A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 18 November 2012

The Conctitutional Council upheld the National Election Committee's decision to delete Sam Rainsy's name from the electoral roll ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប

ដោយ វណ្ណ វិចារ 2012-11-17 RFA

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា សម្រេច​ឲ្យ​គណបក្ស សម រង្ស៉ី ចាញ់​ក្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ករណី​បណ្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល ដែល​គណបក្ស សម រង្ស៉ី អះអាង​ថា​ជា​ជន​ជាតិ​វៀតណាម។

RFA/Leng Maly
២៦-មករា-២០១១ ៖ នគរបាល​មួយ​រូប​ឈរ​យាម​ក្បែរ​ច្រក​ទ្វារ​ចូល​អាគារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៅ​ក្រុង​ភ្នំពេញ។
គ.ជ.ប យល់​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជា​ការ​ផ្តល់​យុត្តិធម៌​ជូន គ.ជ.ប ក៏ប៉ុន្តែ គណបក្ស សម រង្ស៉ី បាន​ហៅ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ថា​ជា​រឿង​គួរ​ឲ្យ​ សោក​ស្ដាយ។
បន្ទាប់​ពី​បើក​សវនាការ​ជា​សាធារណៈ​អស់​រយៈពេល​ជិត ៤​ម៉ោង​នៅ​ថ្ងៃ​ទី១៧ វិច្ឆកា ក្រុម​ជំនុំ​ជម្រះ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​សម្រេច​ច្រាន​ចោល​ បណ្ដឹង​គណបក្ស សម រង្ស៉ី ដែល​ប្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន ៩១​នាក់ នៅ​ឃុំ​ចំនួន​៣ គឺ​លើកដែក ព្រែកថ្មី និង​ពោធិបាន ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល។ ការ​សម្រេច​នេះ​ត្រូវ​បាន​តំណាង​គណបក្ស សម រង្ស៉ី សម្ដែង​ការ​មិន​ពេញ​ចិត្ត។
នៅ​ក្នុង​សវនាការ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តំណាង​គណបក្ស សម រង្ស៉ី ខេត្ត​កណ្ដាល លោក តុល ប្រាសាទ ទាម​ទារ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទាំង ៩១​នាក់ រស់​នៅ​ខេត្ត​កណ្ដាល ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ព្រោះ​ពួក​គេ​ជា​ជន​ជាតិ​វៀតណាម ព្រោះ​តែ​ពលរដ្ឋ​ទាំង​នោះ​និយាយ​ភាសា​វៀតណាម មើល​ទូរទស្សន៍​វៀតណាម និង​ស្លៀកពាក់​តាម​បែប​វៀតណាម។
លោក តុល ប្រាសាទ បញ្ជាក់​នៅ​ក្រៅ​សវនាការ​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ប្រការ​មួយ​គួរ​ឲ្យ​សោក​ស្ដាយ និង​រន្ធត់​ចិត្ត​បំផុត។ លោក​បន្ត​ថា គណបក្ស សម រង្ស៉ី អាច​នឹង​ប្ដឹង​ទៅ​កាន់​តុលាការ​វិញ​ម្តង ចំពោះ​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់៖ «ជន​ជាតិ​យួន ទាំង​អស់​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ទេ ព្រោះ​បើ​យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ​កន្លង​ទៅ មិន​មាន​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះករុណា​ទេ ហើយ​ក៏​មិន​មាន​ការ​ដាក់​ពាក្យ​សុំ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែរ»
លោក តុល ប្រាសាទ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី គិត​ថា​អ្នក​ទាំង ៩១​នាក់ មិន​អាច​ផ្លាស់​ប្ដូរ​លទ្ធផល​បោះ​ឆ្នោត​បាន​ទេ ប៉ុន្តែ​ជា​ទិដ្ឋភាព​នយោបាយ​មួយ​ដែល​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​មិន​សុខ​ចិត្ត​ឲ្យ​ជន​បរទេស​សម្រេច​ជោគ​វាសនា​មេ​ដឹកនាំ​របស់​ ខ្លួន​ឡើយ។
ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ម៉ៅ សុធារិទ្ធិ ពន្យល់​ថា ការ​និយាយ ការ​ស្លៀក​សំលៀកបំពាក់ ការ​មើល​ទូរទស្សន៍ ជា​របៀប​វៀតណាម មិន​មែន​បាន​ន័យ​ថា​ពលរដ្ឋ​ទាំង​នោះ​ជា​ជន​ជាតិ​វៀតណាម នោះ​ទេ។ លោក​បន្ត​ថា គ.ជ.ប សម្រេច​ឲ្យ​រក្សា​ទុក​ឈ្មោះ​ពលរដ្ឋ​ទាំង ៩១​នាក់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត មក​ពី​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​អន្តោប្រវេសន៍ ពួក​គេ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជា​យូរ​មក​ហើយ។
លោក​បន្ត​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​រក្សា​ការ​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការងារ​ដោយ​ត្រឹម​ត្រូវ និង​ឯករាជ្យ៖ «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការ​តាម​គតិយុត្តិ​ត្រឹម​ត្រូវ​តាម​ច្បាប់»
ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​តាម​ដាន​សវនាការ​ក្នុង​ករណី​បណ្ដឹង​របស់​គណបក្ស សម រង្ស៉ី នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​បរាជ័យ​ក្នុង​ការ​ព្យាយាម​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ ខេត្ត​កណ្ដាល មក​ពី​ពួក​គេ​មិន​មាន​ភស្តុតាង​រឹងមាំ​ក្នុង​ទិដ្ឋភាព​ច្បាប់ ដើម្បី​បង្ហាញ​អង្គ​ជំនុំ​ជម្រះ។
ប៉ុន្តែ​សាក្សី​ទាំង ៤​នាក់ ក្រៅ​សវនាការ​បញ្ជាក់​ថា ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់ មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៅ​ថ្នាក់​មូលដ្ឋាន ដោយ​សារ​តែ​ពួក​គេ​សូកប៉ាន់​មន្ត្រី​មូលដ្ឋាន និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​បាន​ពេញ​លេញ។ ប៉ុន្តែ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អះអាង​ថា អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គ.ជ.ប មិន​មាន​តួនាទី​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នោះ​ឡើយ។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​បើក​សវនាការ​លើ​បណ្ដឹង​របស់​មេធាវី លោក សម រង្ស៉ី ជា​បន្ត​ទៀត ក្នុង​សំណុំ​រឿង​ដែល គ.ជ.ប លុប​ឈ្មោះ​លោក សម រង្ស៉ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី២០ វិច្ឆកា ខាង​មុខ៕

1 comment:

Anonymous said...

SR: I just picked my nose, like it?