ប្រាសាទតាមាន់ ដែលស្ថិតនៅជាប់ព្រំដែនខ្មែរ-ថៃ
ត្រូវចាត់ទុកជាតំបន់ដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរសំខាន់
មួយរបស់ខេត្តឧត្តរមានជ័យ។
ប៉ុន្តែមកដល់ពេលនេះ តំបន់ប្រាសាទបុរាណខ្មែរនៅតំបន់ព្រំដែន
នៅតែពុំអាចទាក់ទាញភ្ញៀវទេសចរបាននៅឡើយ
ខណៈសង្គ្រាមដណ្ដើមកាន់កាប់ប្រាសាទតាមាន់ពីសំណាក់ភាគីថៃ
នៅមិនទាន់អាចដោះស្រាយបានទាំងស្រុង។
តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទតាមាន់ ក្នុងស្រុកបន្ទាយអំពិល
ខេត្តឧត្តរមានជ័យ នៅតែខ្សត់ភ្ញៀវទេសចរចូលទៅទស្សនា
នៅពេលដែលកងទ័ពខ្មែរ-ថៃ
នៅតែបន្តត្រៀមប្រយុទ្ធក្នុងជម្លោះដណ្ដើមកាន់កាប់ប្រាសាទនេះពី
សំណាក់ភាគីថៃ។
មេបញ្ជាការរងកងវរសេនានៃកងពលលេខ៤២ ឈរជើងនៅប្រសាទតាមាន់
លោក សៅ ជិន មានប្រសាសន៍ថា
ចំនួនអ្នកទេសចរដែលចូលមកទស្សនាប្រាសាទតាមាន់ បានថយចុះរហូត
បើគិតចាប់តាំងពីមានការផ្ទុះអាវុធនៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ
ក្នុងខេត្តឧត្តរមានជ័យ ជាពិសេសគឺនៅប្រាសាទតាមាន់ នេះ កាលពីខែមេសា
និងឧសភា ឆ្នាំ២០១១ មក។
លោកមេបញ្ជាការរង សៅ ជិន
បានបញ្ជាក់ពីស្ថានភាពនៅលើប្រសាទតាមាន់ ថា មកដល់ពេលនេះ
រៀងរាល់ថ្ងៃ ភាគីទាំងពីរ ខ្មែរ-ថៃ
នៅតែបន្តដាក់កម្លាំងទ័ពរួមគ្នានៅលើប្រាសាទចំនួន ៧នាក់
និងមាននគរបាលការពារព្រំដែន ២នាក់
ហើយកម្លាំងទាំងអស់ត្រូវមានវត្តមាននៅលើប្រាសាទចាប់ពីម៉ោង
៧ព្រឹក ដល់ម៉ោង ៣រសៀល។
លោក សៅ ជិន៖ «ប្រៀបធៀបពីឆ្នាំមុនៗ
ឆ្នាំនេះអត់សូវច្រើនប៉ុន្មានទេ។ កាលពីឆ្នាំមុនៗ
ពីយើងអត់ទាន់ជម្លោះព្រំដែនហ្នឹង គាត់មកច្រើន។ ដល់ពេលអីចេះ
គាត់អត់សូវមកទេ មកតិចណាស់។ មកតិច គិតទៅជាង ១ឆ្នាំហើយ
តាំងពីវ៉ៃគ្នា។ កាលអត់ទាន់វ៉ៃគ្នា គាត់មកច្រើនអ្នកស្រុក»។
ក្រៅពីការដាក់កម្លាំងរួមគ្នានៅលើប្រាសាទ
ម៉ោងពេលដែលអ្នកទេសចរត្រូវចូលទៅទស្សនាប្រាសាទនេះ
ក៏ត្រូវកំណត់តាមរយៈការពិភាក្សាគ្នារវាងភាគីទាំង២។
បើទោះជាមានការលើកឡើងថាខ្សត់អ្នកទេសចរពីភាគីកម្ពុជា
ក៏គេអាចឃើញអ្នកទេសចរថៃ ចូលមកទស្សនាញឹកញាប់
ជាពិសេសសិស្សសាលាដែលចូលមកទស្សនាជាក្រុមៗ។
ការមកទស្សនារបស់សិស្សសាលាថៃ គឺពី ២ទៅ ៣ដងក្នុងខែ។
ទាហានខ្មែរម្នាក់ដែលកំពុងប្រចាំការនៅលើប្រាសាទតាមាន់ លោក យិន
ចាន់ អោយដឹងថា ទាំងភ្ញៀវទេសចរដែលចូលពីទឹកដីខ្មែរ
និងពីខាងទឹកដីថៃ
ត្រូវនាំឡើងទៅប្រាសាទដោយសមត្ថកិច្ចដែលកំពុងប្រចាំការ។ លោក យិន
ចាន់ អោយដឹងដែរថា ភ្ញៀវដែលឡើងពីខាងថៃ
អាចទស្សនាប្រសាទបានងាយស្រួលជាង ចំណែកភ្ញៀវពីខាងខ្មែរ
គឺត្រូវទាហានថៃ ហាមប្រាមនៅតាមកន្លែងមួយចំនួន។
លោក យិន ចាន់៖ «ពីមុន យើងចូលបានច្រើន។
ឥឡូវម៉ោយើងចូលអត់បានទេ បានតែជុំវិញដូចគ្នា។ ពេលទៅមុខទៀត
យើងអាចចូលទៅខាងមុខបានទៀត ហើយអាចមើលបានដូចគ្នា។ យើង
គេនាំដើរអីចឹង គឺគេមកអីចឹង កុំអោយដើរហួស ដែលយើងអាចចូលទៅបាន។
គេម៉ោក៏គេនាំចូលទៅ គេត្រូវប្រាប់កន្លែងណាដែលយើងមិនអោយចូល
យើងក៏ដូចគ្នា»។
នៅជុំវិញប្រាសាទតាមាន់ ទាំងក្នុងទឹកដីខ្មែរ និងថៃ
គេអាចមើលឃើញខ្សែត្រៀមប្រយុទ្ធរបស់កងទ័ព ក្នុងនោះភាគីខ្មែរ
បានដាក់នៅចម្ងាយប្រហែល ១០០ម៉ែត្រពីខឿនខាងមុខ ឬខាងកើតប្រាសាទ។
ចំណែកទ័ពថៃ គឺដាក់ខ្សែត្រៀមនៅជាប់នឹងខឿនស្ទើរជុំវិញប្រាសាទ។
ជាមួយគ្នានេះ កងទ័ពថៃ
ក៏បានដាក់ឧបករណ៍ថតរូបស្វ័យប្រវត្តិនៅតាមចុងដើមឈើមួយចំនួននៅ
តាមខ្សែត្រៀម ដើម្បីមើលសកម្មភាពទាំងឡាយនៅលើប្រាសាទ។
យ៉ាងនេះក្ដី កងទ័ពខ្មែរដែលឈរជើងនៅប្រាសាទតាមាន់
បានរំពឹងទុកថា
ស្ថានការណ៍នៅលើប្រាសាទនេះនឹងបានកាន់តែប្រសើរជាងនេះ
ប្រសិនបើក្រុមការងារដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរអាច
ឈានដល់ការចរចាបញ្ចប់ជម្លោះព្រំដែន
ដែលលើសពីការចរចាដើម្បីសម្រួលកម្លាំងទ័ពដូចពេលបច្ចុប្បន្ន៕
No comments:
Post a Comment