ក្រុមមេធាវីអន្តរជាតិរំពឹងថាតុលាការ ICC នឹងទទួលយកបណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា
ដោយ អ៊ូ បាណុង
2016-09-16
2016-09-16
មេធាវីអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាបន្ទប់ផ្សាយរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥។
RFA/Yun Samean
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីថា ការចេញផ្សាយរបស់ ICC នេះ មិនពាក់ព័ន្ធនឹងកម្ពុជា នោះទេ រីឯការលើកឡើងរបស់លោកមេធាវី រីឆាត រ៉ូជើរ គឺជាការបង្អើលស្ថានការណ៍ដោយគ្មានមូលដ្ឋានប៉ុណ្ណោះ។
តំណាងក្រុមហ៊ុនមេធាវី Global Diligence លោកមេធាវី រីឆាត រ៉ូជើរ បានសាទរភ្លាមៗ ចំពោះសេចក្ដីប្រកាសរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៃទីក្រុងឡាអេ (The Hague)។
សេចក្ដីប្រកាសនោះ ចេញដោយរដ្ឋអាជ្ញា អ្នកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) ដោយបង្ហាញពីគោលនយោបាយក្នុងការជ្រើសរើសបណ្ដឹងជាអាទិភាព។ នៅក្នុងសេចក្ដីប្រកាសកម្រាស់ ១៨ទំព័រ បានបង្ហាញពីការវិវឌ្ឍន៍នៃមូលដ្ឋានគ្រឹះតាមនីតិវិធីតុលាការ។ នីតិវិធីនេះយោងតាមបទពិសោធន៍នៃការអនុវត្តជាក់ស្ដែងក្នុងការិយាល័យនៃរដ្ឋអាជ្ញាជាង ១៤ឆ្នាំកន្លងមក ដោយបូករួមទាំងការអនុវត្តទាំងក្នុងតុលាការជាតិ និងអន្តរជាតិ។
តាមរយៈនៃសេចក្ដីប្រកាសរបស់តុលាការកំពូលពិភពលោកនេះហើយ មេធាវី រីឆាត រ៉ូជើរ បានសាទរជាថ្មីក្នុងសេចក្ដីប្រកាសរបស់ខ្លួនដែលមានចំណងជើងថា "អវសានរបស់អ្នករំលោភដីធ្លីនៅកម្ពុជា នឹងបញ្ចប់ក្នុងតុលាការទីក្រុងឡាអេ"។
លោក រីឆាត រ៉ូជើរ លើកឡើងទៀតថា សេចក្ដីប្រកាសដដែលនេះ បញ្ជាក់ថា នីតិវិធីថ្មីរបស់ ICC នឹងជួយបិទបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិក្នុងអំឡុងពេលដែលមានសន្តិភាព។ ម្យ៉ាងទៀត នេះក៏នឹងជាការចាប់ផ្ដើមបើកសំណុំរឿងដែលលោកបានប្ដឹងទៅក្រុមបក្សពួកអ្នកមាននៃគណបក្សកាន់អំណាចនៅកម្ពុជា ដែលបានធ្វើទុក្ខបុកម្នេញលើជនរងគ្រោះប្រទេសខ្លួន ដូចជាការបាញ់សម្លាញ់សកម្មជន ឬការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា ការចេញផ្សាយរបស់ ICC នេះ មិនមានពាក់ព័ន្ធនឹងបូរណភាពទឹកដីប្រទេសកម្ពុជា ឬលទ្ធិប្រជាធិបតេយ្យនៃប្រទេសនេះទេ។ មន្ត្រីនាំពាក្យរូបនេះក៏បានច្រានចោលការលើកឡើងរបស់លោកមេធាវី រីឆាត រ៉ូជើរ ដោយថា លោកមិនចាប់អារម្មណ៍ ឬអោយតម្លៃទៅការលើកឡើងនេះទេ៖ «»។
តុលាការព្រហ្មទណ្ឌអន្តរជាតិមិនបំពានអធិបតេយ្យភាព ឬក៏មិនមានតួនាទីជាន់គ្នាជាមួយប្រទេសជាសមាជិកត្រង់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនលូកលាន់កាត់ទោសជនណាដែលស្ថាប័នច្បាប់នៃប្រទេសណាមួយចាត់វិធានការស្របតាមគតិយុត្តិហើយនោះទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណាដែលម្ចាស់ប្រទេសព្រងើយកន្តើយមិនដោះស្រាយ ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយដែរ តែគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាលណានោះ ដើម្បីជួយការពារឧក្រិដ្ឋជនមិនអោយទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋដែលជននោះបានប្រព្រឹត្តទៅវិញ។
ដោយផ្អែកទៅលើអាណត្តិត្រង់ចំណុចនេះហើយដែល លោក រីឆាត រ៉ូជើរ មេធាវីអន្តរជាតិតំណាងឲ្យពលរដ្ឋខ្មែររងគ្រោះដោយការរំលោភដីធ្លី បានដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ដោយបណ្ដឹងនោះស្នើឲ្យបើកការស៊ើបអង្កេតជំហានដំបូងចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន៕
No comments:
Post a Comment