A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 30 April 2013

10,000 garment workers to march to the parliament on Labour Day to petition for a pay increase កម្មករ​ប្រមាណ​១​ម៉ឺន​នាក់​ត្រៀម​ហែ​ក្បួន​នៅ​ថ្ងៃ​១ ឧសភា

កម្មករ​កម្មការិនី​ប្រមាណ ១​ម៉ឺន​នាក់ បាន​ត្រៀម​លក្ខណៈ​ចូល​រួម​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋ​សភា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ជា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ។
ដោយ ខែ សុណង RFA
2013-04-29
កម្មករ ៣០៥
២៥-កក្កដា-២០១០: កម្មករ​កម្មការិនី​​​ជួប​​ជុំ​គ្នា​ធ្វើ​វេទិកា​សាធារណៈ​មួយ​នៅ​ខាង​មុខ​ រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​បាន​ពី ៧៥ ទៅ ៩៣​ដុល្លារ​ក្នុង​មួយ​ខែ។
RFA/Tin Zakariya
គម្រោង​ជួបជុំ​គ្នា​នេះ មេ​ដឹកនាំ​សហជីព​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​នៅ​ពាក់​កណ្ដាល​ ខែ​មេសា ទើប​តែ​មាន​ការ​ឆ្លើយតប​ពី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ក្រុម​កម្មករ​ជួប​ជុំ​គ្នា​វិញ។
សង្គម​ស៊ីវិល និង​មន្ត្រី​សហជីព​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករ​ក្នុង ​វិស័យ​កាត់​ដេរ នៅ​ថ្ងៃ​ទី​២៩ មេសា បាន​ស្វាគមន៍​ចំពោះ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ញើ​លិខិត​ផ្លូវការ​អនុញ្ញាត​ឲ្យ​កម្មករ​រៀបចំ​ហែ​ក្បួន ថ្ងៃ​១ ឧសភា ជា​ទិវា​ពលកម្ម​អន្តរជាតិ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៥០​ដុល្លារ​ក្នុង​មួយ​ខែ។
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ដែល​ជា​មេដឹកនាំ​គម្រោង​ជួបជុំ​កម្មករ​បាន​ថ្លែង​ថា លោក​បាន​ទទួល​លិខិត​ត្រឡប់​ពី​សាលា​រាជធានី វិញ នៅ​ថ្ងៃ​ទី​២៩ មេសា ដែល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករ​ហែ​ក្បួន បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​១១ មេសា។
លោក​ថា នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្មករ សំណើ​របស់​ពួកគេ​នឹង​ទៅ​ដល់​រដ្ឋាភិបាល៖ «ខ្ញុំ​គិត​ថា នេះ​ជា​ព័ត៌មាន​មួយ​ដ៏​ល្អ​សម្រាប់​សហជីព​យើង ដោយសារ​តែ​បាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​យើង​រៀបចំ​ហែ​ក្បួន​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ព្រោះ​ជា​ទូទៅ​នៅ​ពេល​ដែល​ឧទាហរណ៍​ថា មិន​ត្រូវ​បាន​អនុញ្ញាត​ពេល​នោះ យើង​នឹង​បង្ខំ​ចិត្ត​ធ្វើ អាច​ថា​នឹង​កើត​មាន​អំពើ​ហិង្សា ឬ​ក៏​វា​អាច​មាន​បញ្ហា​អី​កើត​ឡើង តែ​ពេល​នេះ គឺ​ថា វា​ជា​ពេល​មួយ​ដ៏​ល្អ ព្រោះ​យើង​បាន​ធ្វើ​បាន​ហែ​ក្បួន»

លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ មេសា ដែល​ចុះ​ហត្ថលេខា​របស់​អភិបាល​រាជធានី លោក កែប ជុតិមា ផ្ញើ​មក​បណ្ដា​សហភាព សហព័ន្ធ​សហជីព និង​សមាគម បាន​សរសេរ​ថា យោង​តាម​ការ​ឯកភាព​ពី​ក្រសួង​មហាផ្ទៃ សាលា​រាជធានី​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​កម្មវិធី​នេះ ដែល​សហជីព​បាន​ស្នើ​សុំ​ហែ​ក្បួន​ថ្ងៃ​១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១២៧។ ប៉ុន្តែ​ការ​ឆ្លើយតប​នេះ មិន​បាន​បំពេញ​បំណង​ទាំង​ស្រុង​របស់​សហជីព​នោះ​ទេ ពោល​គឺ​ទីកន្លែង​ត្រូវ​ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​សាលា​រាជធានី។
លិខិត​ដដែល​បាន​តម្រូវ​ឲ្យ​កម្មករ ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ដង្ហែ​តាម​ផ្លូវ​លេខ ១០៨ ធ្វើ​ដំណើរ​ត្រង់​បត់​ស្ដាំ តាម​វិថី​ព្រះស៊ីសុវត្ថិ ឆ្ពោះ​ទៅ​វិមាន​រដ្ឋសភា ដោយ​ឆ្លង​កាត់​រង្វង់​មូល​សម្ដេច​សង្ឃរាជ ជួន ណាត ប្រគល់​ញត្តិ​រួច​រំសាយ។
ទាក់​ទង​បញ្ហា​នេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា នៅ​តែ​រិះគន់​ថា ការ​អនុញ្ញាត​របៀប​នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​សេរីភាព​នៃ​ការ​ជួបជុំ សេរីភាព​ក្នុង​ការ​ធ្វើ​កូដកម្ម បាតុកម្ម​ដោយ​សន្តិវិធី​ដើម្បី​សម្ដែង​មតិ​ជា​សន្តិភាព នៅ​មាន​ការ​រឹត​ត្បិត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​ដដែល។
លោក មឿន តុលា៖ «ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោកស្ដាយ​របស់​យើង គឺ​ទោះ​បី​ជា​មាន​ការ​អនុញ្ញាត​ហ្នឹង​ក៏​ដោយ។ ទី​១ គឺ​ការ​ដើរ​ហ្នឹង គឺ​ឲ្យ​ចេញ​ពី​មនុស្ស​ម្នា​ឲ្យ​ឃើញ​ច្រើន​ទៅ​ជា​កន្លែង​ផ្លូវ​ដែល​ស្ងាត់​ មនុស្ស​ម្នា​មិន​សូវ​បាន​មើល​ឃើញ។ ទី​២ បន្ថយ​នូវ​ចំនួន​មនុស្ស​ពី​សហជីព​គ្រោង ២​ម៉ឺន ហើយ​សាលា​ក្រុង​ឲ្យ​តែ ១​ម៉ឺន​ទេ។ ទោះ​បី​ជា​មាន​ការ​អនុញ្ញាត​ហ្នឹង​ក៏​ដោយ ក៏​ប៉ុន្តែ​យើង​ឃើញ​ទី​១ កំណត់​ទី​តាំង​ដើរ ទី​២ បន្ថយ​ចំនួន​មនុស្ស​ចូល​រួម»
សហភាព​សហព័ន្ធ​សហជីព និង​សមាគម មាន​ផែនការ​ជួបជុំ​កម្មករ​កម្មការិនី​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក រួច​ហែ​ក្បួន​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទៅ​កាន់​រដ្ឋសភា ដើម្បី​ប្រគល់​ញត្តិ​ទៅ​អ្នក​តំណាងរាស្ត្រ។ ញត្តិ​ដែល​បំណង​ស្នើ​សុំ​ដំឡើង​ប្រាក់​បៀវត្សរ៍​យ៉ាង​ហោច​ណាស់ ១៥០​ដុល្លារ​ដល់​កម្មករ សម្រាប់​មន្ត្រី​រាជការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១​លាន​រៀល ស្នើ​ឲ្យ​ក្រុមហ៊ុន​ដាក់​តម្កល់​ប្រាក់​នៅ​ធនាគារ​ជាតិ​ដើម្បី​ទុក​បើក​ឲ្យ​ កម្មករ​នៅ​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ​រោងចក្រ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ​ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: