ដោយ អ៊ុក សាវបូរី
2013-01-10 RFA
មន្ត្រីរាជការថ្នាក់មូលដ្ឋានគ្រប់គណបក្សនយោបាយ
ត្រូវអង្គភាពប្រឆាំងអំពើពុករលួយតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិនៅ
ក្នុងពេលកាន់តំណែង ក្នុងឆ្នាំ២០១៣ នេះ។
ប៉ុន្តែក្រដាសពាក្យសុំបំពេញលិខិតស្នើសុំ
ដើម្បីប្រកាសទ្រព្យសម្បត្តិនោះ
ត្រូវមន្ត្រីរដ្ឋបាលសាលាស្រុកមួយចំនួនក្នុងខេត្តកំពត
ទារប្រាក់ក្នុងមួយច្បាប់ថ្លៃ ១ម៉ឺនរៀល។
មន្ត្រីរាជការនៅខេត្តកំពត ប្រតិកម្មចំពោះការទារលុយ
១ម៉ឺនរៀលថ្លៃក្រដាសទម្រង់ប្រកាសទ្រព្យសម្បត្តិ
ដែលមន្ត្រីរាជការត្រូវបំពេញឲ្យអង្គភាពប្រឆាំងអំពើពុករលួយសម្រាប់
ឆ្នាំ២០១៣ នេះ។
សមាជិកក្រុមប្រឹក្សាស្រុកឈូក លោក នុត ពេជ ថ្លែងនៅថ្ងៃទី៩ មករា ថា
ប្រាក់ ១ម៉ឺនរៀលនោះ គាត់មិនទាន់បង់នៅឡើយ
តែគាត់នឹងបណ្ដាក់ទៅរដ្ឋបាលសាលាស្រុកឈូក នាពេលខាងមុខ៖ «ថា
រាល់ថ្ងៃសរសេរដើម្បីបំបាត់អំពើពុករលួយ
ហើយចុះបើទារថ្លៃក្រដាសប៉ុណ្ណឹង មា្នក់ ១ម៉ឺនរៀល
ខ្ញុំវាឆ្ងល់ត្រង់ហ្នឹងដែរ»។
ជំទប់ទី១ ឃុំត្រពាំងរាំង លោក ហ៊ុយ ខេង ថ្លែងថា
នៅពេលគាត់យកពាក្យស្នើសុំប្រកាសទ្រព្យសម្បត្តិ
ទៅដាក់នៅសាលាស្រុកជុំគីរី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៣
ខាងរដ្ឋបាលសាលាស្រុកបានទារយកប្រាក់ពីគាត់ ១ម៉ឺនរៀល។
គាត់បានបង់ឲ្យគេហើយ ព្រោះមិនដឹងថាប្រាក់
១ម៉ឺនរៀលនោះទារយកទៅធ្វើអ្វីទេ៖ «ពីលើមក គេឲ្យបង់ម្នាក់ ១ម៉ឺនរៀលដើម្បីថ្លៃឯកសារគេ ហើយខ្ញុំមិនដឹងតវ៉ាយ៉ាងម៉េច បើគេថាអីចឹង»។
ក្រុមប្រឹក្សាស្រុកជុំគីរី លោក ស៊ីន ទន់ ថ្លែងថា កាលពីថ្ងៃទី៣០
ខែធ្នូ ឆ្នាំ២០១២ មន្ត្រីរដ្ឋបាលសាលាស្រុកជុំគីរី
បានឲ្យគាត់បង់ប្រាក់
១ម៉ឺនរៀលជាថ្នូរនឹងការទទួលបានក្រដាសបំពេញពាក្យសុំប្រកាស
ទ្រព្យសម្បត្តិ។ គាត់មិនទាន់បង់ទេ
ព្រោះនៅអង្គភាពប្រឆាំងអំពើពុករលួយ កំពុងកាត់បន្ថយអំពើពុករលួយ
បែរជាមានមន្ត្រីនៅសាលាស្រុកទារយកលុយ ១ម៉ឺនរៀលម្នាក់
បានគាត់អល់អែកក្នុងការបង់លុយនោះ៖ «វាចូលបទពុករលួយហើយ ព្រោះវាមិនត្រូវទារអីដល់ថ្នាក់ហ្នឹង»។
បដិសេធន៍ទៅនឹងការលើកឡើងនោះ
ប្រធានការិយាល័យរដ្ឋបាលសាលាស្រុកឈូក ខេត្តកំពត លោក ឡុង ទូច ថ្លែងថា
រដ្ឋាភិបាលពុំមានគោលការណ៍ឲ្យយកប្រាក់ពីមន្ត្រីដែលនឹងត្រូវ
ប្រកាសទ្រព្យសម្បត្តិនោះទេ។
ប៉ុន្តែសកម្មភាពទារយកប្រាក់យ៉ាងណានោះ
ជាការងាររបស់មន្ត្រីរដ្ឋបាលរង ជាអ្នកគ្រប់គ្រងឯកសារនោះ៖ «ចំពោះ
ខ្ញុំ ការិយាល័យរដ្ឋបាលនេះអត់មានទាក់ទិននឹងឯកសារនេះទេ
ព្រោះអីគេប្រគល់ទៅនាយករង។ ចំពោះថវិកានេះ
គឺគ្មានគោលការណ៍ត្រូវយក គឺអត់ អត់មានគោលការណ៍កំណត់យក
គឺអត់យកទេ»។
ក្រុមប្រឹក្សាស្រុកឈូក លោក ប៉ែន ស៊ុយរីតា ថ្លែងថា
ពិតជាមានមន្ត្រីរដ្ឋបាលនៅសាលាស្រុកឈូក ទារយកប្រាក់
១ម៉ឺនរៀលពីគ្រប់មន្ត្រីដែលនឹងត្រូវប្រកាសទ្រព្យសម្បត្តិមែន។
លោកថា ការទារលុយនោះទំនងជាសងថ្លៃក្រដាសដែលកូពី (ថតចម្លង)
និងថ្លៃស្រោមសំបុត្រដែលនឹងវេចខ្ចប់ឯកសារផ្ញើទៅអង្គភាពប្រឆាំង
អំពើពុករលួយ។ ទោះជាយ៉ាងណា លោកគិតថាជាអំពើពុករលួយ ព្រោះអ្នកសូក
និងអ្នកទទួលសំណូក ត្រូវមានទោសដូចគ្នា៖ «សុំលុយ គេថាសុំលុយ
១ម៉ឺនមែន។ ប៉ុន្តែចំពោះខ្ញុំៗអត់មានបានឲ្យទេ
ថាឲ្យក៏ខ្ញុំអត់ថា អាមិនក៏ខ្ញុំអត់ថា។ ខ្ញុំដាក់ហើយ
ខ្ញុំផ្ដិតមេដៃហើយ ខ្ញុំដើរចេញមក»។
មន្ត្រីក្រុមប្រឹក្សាស្រុកជុំគីរី ឲ្យដឹងថា
ប្រសិនបើរដ្ឋបាលទារបានម្នាក់ ១ម៉ឺនរៀលក្នុងឯកសារ ១ច្បាប់នោះ
មន្ត្រីក្រុមប្រឹក្សាឃុំក្នុងស្រុកជុំគីរី មាន ៤១នាក់
និងមន្ត្រីក្រុមប្រឹក្សាស្រុកជុំគីរី មាន ១៥នាក់ សរុប ៥៦នាក់
នាំឲ្យរដ្ឋបាលសាលាស្រុកនឹងទទួលបាន ៥៦ម៉ឺនរៀល។ លោកគិតថា
ប្រាក់ទារឲ្យមន្ត្រីក្រុមប្រឹក្សា ឃុំ ស្រុក
ដែលចាំបាច់ត្រូវប្រកាសទ្រព្យសម្បត្តិបង់លុយនោះ
ស្ថិតក្នុងមន្ទិលសង្ស័យ
ដែលគួរតែអង្គភាពប្រឆាំងអំពើពុករលួយតាមរក
ថាតើគេយកលុយនោះទៅធ្វើអី។
ពាក់ព័ន្ធបញ្ហានេះ វិទ្យុអាស៊ីសេរី
មិនទាន់អាចទាក់ទងអង្គភាពប្រឆាំងអំពើពុករលួយ
ជម្រាបសួរព័ត៌មានបានភ្លាមៗទេ នៅថ្ងៃទី៩ ខែមករា៕
No comments:
Post a Comment