លោក ហែម សុជាតិ មេធាវីមួយរូប ក្នុងចំណោមមេធាវីទាំងប្រាំរូប ដែលការពារក្តីឲ្យឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមេធាវី នឹងដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៦ ដើម្បីប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក បន្ថែមទៀតថា ក្នុងកំឡុងពេលនេះ ក្រុមមេធាវីនៅតែបន្តពិភាក្សាគ្នា ជុំវិញការប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជួយឯកឧត្តម កឹម សុខា តាមផ្លូវច្បាប់។
លោកមេធាវីរូបនេះ បញ្ជាក់ដូច្នេះថា៖«យើងនឹងដាក់បណ្តឹងទៅសាលាឧទ្ធរណ៍នៅសប្តាហ៍ទីបួន ក្រោយពីទទួលបានសាលក្រម។ ប្រហែលជាថ្ងៃទី១៣ឬទី១៤ ក្នុងខែតុលា»។
តាមការពន្យល់របស់លោក ហែម សុជាតិ នៅពេលពាក្យបណ្តឹងរបស់ក្រុមមេធាវី ធ្លាក់ដល់ដៃសាលាឧទ្ធរណ៍ហើយ នោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឲ្យឯកឧត្តម កឹម សុខា ជាប់ពន្ធនាគាររយៈពេល៥ខែ មិនអាចដាក់ឲ្យអនុវត្តបានទេ។ ដូច្នេះ ឯកឧត្តម កឹម សុខា ក៏មិនត្រូវបាននាំខ្លួនទៅឃុំឃាំង ដែរ ក្នុងកំឡុងពេល ដែលសាលាឧទ្ធរណ៍កំពុងចាត់ការលើបណ្តឹងរបស់ក្រុមមេធាវី។
ការសម្រេចចិត្តថា នឹងប្តឹងទៅសាលាឧទ្ធរណ៍នេះ គឺដោយសារតែក្រុមមេធាវី និងឯកឧត្តម កឹម សុខា មិនយល់ព្រមនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ ក្រុមមេធាវី ចាត់ទុកការបើកសវនាការនៃការជំនុំជម្រះលើសំណុំរឿងរបស់ឯកឧត្តម កឹម សុខា ថាដំណើការទៅដោយខុសនីតិវិធី។ ជាងនេះទៀត ក្រុមមេធាវី ក៏បានអះអាងដែរថា ឯកឧត្តម កឹម សុខា មិនមានទោសកំហុស ដូចការចោទប្រកាន់និងការផ្តន្ទាទោសរបស់តុលាការ នោះទេ។
កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់ឯកឧត្តម កឹម សុខា ដោយសម្រេចឲ្យអនុប្រធានបក្សប្រឆាំងរូបនេះ ជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន»។ បន្ទាប់មក សាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាកម្លាំងសមត្ថកិច្ច ឲ្យយកសេចក្តីជូនដំណឹងពីសាលក្រម ទៅបិទនៅមុខផ្ទះឯកឧត្តម កឹម សុខា តែម្តង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា រឿងក្តីរបស់ឯកឧត្តម កឹម សុខា ខាងលើ បានរីករាលដាល ដោយសារតែពាក្យបណ្តឹងរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ កន្លងមក ស្រមុំ ដែលគេសង្ស័យថា មានរឿងអាស្រូវស្នេហាលួចលាក់ជាមួយឯកឧត្តម កឹម សុខា បានដាក់លិខិត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី ប្តឹងតំណាងរាស្ត្របក្សប្រឆាំងពីររូប គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ ពីបទ «សញ្ចារកម្ម»។ ក្រោយមក សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចំនួនពីរដង ដើម្បីកោះហៅឯកឧត្តម កឹម សុខា ឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី ជុំវិញបណ្តឹងរបស់ ស្រីមុំ ខាងលើ។ ប៉ុន្តែឯកឧត្តម កឹម សុខា បានបដិសេធនឹងការកោះហៅទាំងពីរលើក។ មូលហេតុនេះហើយ ទើបឯកឧត្តម កឹម សុខា ត្រូវបានចោទពីបទ «បដិសេធក្នុងការចូលខ្លួន» ដែលតុលាការចាត់ទុក្ខថា ជាបទល្មើសជាក់ស្តែង៕
No comments:
Post a Comment