A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 September 2016


សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​ចូលរួម​មហា​បាតុកម្ម​បើ​ទោះ​បី​ជា​ត្រូវ​បង្ក្រាប​ដោយ​កង​កម្លាំង

ដោយ ម៉ម មុនីរតន៍
2016-09-15   

ឈឹម សិទ្ធិ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ២០១៦ ៨៥៥
លោក ឈឹម សិទ្ធិ ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ត្របែក ខេត្ត​ព្រៃវែង អះអាង​ថា​មិន​ខ្លាច​ក្នុង​ការ​ចូលរួម​មហា​បាតុកម្ម​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ប្ដេជ្ញា​ថា ពួក​គេ​នឹង​នៅ​តែ​ចូលរួម​តស៊ូ​មតិ​ដោយ​អហិង្សា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ពិត​ជា​រៀបចំ​មហា​បាតុកម្ម​មែន។ ការ​បញ្ជាក់​ជំហរ​នៅ​ពេល​នេះ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​ពេល​រដ្ឋាភិបាល​ព្រមាន​បង្ក្រាប​ការ​ជួប​ជុំ​គ្រប់​ទម្រង់​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។
ការ​ប្រកាស​មិន​ដក​ថយ​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​បញ្ជាក់​ថា ថ្ងៃ​ទី​១៦ ខែ​កញ្ញា គឺ​ជា​ពេលវេលា​ក្នុង​ការ​កំណត់​ទិសដៅ​ជាក់លាក់​នៃ​គម្រោង​ធ្វើ​មហា​បាតុកម្ម​ហើយ។
លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា គណៈកម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រឆាំង នឹង​រៀបចំ​សមាសភាព​គណៈកម្មការ​តស៊ូ​មតិ ហើយ​បន្ទាប់​ពី​រៀបចំ​គណៈកម្មការ​នេះ​រួច​ហើយ នឹង​ឈាន​មួយ​ជំហាន​ទៀត​ក្នុង​ពេល​តែ​មួយ គឺ​រៀបចំ​គម្រោង​ធ្វើ​មហា​បាតុកម្ម​យក​តែ​ម្ដង។ លោក​បន្ត​ថា «និយាយ​រួម​យើង​បង្កើត​នូវរៀបចំ​សមាសភាព​សិន ព្រោះ​សំខាន់​កាលណា​យើង​ចង់​ធ្វើ​អ្វី​មួយ ត្រូវ​មាន​សមាសភាព ការ​សិក្សា និង​មានអ្នក​ទទួល​ខុស​ត្រូវ​ការងារ​ផ្សេងៗ ដើម្បី​សិក្សា​ឲ្យ​បាន​ល្អិតល្អន់»
សកម្មជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​អះអាង​ថា ពួក​គេ​សប្បាយ​ចិត្ត ប្រសិន​បើ​ពិត​ជា​មាន​មហា​បាតុកម្ម​មែន។
រស់នៅ​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង លោក ឌុក ភឹម និយាយ​ថា ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​បង្ក្រាប​អ្នក​តវ៉ា ទោះ​ក្នុង​ទម្រង់​អ្វី​ក៏ដោយ ស្ថានភាព​នេះ​នឹង​មិន​អាច​ទប់ស្កាត់​ការ​ចូលរួម​របស់​មហា​ជន​បាន​ឡើយ។ ជាង​នេះ​ទៀត អ្វី​ដែល​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចូលរួម​ក្នុង​មហា​បាតុកម្ម​នេះ គឺ​បាន​ដឹង​រួច​ជា​ស្រេច​ទៅ​ហើយ​ថា អាច​ជួប​ឧបសគ្គ ប៉ុន្តែ​បញ្ហា​នេះ​វា​ពុំ​មែន​ជា​រនាំង​ឡើយ។ លោក​បន្ត​ថា «ទោះ​បី​ត្រៀម​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ​ចូលរួម​ដែរ។ ដោយសារ​ខ្ញុំ​មាន​គំនិត​មួយ ខ្ញុំ​ចង់​ផ្លាស់ប្ដូរអ្នក​ដឹកនាំ។ ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​អ្នក​ដឹកនាំ រក​អ្នក​ដឹកនាំ​ថ្មី​ដែល​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»
ទាក់ទិន​ស្ថានភាព​នយោបាយ​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង វិញ គឺ​លោក ឈឹម សិទ្ធិ អះអាង​ថា បំណង​នៃ​ការ​ចូលរួម​មហា​បាតុកម្ម​នេះ គឺ​ពុំ​មាន​អ្នក​បង្ខំ​ឲ្យ​ចូលរួម​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​ស្ម័គ្រ​ចិត្ត​នេះ ដោយ​មើល​ឃើញ​ពី​សង្គម​រស់​ក្នុង​ភាព​ប្រេះឆា ដោយ​អ្នក​ដឹកនាំ​កំពុង​ធ្វើ​ឲ្យ​ការ​រស់នៅ​ចែក​វណ្ណៈ​គ្នា​រវាង​អ្នក​មាន និង​អ្នក​ក្រ។ មិន​តែ​ប៉ុណ្ណោះ យុត្តិធម៌​សង្គម​នៅ​តែ​ជា​ទិសដៅ​នៃ​ការ​វាយ​ប្រហារ​មក​លើ​ជន​រងគ្រោះ​ដែល​ជា​ពលរដ្ឋ​សាមញ្ញ គ្មាន​បុណ្យ​ស័ក្ដិ ឬ​សែស្រឡាយ​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​បន្ត​ថា «នេះ​បង​ពិចារណា​មើល នេះ​គ្រាន់​តែសម្បក​ខាង​ក្រៅ​ទេ សម្រាប់​គេ​អ្នក​មាន​គេ​អ្នក​មាន សម្រាប់​អ្នក​ក្រ​ពិបាក​វេទនា​ទៅ​រក​ស៊ី ធ្វើ​ខ្ញុំ​គេ​នៅ​ស្រុក​គេ​ស្រុក​ឯង។ មិន​ខ្លាច​ទេ! មិន​អាច​ខ្មែរ​សម្លាប់​ខ្មែរ​បាន​ទេ ខ្ញុំ​ជឿ​បែប​ហ្នឹង»
ជុំវិញ​រឿង​នេះ លោក ហ៊ុន សែន បាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ថា លោក​បាន​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ឲ្យ​ត្រៀម​បង្ក្រាប និង​កម្ចាត់​ចោល​រាល់​សកម្មភាព​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។ លោក​នាយក​រដ្ឋមន្ត្រី​សង្កត់​ធ្ងន់​ថា សូម​អ្នក​ចូលរួម​កុំ​ញ៉ាម និង​អាង​លើ​បាតុកម្ម​ឲ្យ​សោះ។ លើស​ពី​នេះ​ទៀត ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា វាយ​ពស់​ត្រូវ​វាយ​ក្បាល​មុន បើ​មិន​ជឿ​សាកមើល។
គេ​សង្កេត​ឃើញ​ថា ក្រោយ​ពី​មាន​សារ​នយោបាយ​ដែល​លោក ហ៊ុន សែន ព្រមាន​បាន​មួយ​ថ្ងៃ​ភ្លាម ទាំង​កងទ័ព​ជើង​គោក ក្រសួង​ការពារ​ជាតិ និង​គ្រប់​បញ្ជាការដ្ឋាន​នៃ​កង​យោធា បាន​ប្ដេជ្ញា​អនុវត្ត​បទបញ្ជា​នេះ​ដោយ​ម៉ឺងម៉ាត់​ក្នុង​ការ​កម្ចាត់​លើ​ក្រុម​អ្នក​តវ៉ា។
អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា សង្គ្រាម​ពាក្យ​សម្ដី និង​ការ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​របស់​អ្នក​នយោបាយ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ អាច​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ធ្លាក់​ចូល​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​ឡើង​វិញ ដែល​កម្ពុជា ធ្លាប់​ឆ្លង​កាត់​កាល​ពី ២០​ឆ្នាំ​មុន។
លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា ប្រសិន​បើ​គម្រោង​មហា​បាតុកម្ម​កើត​ឡើង​ដូច​ការ​គ្រោង​ទុក​មែន រឿង​នេះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាកដ​ណាស់​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​ដំណើរ​ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ដែល​គេ​បាន​ព្រាង​ទុក​ជា​យូរ​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ សភាពការណ៍​លើក​នេះ គឺ​មិន​ខុស​ពី​រុញ​ឲ្យ​កម្ពុជា ដើរ​លើ​ផ្លូវ​ចាស់​កាល​ពី ២​ទសវត្សរ៍​មុន​ទៀត​ឡើយ។ លោក​បន្ត​ថា «ការ​រៀបចំ​នូវ​កម្លាំង​មហា​ជនអី​ហ្នឹង ខ្ញុំ​ខ្លាច​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​គេ ឬ​នៅ​ក្នុង​ប្លង់​ដែល​គេ​បាន​រៀបចំ​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​យក​ផ្លូវ​ហ្នឹង​ដើរ​ទេ​ក្នុង​ពេល​ហ្នឹង»
បើ​ទោះ​ជា​បែប​ណា គណបក្ស​ប្រឆាំង​អះអាង​ថា ផែនការ​ដែល​បាន​គ្រោង​ទុក​រួច​ហើយ​នេះ គឺ​ពុំ​មាន​ការ​ប្រែប្រួល​ឡើយ។ ម្យ៉ាង​វិញ​ទៀត នេះ​គឺ​ជា​ជម្រើស​ចុង​ក្រោយ ហើយ​ក៏​ជា​ដំណោះស្រាយ​នយោបាយ​ដែល​អាច​ឲ្យ​កម្ពុជា បាន​វិល​ទៅ​រក​សភាពការណ៍​ដូច​មុន​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ឡើង​វិញ​ផង៕

No comments: