Phnom Penh Post
មាស សុខជា
សមាជិកគណបក្សសង្គ្រោះជាតិទាំងនេះដែលបានផ្ដាច់ខ្លួនចូលរួមគណបក្សប្រជាជនកាលពីថ្ងៃចន្ទ។ រូបថត ម៉ៃ វីរៈ
កណ្តាលៈ
ក្រុមមន្រ្តីគណបក្សប្រឆាំងបានបញ្ចេញប្រតិកម្មភ្លាមៗ
បន្ទាប់ពីអតីតមន្ត្រីគណបក្សសិទ្ធិមនុស្សប្រចាំខេត្តកណ្តាលម្នាក់
ដែលត្រូវបានបណ្តេញចេញពីបក្ស តាំងពីឆ្នាំ២០០៩
បានប្រើតួនាទីជាមេដឹកនាំគណបក្សសង្គ្រោះជាតិប្រចាំខេត្តកណ្តាល
បច្ចុប្បន្នទៅចុះចូលជាមួយគណបក្សប្រជាជន
ដោយហៅសកម្មភាពផ្តាច់ខ្លួននេះថាជាការរៀបចំឡើង
ដោយគណបក្សកាន់អំណាចដើម្បីបំភាន់មតិសាធារណជន។
លោក អេង ឆៃអៀង តំណាងរាស្រ្តគណបក្សសម រង្ស៊ី និងលោក ភួង សុខា
សមាជិកគណបក្សសិទិ្ធមនុស្ស ដែលជាមេដឹកនាំគណបក្សសង្គ្រោះជាតិ
ប្រចាំខេត្តកណ្តាលបច្ចុប្បន្ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍
កាលពីម្សិលមិញថា លោក ហោល សំនៀង ដែលធ្វើសន្និសីទកាសែត ដោយប្រកាសថា
ខ្លួនជាមេដឹកនាំគណបក្សប្រឆាំងប្រចាំខេត្តកណ្តាល
ហើយបានដឹកនាំសមាជិកទៅចុះចូលជាមួយគណបក្សប្រជាជននោះ
ត្រូវបានលុបឈ្មោះចេញពីគណបក្សសិទ្ធិមនុស្ស ចាប់តាំងពីឆ្នាំ២០០៩
មកដោយសារតែលោក សំនៀង គឺជាមនុស្សបង្កប់របស់គណបក្សប្រជាជន។
លោក ភួង សុខា
ប្រធានគណៈកម្មាធិការប្រតិបតិ្តរបស់គណបក្សសិទិ្ធមនុស្សបានថ្លែងថា៖
«លោកហោល សំនៀង
ជាប្រធានគណៈកម្មាធិការប្រតិបតិ្តរបស់គណបក្សសិទិ្ធមនុស្សនៅក្នុង
ឆ្នាំ២០០៨‑២០០៩។ យើងដឹងថា គាត់ជាមនុស្សរបស់គណបក្សប្រជាជន
យើងបានដកគាត់ចេញចាប់តាំងពីឆ្នាំ២០០៩មក។ បន្ទាប់ពីដកគាត់ចេញ
ខ្ញុំបានធ្វើជាប្រធានចាប់តាំងពីឆ្នាំ២០១០ មក»។ លោក ភួង សុខា
បានចំអកថា មូលហេតុដែលលោក ហោល សំនៀង អះអាងថា
គាត់ជាមេដឹកនាំគណបក្សសិទិ្ធមនុស្ស នៅខេត្តកណ្តាល
ហើយបានរៀបចំសន្និសីទសារព័ត៌មានមុនការបោះឆ្នោតបែបនេះ ព្រោះថា
គាត់ចង់បានផលប្រយោជន៍ពីគណបក្សប្រជាជនកម្ពុជា។
លោក អេង ឆៃអៀង បានថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជា
បានរៀបចំករណីនេះ ដោយប្រមូលមនុស្សមកធ្វើបែបនេះ។ ទោះជាយ៉ាងណា
គណបក្សសង្គ្រោះជាតិមានការគាំទ្រច្រើនពីប្រជាជន។
យើងបានមើលឃើញថា គណបក្សសង្គ្រោះជាតិប៉ុន្មានថ្ងៃនេះ បញ្ជាក់ថា
គណបក្សប្រជាជនកាន់តែចុះខ្សោយ
ដោយជ្រើសយកបុគ្គលដែលគេបណ្តេញចេញមកធ្វើបែបនេះ»។
ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ
នៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញ លោក ហោល សំនៀង
បានប្រាប់អ្នកយកព័ត៌មានថា លោកបាននាំសមាជិកជាង
១០០នាក់នៃគណបក្សសង្គ្រោះជាតិ
ឬគណបក្សសិទិ្ធមនុស្សមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
ដោយសារតែបាត់បង់ទំនុកចិត្តលើគណបក្សប្រឆាំង។
បើទោះបីជាការបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានថា
លោកជាមេដឹកនាំគណបក្សសង្គ្រោះជាតិប្រចាំនៅខេត្តកណ្តាល
បច្ចុប្បន្នក៏ដោយ ក៏ប៉ុន្តែក្រោយមក លោក សំនៀង បានបំភ្លឺប្រាប់
ភ្នំពេញ ប៉ុស្តិ៍ថា លោកទទួលស្គាល់ថា
លោកពិតជាមិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិ
ឬគណបក្សសិទ្ធិមនុស្សទៀតទេ ប៉ុន្តែ ថា
លោកបានលាលែងពីគណបក្សសិទិ្ធមនុស្សនៅក្នុងឆ្នាំ ២០១២
ព្រោះគណបក្សសិទិ្ធមនុស្សមិនយកចិត្តទុកដាក់លើរូបលោក។ លោក
សំនៀងបានបន្តថា៖ «គេមិនដែលហៅខ្ញុំទៅប្រជុំ ខ្ញុំមិនដឹងថា
តើខ្ញុំបានធ្វើខុសអ្វីទេ។ ប្រាក់ខ្ញុំ
ទ្រព្យសម្បត្តិខ្ញុំអស់រលីង។ ខ្ញុំបានសម្រេចចិត្តឈប់»។
លោកបានបន្ថែមថា
លោកបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនមិនមែនដោយសារផល
ប្រយោជន៍ទេ
ប៉ុន្តែចង់រស់នៅក្រោមឆត្ររបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំ
ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានគោលនយោបាយច្បាស់លាស់។
ទាក់ទងនឹងការចោទថា
គណបក្សប្រជាជនជាអ្នករៀបចំសម្រាប់ការផ្តាច់ខ្លួន លោក ទិត្យ សុធា
អ្នកនាំពាក្យអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលស្គាល់ ថា
គណបក្សប្រជាជនពិតជាបានរៀបចំពិធីនេះមែនប៉ុន្តែបានអះអាងថា
មូលហេតុដែលគណបក្សប្រជាជនកម្ពុជាបានរៀបចំពិធីនេះ
ពីព្រោះមានអ្នកផ្តាច់ខ្លួន។
គណបក្សប្រជាជនបានរៀបចំពិធីទទួលអ្នកផ្តាច់ខ្លួនទាំងនោះ។ លោក សុធា
ថា៖ «ដូច្នេះ មានការផ្តាច់ខ្លួនជាបន្តបន្ទាប់
ដោយពួកគេចូលមកមានកាន់កាតសមាជិកគណបក្សប្រឆាំង»៕ TK
No comments:
Post a Comment