម្បី
រក្សាស្ថិរភាព សុខសន្តិភាពក្នុងប្រទេស បន្ទាប់ពីគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត (គ.ជ.ប) បាន ប្រកាសលទ្ធផលបោះឆ្នោត បណ្តោះអាសន្នរួចមក ។
យោងតាមលិខិត ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួល នៅល្ងាចថ្ងៃទី៣១ ខែកក្កដា
ឆ្នាំ២០១៣ តាមរយៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា
«ក្នុងលទ្ធិប្រជាធិបតេយ្យ ការចាញ់ ឬឈ្នះ បន្ទាប់ពី ការបោះឆ្នោតហើយ
គឺជារឿងធម្មតា ។ គ្មានហេតុផលអ្វី ដែលអ្នកនយោបាយកម្ពុជា ត្រូវភ័យខ្លាច ចំពោះ
លទ្ធផលនៃការបោះឆ្នោតនោះទេ
ប្រសិនបើពួកគេឈរលើមូលដ្ឋានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
សុក្រិត្យភាពនៃការរាប់សន្លឹកឆ្នោត និងតម្លាភាពនៃការបង្ហាញពីលទ្ធផល
នៃការបោះឆ្នោត គឺជាចំណុច សំខាន់ និងរសើបបំផុតសម្រាប់ម្ចាស់ឆ្នោត
និងអ្នកនយោបាយទាំងអស់»។
លិខិតនោះបន្តទៀតថា «ទោះបីជាយើងបានបោះឆ្នោត ឲ្យគណបក្សផ្សេងៗគ្នាក៏ដោយ
សេចក្តីថ្លែងការណ៍ រួមនេះឈរលើជំហរអព្យាក្រឹត្យ មិនប្រកាន់និន្នាការនយោបាយ
និងមិនប្រកាន់ពូជសាសន៍ទេ។ អ្វីដែល យើងខ្ញុំទាំងអស់គ្នាចង់ឃើញ
គឺប្រទេសកម្ពុជាយើង មានសុខសន្តិភាពឯករាជ្យភាព ស្ថិរភាពការបង្រួប បង្រួមជាតិ
លទ្ធិប្រជាធិបតេយ្យពិតប្រាកដ សិទ្ធិមនុស្សសមភាព យុត្តិធម៌សង្គម
និងការអភិវឌ្ឍ សម្រាប់ ប្រជាជនទាំងអស់គ្នាប្រកបដោយចីរភាព"។
ប្រជាពលរដ្ឋកម្ពុជា មិនត្រូវការដំណោះស្រាយ
ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងអំពើហិង្សា
ពីសំណាក់ភាគីណាមួយនោះទេ ។ យើងសង្កេតឃើញថា ឆ្នាំនេះប្រជាពលរដ្ឋ
បានខិតខំប្រឹងប្រែង ចូលរួម ការបោះឆ្នោតទូទាំងប្រទេស ។ ប្រជាពលរដ្ឋមួយចំនួន
ដែលមិនធ្លាប់យកចិត្តទុកដាក់ ពីរឿងនយោបាយ សោះ ក៏បានភ្ញាក់រលឹក
និងយល់ដឹងអំពីឱកាសដ៏មានតម្លៃនេះ ពីព្រោះពួកគេពិតជាយកចិត្តទុកដាក់ និង
ស្រលាញ់ជាតិ ពិតប្រាកដមែន ។
ពេលនេះមិនមែនជាពេល ដែលបក្សនីមួយៗ
ត្រូវប្រកែកប្រណាំងយកឈ្នះឬចាញ់រៀងខ្លួននោះទេ ក៏ប៉ុន្តែ គឺជាពេលវេលាដ៏សំខាន់
ដែលបក្សត្រូវជជែកពិភាក្សាគ្នា អំពីសុខសន្តិភាព ស្ថិរភាព
សុវត្ថិភាពរបស់ប្រជា ពលរដ្ឋ ក៏ដូចជាដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ។
ពាក់ព័ន្ធនឹងការធ្វើសេចក្តីថ្លែងការណ៍រួមនេះដែរ ប្រជាពលរដ្ឋក៏បានសំណូមពរ
ចំនួន ៧ចំណុច ដើម្បីរក្សា ស្ថិរភាព ក៏ដូចជាសុវត្ថិភាពក្នុងប្រទេស
ដោយរួមមាន ៖
ទី១-សូមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចេញសេចក្តីប្រកាសជាបន្ទាន់
មិនអនុញ្ញាតឲ្យបុគ្គល ឬស្ថាប័នណាមួយ
ផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតឬចំនួនអាសនៈថា ចាញ់ ឬឈ្នះទេ ពីព្រោះថា
លទ្ធផលការបោះឆ្នោត និងចំនួនសន្លឹកឆ្នោតមិនទាន់បានផ្ទៀងផ្ទាត់រួចរាល់
ហើយលទ្ធផលបច្ចុប្បន្ន ជា លទ្ធផលបណ្តោះអាសន្ន
មិនទាន់ជាលទ្ធផលផ្លូវការនៅឡើយទេ ។
ទី២-សូមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត រាប់សន្លឹកឆ្នោត
ដោយសុក្រិត្យភាព និងសច្ចភាព និង បូកសរុប
និងប្រកាសពីលទ្ធផលតាមការិយាល័យនីមួយៗ ដោយមានតំណាងពីគ្រប់គណបក្សជាសាក្សី
ដើម្បីបង្កើនតម្លាភាព និងភាពជឿជាក់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ទី៣-សូមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោះស្រាយនូវរាល់បណ្តឹងនានា
ទាក់ទងនឹងភាពមិន ប្រក្រតីនៅមុនពេលអំឡុង
និងក្រោយការបោះឆ្នោតឲ្យបានទាន់ពេលប្រកបដោយយុត្តិធម៌ និងតម្លាភាព។
ទី៤-សូមមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ
មេត្តាជជែកគ្នា ដើម្បីស្វែងរក ដំណោះស្រាយដ៏សមស្រប ដោយឈរលើគោលការណ៍សន្តិភាព
បង្រួបបង្រួមជាតិ និងបន្តកិច្ចសហប្រតិ បត្តិការ ដើម្បីផលប្រយោជន៍ជាតិ
និងប្រជាពលរដ្ឋជាធំ ទោះបីជាលទ្ធផលជាផ្លូវការនៃការបោះឆ្នោតនេះ បង្ហាញថា
គណបក្សណាមួយឈ្នះក៏ដោយ។
ទី៥-សូមកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច
មេត្តាឈរលើជំហរអព្យាក្រឹត្យ និងយកផល ប្រយោជន៍ជាតិមាតុភូមិជាធំ ។
សូមបញ្ចៀសឲ្យបាននូវរាល់អំពើហិង្សា ឬសង្រ្គាមបង្ហូរឈាម ដែលជាទង្វើ
នាំឲ្យវិនាស និងរាំងស្ទះដល់ដំណើរការវិវត្តនៃលទិ្ធប្រជាធិបតេយ្យ
និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ទី៦-សូមបណ្តាញសារព័ត៌មាន ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន និងជំហរអព្យាក្រឹត្យ ក្នុងការផ្សព្វផ្សាយ ព័ត៌មានដល់ប្រជាពលរដ្ឋ ។
ទី៧-សូមប្រជាពលរដ្ឋទាំងអស់ រក្សានូវគោលការណ៍អហិង្សាសកម្ម
និងទុកពេលវេលាឲ្យថ្នាក់ដឹកនាំ និង ស្ថាប័នដែលពាក់ព័ន្ធដោះស្រាយដោយសន្តិវិធី
៕
No comments:
Post a Comment