មន្ត្រីបក្សកាន់អំណាចច្រានចោលគំនិតស្នើសុំព្រះរាជអន្តរាគមន៍បញ្ហានយោបាយ
ដោយ ប្រាជ្ញ ចេវ
2016-09-17
2016-09-17
ខណៈលិខិតទូលថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍រឿងនយោបាយ បានដល់ស្ថាប័នព្រះមហាក្សត្រ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយនេះ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា ថា លិខិតរបស់អតីតឧបនាយករដ្ឋមន្ត្រីនៃគណបក្សហ៊្វុនស៊ិនប៉ិច មានទំនោរលំអៀងទៅគណបក្សប្រឆាំង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា លិខិតរបស់លោក លឺ ឡាយស្រេង មានលក្ខណៈបង្ខិតបង្ខំព្រះមហាក្សត្រ និងជាការប្រមាថព្រះមហាក្សត្រ។ លោកបន្តថា ជំហររបស់គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានទេនូវទស្សនទាននៃខ្លឹមសារលិខិតនោះ៖ «»។
ផ្ទុយពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ ឯណោះវិញ គាំទ្រនូវគំនិតយោបល់ដែលបង្ហាញពីការចង់ដោះស្រាយបញ្ហាជាតិដោយសន្តិវិធី។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រដើម្បីដោះស្រាយវិបត្តិនយោបាយនៅពេលនេះ។ ចំពោះការរំពឹងយ៉ាងណានោះ លោក យឹម សុវណ្ណ មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ដោយរង់ចាំការឆ្លើយតបពីព្រះមហាក្សត្រចំពោះលិខិតរបស់លោក លឺ ឡាយស្រេង៖ «»។
អតីតឧបនាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយជើងចាស់ លោក លឺ ឡាយស្រេង បានថ្វាយលិខិតមួយច្បាប់ទៅអង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីយាងទ្រង់ធ្វើអន្តរាគមន៍ និងដោះស្រាយស្ថានការណ៍នយោបាយកំពុងតានតឹងនៅកម្ពុជា។
ក្រោយការលិខិតនេះ ទីប្រឹក្សាព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះនរោត្ដម មុនីនាថ គឺលោក អ៊ុំ ដារ៉ាវុធ ឲ្យអាស៊ីសេរី ដឹងថា បានទទួលលិខិតនេះហើយ និងកំពុងពិនិត្យ។
បញ្ជាក់បន្ថែមពីលិខិតរបស់ខ្លួន លោក លឺ ឡាយស្រេង និយាយថា ប្រសិនបើព្រះមហាក្សត្រកោះហៅប្រមុខទាំងពីរចូលវាំង នឹងធ្វើឲ្យស្ថានការណ៍នយោបាយវិលមកភាពល្អប្រសើរឡើងវិញ។ លោកថា ការដោះស្រាយបញ្ហាដោយចុងកាណុងកាំភ្លើង មិនអាចរំលត់បញ្ហាបានទេ៖ «»។
ម្ដងហើយម្ដងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា តែងព្រមានប្រើកងកម្លាំងដើម្បីជាការឆ្លើយតបការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ ចំណែកមេទ័ពមួយចំនួនដែលសិទ្ធិនឹងលោក ក៏តែងតែស្រែកបន្ទរថា នឹងកម្ចាត់បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា ការបដិសេធរបស់គណបក្សនយោបាយប្រជាជនកម្ពុជានៅពេលនេះ ព្រោះគណបក្សនេះបង្ហាញជំហរមិនចង់ដោះស្រាយនយោបាយដោយសន្តិវិធី។ លោកថា ព្រះរាជតួនាទីរបស់ព្រះមហាក្សត្របានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺផ្ដល់សិទ្ធិឲ្យព្រះអង្គជាអ្នកសម្របសម្រួលនយោបាយ និងធ្វើឲ្យមានឯកភាពជាតិ៖ «»។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ខណៈតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនព្រមចូលធ្វើនៅក្នុងសភា និងងាកមកធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញនោះ ព្រោះមហាក្សត្របានកោះអញ្ជើញថ្នាក់ដឹកនាំគណបក្សទាំងពីរចូលវាំងដែរ ប៉ុន្តែមិនទទួលលទ្ធផលអ្វីជាគាប់ចិត្តនោះទេ។ ជុំវិញស្ថានការណ៍នយោបាយសព្វថ្ងៃនេះវិញ អ្នកវិភាគព្រមានថា ប្រសិនបើកម្លាំងនយោបាយនៃគណបក្សទាំងពីរប្រឈមដាក់គ្នា នឹងនាំមានការខាត់បង់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរ៕
No comments:
Post a Comment