រតនគិរីៈ អង្គការមិនមែនរដ្ឋាភិបាលបានឲ្យដឹងថា
ក្រុមហ៊ុនវៀតណាមចំនួនបី ដែលបានកាប់ឈើខុសច្បាប់ ក្នុងខេត្តរតនគិរី
កំពុងតែកាន់កាប់ដីសម្បទានរួម ទំហំ ៣ ម៉ឺនហិកតា ដែលអាចខុសច្បាប់
ដោយសារតែដីសម្បទានទំហំធំនេះជារបស់ក្រុមហ៊ុនតែមួយ។
ឈើជាច្រើនដុំត្រូវបានកាប់បំផ្លាញដោយក្រុមហ៊ុនវៀតណាមនៅខេត្តរតនគិរី។ រូបថត អង្គការអាដហុក
របាយការណ៍ប្រចាំឆ្នាំ២០១២របស់ក្រុមហ៊ុន Hoang Anh Gia Li (HAGL)
ដែលទទួលបានកាលពីសប្តាហ៍មុនបានឲ្យដឹងថា ក្រុមហ៊ុន Hoang Anh
Andong Meas ក្រុមហ៊ុន Hoang Anh Lumphat និងក្រុមហ៊ុន Hoang Anh Ouyadav
គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន HAGL តែមួយ។
ក្រុមអង្គការសិទិ្ធមនុស្ស បានឲ្យដឹងថា ក្រុមហ៊ុន Hoang Anh Andong
Meas ក្រុមហ៊ុន Hoang Anh Lumphat ស្ថិតក្នុងទីជម្រកសត្វព្រៃលំផាត់
កំពុងកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់នោះ។
តាមច្បាប់ភូមិបាលឆ្នាំ២០០១ ចែងថា បុគ្គល
ឬនីតិបុគ្គលដែលគ្រប់គ្រងដោយបុគ្គលតែម្នាក់
មិនអាចកាន់កាប់ដីសម្បទានសេដ្ឋកិច្ចច្រើនជាង ១០០០០ ហិកតាឡើយ
បើទោះបីជាវាកាន់កាប់ដីសម្បទានច្រើនកន្លែងក៏ដោយ។
អង្គការមិនមែនរដ្ឋាភិបាលបាននិយាយពីវប្បធម៌ដែលពាណិជ្ជករបាន
ចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួន ដោយប្រើឈ្មោះអ្នកដទៃទៀត
ជាវិធីរំលោភច្បាប់។
លោក Nicolas Agostini
ជំនួយការបច្ចេកទេសនៅអង្គការសិទិ្ធមនុស្សអាដហុក
បានថ្លែងកាលពីសប្តាហ៍មុនថា៖«នេះដាក់ដូចជាក្រុមហ៊ុនតែមួយដែល
ត្រូវហាមឃាត់។ យើងសន្មតថា
នីតិបុគ្គលផ្សេងគ្នាគឺពិតជាដឹកនាំដោយបុគ្គលតែមួយ
ហើយបង្កើតក្រុមហ៊ុនមួយ»។
«ប្រសិនបើរូបវន្តបុគ្គលម្នាក់មានភាគហ៊ុនក្នុងក្រុមហ៊ុនជាច្រើន
ដែលកាន់កាប់ដីសម្បទានសេដ្ឋកិច្ចសរុបជាង
១០០០០ហិកតានោះគឺខុសច្បាប់
ព្រោះបុគ្គលម្នាក់ទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុននីមួយៗ»។
ក្រុមហ៊ុន HAGL ដែលធ្វើពាណិជ្ជកម្មលើចម្ការកៅស៊ូ ចលនទ្រព្យ រ៉ែ
និងថាមពលវារីអគ្គិសនី បានសរសេរពាក្យស្លោកក្រុមហ៊ុនថា
«ការរួបរួមជាអំណាច»
ហើយត្រូវបានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល Doan Nguyen Duc។
ការហៅទូរស័ព្ទជាច្រើនលើកទៅកាន់ទីស្នាក់ការនៅវៀតណាម
ពុំទទួលបានការអត្ថាធិប្បាយទេខណៈភ្នំពេញប៉ុស្តិ៍ក៏ពុំទទួលបាន
ការឆ្លើយតបតាមអ៊ីមែលនូវសំណួរដែលបានដាក់សួរទៅនោះ។
លោក សេង មុនី តំណាងក្រុមហ៊ុន Hoang Anh Andong Meas បានថ្លែងថា
ក្រុមហ៊ុនលោក ព្រមទាំងក្រុមហ៊ុន Hoang Anh Lumphat និងក្រុមហ៊ុនទី៤ គឺ
Hoang Anh Daun Penh មានម្ចាស់តែមួយ។
លោកបន្តថា៖«ក្រុមហ៊ុនស្ថិតក្រោមក្រុមហ៊ុនធំមួយប៉ុន្តែខ្ញុំ
មិនអាចប្រាប់អ្នកបន្ថែមទៀតអំពីចំណុចនេះទេ
ព្រោះវាមិនមែនជាការងាររបស់ខ្ញុំ»។
ដីសម្បទានរួមគ្នារបស់ក្រុមហ៊ុន Hoang Anh Andong Meas និងក្រុមហ៊ុន Hoang Anh Lumphat គឺមានទំហំប្រហែល ១៨០០០ ហិកតា។
ក្រុមហ៊ុនមានឈ្មោះប្រហាក់ប្រហែលគ្នា ក្នុងនោះមានក្រុមហ៊ុនហៅថា
Hoang Anh Andong Meas
ប្រតិបតិ្តការនៅកន្លែងផ្សេងទៀតក្នុងខេត្តនេះ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុក បានប្រាប់ ភ្នំពេញ
ប៉ុស្តិ៍ ម្តងទៀត កាលពីសប្តាហ៍មុនថា ដើមឈើប្រហែល ១៦០០០ ដើម
ត្រូវបានកាប់ដោយខុសច្បាប់ក្នុងទីជម្រកសត្វព្រៃលំផាត់។
កាលពីសប្តាហ៍មុន មេឃុំក្នុងតំបន់នេះបានចោទប្រកាន់ក្រុមហ៊ុន
Hoang Anh Andong Meas ថានៅពីក្រោយការកាប់ឈើ។ មន្រ្តីក្រុមហ៊ុន
បានច្រានចោលការអះអាងនេះ
ដោយបន្ទោសការកាប់បំផ្លាញឈើនេះលើក្រុមហ៊ុន Hoang Anh Lumphat។
ឈើប្រណីតត្រូវបានរកឃើញនៅខាងក្នុងក្រុមហ៊ុន Hoang Anh Ouyadav
កាលពីខែមុន។
លោក Agostini នៃអង្គការអាដហុក បានថ្លែងថា៖
«ខេត្តរតនគិរីជាខេត្តរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេស
តំបន់អភិរក្សដូចជា លំផាត់។
វាជាតំបន់ដែលកើតមានការកាប់ឈើខុសច្បាប់ខ្លាំង ដូច្នេះ
តំណាងសហគមន៍ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលស្ថិតក្នុងហានិភ័យ
និងទទួលរងការគំរាមកំហែង»។
មេធាវីដែលមានបទពិសោធក្នុងច្បាប់ពាណិជ្ជកម្មនៅកម្ពុជា
បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីចុងសប្តាហ៍មុនថា
ច្បាប់ទាក់ទងដីសម្បទានសេដ្ឋកិច្ចពិបាកនឹងអនុវត្ត។ លោកបន្តថា
វាពិបាកក្នុងការកំណត់ថាតើ
បុគ្គលគ្រប់គ្រងដីសម្បទានក្នុងកម្រិតណាណាស់?ឬថាតើ
ក្រុមហ៊ុនមេអាចគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងកម្រិតណា?
មេធាវីដែលមិនចង់បញ្ចេញឈ្មោះរូបនេះបានថ្លែងថា ម្យ៉ាងទៀត
បុគ្គលអាចចុះហត្ថលេខាផ្ទេរដីសម្បទានប្រគល់ទៅឲ្យអ្នកដទៃទៀតឬ
ផ្ទេរភាគហ៊ុន។
លោក Matthew Rendall ជាដៃគូនៅ Sciaroni & Associates
បានថ្លែងថា ដើម្បីឲ្យក្រុមហ៊ុនមេកាន់កាប់ដីសម្បទានសេដ្ឋកិច្ចជាង
១០០០០ ហិកតា
ក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗត្រូវតែរៀបចំរចនាសម្ព័ន្ធខុសគ្នា។
លោកបានបន្តថា៖«ដើម្បីឲ្យវាស្របច្បាប់
គេត្រូវមានរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន និងអភិបាលខុសគ្នា»។
លោក Rendall បន្តថា
ច្បាប់នឹងជាឧបសគ្គចំពោះការវិនិយោគដោយសារតែដីសម្បទានសេដ្ឋកិច្ច
មានទំហំតូច។ លោកបន្ថែមថា៖
«វាមិនមែនជាច្បាប់ល្អចំពោះពាណិជ្ជកម្មទេ។ ដីទំហំ ១០០០០
ហិកតាធ្វើឲ្យវាពិបាកធ្វើពាណិជ្ជកម្ម»។ លោកបានឲ្យដឹងទៀតថា
ច្បាប់បង្កើតឡើងដើម្បីការពារគ្រួសារ ប៉ុន្តែ
«ប្រសិនបើពួកគេបានកាន់កាប់ វាមិនគួរផ្តល់ឲ្យពួកគេទេ»។
រដ្ឋាភិបាលពុំមានឆន្ទៈបំភ្លឺបញ្ហាថាតើដីសម្បទានដែលផ្តល់ឲ្យក្រុមហ៊ុន HAGL ផ្ទុយនឹងច្បាប់ ឬយ៉ាងណាឡើយ។
លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដី
បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយទេហើយបានបង្វែរសំណួរឲ្យទៅ
ក្រសួងកសិកម្មវិញ។
លោក ចន្ទ តុងអ៊ីវ រដ្ឋលេខាក្រសួងកសិកម្មនិងលោក អ៊ិត នូឌី
អនុរដ្ឋលេខាធិការបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយឡើយ។
មន្រ្តីក្រសួងកសិកម្មម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា
អាជ្ញាធរមិនខ្វល់ទេថាតើ
ក្រុមហ៊ុនជាច្រើនជារបស់ក្រុមហ៊ុនមេតែមួយនោះ។ លោកបានបន្តថា៖
«នោះមិនអីទេ ដរាបណា
ក្រុមហ៊ុនតូចនីមួយៗមិនមានដីសម្បទានសេដ្ឋកិច្ចលើសពី ១០០០០ ហិកតា»។
លោក អៀង វុទ្ធី នាយកអង្គការសមភាពកម្ពុជា បានថ្លែងថា
មានឧទាហរណ៍ជាច្រើននៅទូទាំងកម្ពុជា
ដែលក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនតូចៗ ដើម្បីកេងចំណេញពីច្បាប់។
លោកបន្តថា៖«ក្រុមហ៊ុនជាច្រើនមានដីសម្បទាន ៣-៤ ឬ ៥
ដងលើសពីចំនួនក្នុងច្បាប់កំណត់។ វិធីដែលពួកគេធ្វើបានបែបនេះ
គឺគេបង្កើតក្រុមហ៊ុនតូចៗដែលមានម្ចាស់តែម្នាក់»។
លោក វុទ្ធី បានបន្តថា លោកមិនដឹងអំពីស្ថានការណ៍ជុំវិញក្រុមហ៊ុន
HAGL ទេ ប៉ុន្តែលោកថា
រដ្ឋាភិបាលចាំបាច់ត្រូវពិនិត្យលើដីសម្បទានទាំងអស់។លោកបានឲ្យ
ដឹងទៀតថា៖ «នៅខេត្តឧត្តរមានជ័យក៏អ៊ីចឹងដែរ
គឺក្រុមហ៊ុនថៃមានក្រុមហ៊ុន ៣។ ក្រុមហ៊ុននីមួយៗមាន ៧០០០ ឬច្រើនជាង
៧០០០ ហិកតា។ ដីសម្បទានមួយជារបស់អភិបាល មួយ ជារបស់អ្នកគ្រប់គ្រង។ល។
តាមខ្លឹមសារមូលដ្ឋាន វាជាក្រុមហ៊ុនតែមួយ»។
លោក Agostini បានថ្លែងថា អង្គការអាដហុក
នឹងបន្តអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យដីសម្បទានសេដ្ឋកិច្ចដែលមាន
ស្រាប់នៅទូទាំងប្រទេស។
លោកបានថ្លែងទៀតថា៖«ចំពោះក្រុមហ៊ុនដែលមិនគោរពតាមលក្ខខណ្ឌ
កិច្ចការ ឬច្បាប់ជាមូលដ្ឋានដីសម្បទានសេដ្ឋកិច្ចគួរលុបចោល»៕ TK
No comments:
Post a Comment