A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 16 September 2012

When did Cambodia lose Koh Krochork Sess and Koh Tral? តើ​កោះ​ក្រចក​សេះ​និង​កោះ​ត្រល់​បាត់បង់​នៅ​ពេល​ណា?


http://www.youtube.com/watch?v=conRHYmh3lQ&feature=youtu.be
ដោយ ម៉ម មុនីរតន៍ 2012-09-16  RFA

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង រក​ឃើញ​ថា កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ទើប​តែ​ត្រូវ​បាត់​បង់​ទាំង​ស្រុង​​​ទៅ​វៀតណាម ក្នុង​ពេល​ជាង ៧​ឆ្នាំ​កន្លង​ទៅ​នេះ។

RFA/Uon Chhin. 12th September 2012. Koh Tral Island.
១៤-កញ្ញា-២០១២៖ កោះត្រល់
ការ​ដែល​កោះ​ទាំង​ពីរ​បាន​ក្លាយ​ទៅ​ជា​សម្បត្តិ​របស់​វៀតណាម កើត​ឡើង​ក្រោយ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កោះ​ត្រល់​លែង​ក្លាយ​ជា​របស់​កម្ពុជា ក្រោយ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ យក​ឯកសារ​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​១៩៦៤។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង អះ​អាង​ថា កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ក្នុង​របប​​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង​ដោយ​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន គឺ​ជា​ដើម​ហេតុ​​ដែល​នាំ​ឲ្យ​​កោះ​ក្រចក​សេះ​ និង កោះ​ត្រល់ ត្រូវ​បាត់​បង់​ទៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។
លោក ស៊ាន ប៉េងសែ ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង។ លោក​​ថ្លែង​ថា អ្វី​ដែល​ធ្វើ​ឲ្យ​កោះ​ក្រចក​សេះ និង​កោះ​ត្រល់ ត្រូវ​ស្ថិត​ក្រោម​​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ​កំហុស​កើត​ឡើង​​ដោយសារ​កិច្ច​ព្រមព្រៀង​​ រវាង​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ឆ្នាំ​១៩៨២ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។
លោក ស៊ាន ប៉េងសែ បន្ត​ថា អ្នក​ដែល​ធ្វើ​ឲ្យ​បាត់​បង់​កោះ​ទាំង​នេះ ចាំបាច់​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ។ លោក​ថ្លែង​ទៀត​ថា ប្រសិន​បើ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ​ជា​មេដឹកនាំ​ម្នាក់​តាំង​​ពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រហូត​មក​នោះ ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​​ស្ដី​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ កោះ​ក្រចក​សេះ​ និង​កោះ​ត្រល់ នឹង​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​វៀតណាម នោះ​ទេ។
លោក ស៊ាន ប៉េសែ បន្ថែម​ថា៖ «បើ​សិន​ជា​បាត់​កោះ​ត្រល់​ហ្នឹង​នៅ​ ជំនាន់ នរោត្តម សីហនុ ហេតុ​អី​ក៏​យួន​ហ្នឹង​សូម​ឲ្យ​លោក ហ៊ុន សែន ទទួល​ស្គាល់​ថែម​ទៅ​ទៀត ព្រោះ​អស់​បាត់​ទៅ​ហើយ? ខ្ញុំ​និយាយ​តែ​ប៉ុណ្ណឹង​ទេ បើ​សិន​ជា​យួន​ហ្នឹង​បាត់​កោះ​ហ្នឹង​ហើយ ហេតុ​អី​ក៏​ចាំបាច់​ឲ្យ​ចុះ​ហត្ថលេខា​ហ្នឹង​ឈ្លោះ​គ្នា​រហូត​មក​ដល់​សព្វ​ ថ្ងៃ ហើយ​បង្គាប់​ឲ្យ​លោក ហ៊ុន សែន ទទួល​ស្គាល់​ហ្នឹង ស្គាល់​កោះ​ត្រល់ និង កោះ​ពូឡូប៉ង់សង់ ហើយ​លោក ហ៊ុន សែន គាត់​និយាយ​តែ​កោះ​ហ្វូកុក និង​កោះ​ថូជូ ទេ គាត់​អត់​និយាយ​ជា​ខ្មែរ​ទេ»
ផ្ទុយ​ពី​លើក​ឡើង​នេះ កាល​ពី​ដើម​ខែ​សីហា ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ​ចាត់​ទុក​ថា រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចប់​បញ្ហា​​​ព្រំដែន​គោក និង​ព្រំដែន​ទឹក ជាមួយ​ប្រទេស​វៀតណាម តាម​រយៈ​យន្តការ​បង្កើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ។ លោក​ថា អ្វី​ដែល​កម្ពុជា នៅ​សេសសល់​ទឹកដី​ដូច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​កើត​ឡើង​ដោយ​សារ​កិច្ច​ព្រមព្រៀង​ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​​របស់​រដ្ឋាភិបាល​​ទាំង​ពីរ គឺ​កម្ពុជា និង​វៀតណាម រវាង​ឆ្នាំ​១៩៨២ និង​ឆ្នាំ​២០០៥។
លោក ហ៊ុន សែន៖ «តើ​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​បាន​ ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​តំបន់​ទឹក​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​មែន​ទេ​ឬ? ដែល​ពួក​អស់​លោក​បាន​ឭ​ចម្លើយ គឺ​សាមញ្ញ​ណាស់! គឺ​អត់​មាន​បាត់​ទេ។ ដូច្នេះ​បាន​ជា​ជម្រាប​ជូន​អំពី​ខាង​លើ​រួច​ហើយ​ថា កិច្ច​ព្រមព្រៀង​នេះ​ពុំ​បាន​កំណត់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ​នៅ ​ឡើយ​ទេ។ លើស​ពី​នេះ​ទៀត ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​ចរចា​រក​ចំណុច​ប្រសប់​សូន្យ​រវាង​កោះ​វ៉ៃ និង​កោះ​ថូជូ ដើម្បី​កំណត់​ព្រំដែន​នៅ​ក្នុង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​នេះ។ អ៊ីចឹង​ការ​ចោទ​ប្រកាន់​ថា បាត់​បង់​តំបន់​ទឹក​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​មិន​ខ្លាច​រន្ទះ​បាញ់​ងាប់​ ទេ​អី?»
ឯកសារ​ចំនួន ៧៩​ទំព័រ ត្រូវ​បាន​រដ្ឋាភិបាល​បោះ​ពុម្ព និង​ចែក​ចាយ​ជា​សាធារណៈ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រប​ខ្លួន​ឆ្លើយ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ដែល​ប្រើ​ពេល​ជាង ៥​ម៉ោង នៅ​រដ្ឋ​សភា។ នៅ​ក្នុង​ឯកសារ​ដែល​ស្រង​សំដី​ដើម​ទាំង​ស្រុង​​របស់​លោក​នាយករដ្ឋមន្ត្រី​មក ​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា កោះ​ត្រល់​ត្រូវ​បាត់​បង់​ចាប់​ពី​ឆ្នាំ​១៩៣៩ នៅ​គ្រា​លោក ប្រេវីយ៉េ អគ្គ​ទេសាភិបាល​បារាំង ​ដាក់​កោះ​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប​គ្រង​របស់​វៀតណាម ឬ​កូសាំងស៊ីន។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៤៩ កិច្ច​ព្រមព្រៀង​កូសាំងស៊ីន ត្រូវ​បាន​បារាំង ប្រគល់​ទៅ​ឲ្យ​ព្រះចៅ បៅដាយ។
ឯកសារ​ឲ្យ​ដឹង​ទៀត​ថា រយៈ​ពេល ១៥​ឆ្នាំ ពោល​គឺ​ឆ្នាំ​១៩៦៤ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រដ្ឋ​ក្នុង​សម័យ​នោះ បាន​យក​ខ្សែ​ផែន​ទី ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ​គឺ​ដើម្បី​ស្នើ​សុំ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី​ទទួល​ស្គាល់​ថា ជា​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម។ ក្នុង​ន័យ​នេះ​ហើយ​ដែល​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ​ថា ជា​ឧបសគ្គ​​ក្នុង​ការ​ទាម​ទារ​ដើម្បី​គ្រប់គ្រង​កោះ​ទាំង​នោះ​ឡើង​វិញ ហើយ​ថា បញ្ហា​នេះ​​ពុំ​មែន​ជា​កំហុស​ក្នុង​អាណត្តិ​របស់​លោក​គ្រប់គ្រង​ប្រទេស​នោះ​ ដែរ។
ទាក់ទិន​ករណី​នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​បាន​ច្រាន​ចោល​ការ​ថ្លែង​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ភ្ជាប់​ព្រះ​នាម​សម្ដេច​ព្រះ នរោត្តម សីហនុ ទៅ​នឹង​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​តំបន់​ទឹក​នេះ។
លោក សឺន ស៊ូប៊ែរ្តិ៍ ចាត់​ទុក​ថា សម្ដេច​ព្រះ នរោត្តម សីហនុ ពុំ​បាន​ធ្វើ​ឲ្យ​កោះ និង​តំបន់​ទឹក​ខ្មែរ​ត្រូវ​ខាត​បង់​ទៅ​ប្រទេស​វៀតណាម នោះ​ទេ ព្រោះ​ការ​តម្កល់​ឯកសារ​នៅ​ពេល​នោះ គឺ​ដើម្បី​រក្សា​ភាព​គង់វង្ស​តំបន់​ទឹក​​តែ​ប៉ុណ្ណោះ។ ក្នុង​ន័យ​នេះ​លោក​ថា ក្នុង​ឋានៈ​​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ទទួល​ខុស​ត្រូវ​​ចំពោះ​ប្រវត្តិសាស្ត្រ​​ជា​ជាង​ភ្ជាប់​បញ្ហា​ពី​មួយ​ទៅ ​មួយ។
ចំណែក​ឯកសារ​ស្ដី​ពី​តំបន់​ព្រំដែន​កម្ពុជា និង​ខ្ពង់​រាប​ដែន​សមុទ្រ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​ចង់​ក្រង​ឡើង​​ដោយ​លោក ស៊ាន ប៉េងសែ។ កោះ​ត្រល់​មាន​ចម្ងាយ ៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀង របស់​វៀតណាម។ តួលេខ​នេះ​បើ​ប្រៀបធៀប​ពី​កម្ពុជា មាន​ចម្ងាយ​តែ ១៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ខេត្ត​កំពត។ បើ​គិត​ពី​កោះ​សេះ ដែល​ជា​កោះ​មួយ​ស្ថិត​នៅ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ មាន​ចម្ងាយ ៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​ត្រល់។
មជ្ឈដ្ឋាន​នានា​និយាយ​ថា បើ​ទោះ​ជា​បែប​នេះ​ក្តី ផ្អែក​តាម​ផ្លូវ​ច្បាប់​គេ​ក៏​នៅ​តែ​អាច​ទាមទារ​សិទ្ធិ​កាន់​កាប​កោះ​ដែល​ បាត់​បង់​ទាំង​នេះ​ពី​រដ្ឋាភិបាល​វៀតណាម វិញ​បាន។
និស្សិត​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ​មួយ​នៅ​ខេត្ត​កំពត លោក ធន់ វុឌ្ឍី។ លោក​បាន​បង្ហាញ​ទស្សនៈ​ថា ​ប្រសិន​បើ​​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ទាមទារ​កោះ​ដែល​បាត់​បង់​នោះ​ មក​វិញ គឺ​ពុំ​មាន​ឧបសគ្គ​នោះ​ឡើយ ព្រោះ​កិច្ច​ព្រមព្រៀង​ក្រោម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ នោះ គឺ​មិន​ស្រប​ច្បាប់ ដែល​ផ្ទុយ​ពី​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ស្ដី​ពី​កម្ពុជា។
លោក​បន្ត​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ធានា​ថា សន្ធិសញ្ញា​ទាំង​ឡាយ​ណា​​កើត​ឡើង​នៅ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចូល​ជា​ធរមាន ត្រូវ​ចាត់​ទុក​ជា​មោឃៈ៖ «ពាក់​ព័ន្ធ​នឹង​គតិយុត្តិ​យើង​ មាន​មូលដ្ឋាន​ក្តី សង្ឃឹម​មួយ​យ៉ាង​ច្បាស់​លាស់​ថា គឺ​មូលដ្ឋាន​ធំ​បំផុត​គឺ​យើង​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គេ​និយាយ​អំពី​អធិបតេយ្យភាព​របស់​កម្ពុជា។ នៅ​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា​ហ្នឹង មាន​​រួម​ទាំង​អ្នក​ដែល​ធ្វើ​សាក្សី​ធំ​ជាង​គេ​បំផុត​មាន​​អង្គការ​ សហប្រជាជាតិ​មួយ​ដែរ ដែល​ចូល​រួម​នៅ​ក្នុង ១៨​ប្រទេស​នោះ»
ទោះ​ជា​បែប​ណា​របាយការណ៍​ចំនួន ៤១​ទំព័រ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០២ របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​ហៅ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​​ដែល​កើត​ឡើង​ រវាង​រដ្ឋាភិបាល​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សាធារណរដ្ឋ​​សង្គម​និយម​វៀតណាម កាល​ពី​​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​១៩៨២ ថា បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម មាន​ឱកាស​កាត់​យក​កោះ​ខ្មែរ​មួយ​ចំនួន និង​ដែន​សមុទ្រ​ខ្មែរ​មួយ​ភាគ​បី (១/៣) បន្ថែម​ទៀត។
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា តែង​បដិសេធ​​ក្នុង​ការ​​ឆ្លើយ​បំភ្លឺ​​ជុំវិញ​ការ​រក​ឃើញ​ទាំង​ឡាយ​ណា​ដែល​ ថា រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​បាត់​បង់​កោះ​ត្រល់​ទៅ​វៀតណាម។ លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា លោក​មិន​ចាំ​បាច់​​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៅ​លើ​អ្វី​ដែល​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយ​ជាង ៥​ម៉ោង​នៅ​រដ្ឋសភា​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ទឹក​នេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ទៀត​នោះ​ទេ។
គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​​តែង​ចោទ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជា​ហេតុ​ផល​មួយ​ប៉ុណ្ណោះ​ដែល​ធ្វើ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨២ រវាង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្លាយ​ទៅ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រទេស​វៀតណាម កាន់កាប់​កោះត្រល់ និង​តំបន់​ទឹក​មួយ​ចំនួន​ទៀត​របស់​ខ្មែរ។ ក៏​ប៉ុន្តែ​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​លោក​តែង​អះ​អាង​ថា សន្ធិសញ្ញា​នេះ​គឺ​ជា​យន្តការ​មួយ​ដែល​ជួយ​ធ្វើ​ឲ្យ​មាន​តំបន់​ទឹក​កម្ពុជា- ​វៀតណាម មាន​ភាព​ត្រឹមត្រូវ និង​សម្បត្តិ​ទាំង​ឡាយ​ក្នុង​ដែន​សមុទ្រ​ក្លាយ​ជា​អធិបតេយ្យភាព​របស់​ កម្ពុជា៕

3 comments:

Anonymous said...

Mr. Hun Sen said to all accusers of losing Khmer Islands to Vietnam. (Are you not afraid of being stricken by lightning?) I think his speech was a real childish politician to say such thing.

Anonymous said...

It's really hard to believe him.
He stated that the maritime border is still needed to put into negotiation table with Vietnam in the future. But, how come we have anything to negotiate in the future if we accept the new map (included the maritime border) now with Vietnam?

Anonymous said...

Continued from above comment...
Even a stupid person can understand this simple concept!