សម្តេច ហ៊ុន សែន ថា មិនចរចា តែលោក យឹម សុវណ្ណ ថា ខ្មែរត្រូវជជែកគ្នាដោះស្រាយបញ្ហាជាតិ
និពន្ធដោយ : ជា ធីរិទ្ធ September-19-2016, 10:19 pm/Thmey Thmey
ជាថ្មីម្តងទៀតប្រធានគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាស បិទផ្លូវចរចាជាមួយនឹងគណបក្សសង្គ្រោះជាតិ។ នៅថ្ងៃនេះ សម្តេចអះអាងដាច់អហង្ការថា ប្រសិនបើសម្តេចចរចាជាមួយគណបក្សប្រឆាំង គឺស្មើនឹងសត្វ«ឆ្កែ»។ តែយ៉ាងណាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅតែមានសុទិដ្ឋិនិយមថា មិនយូរឡើយអ្នកនយោបាយខ្មែរនឹងអាចជជែកគ្នាដោះស្រាយបញ្ហាជាតិបាន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបធៀបខ្លួនដូចនឹងសត្វ«ឆ្កែ» ប្រសិនបើសម្តេចព្រមចរចាជាមួយនឹងគណបក្សសង្គ្រោះជាតិ ដែលគំរាមធ្វើបាតុកម្មទាមទារឲ្យមានការចរចារកដំណោះស្រាយនយោបាយនោះ។ សម្តេច ហ៊ុន សែន អះអាងដាច់អហង្ការយ៉ាងនេះថា៖« កុំស្អីឡើងគំរាមធ្វើបាតុកម្ម, គំរាមគេធ្វើបាតុកម្ម ដើម្បីចរចា អត់ផ្លូវទេ។ បើចង់ចរចា និយាយគ្នាឲ្យស្រួល។ បាតុកម្មចរចា បើអញចរចាឆ្កែសុទ្ធ ប្រាប់ឲ្យហើយទៅ»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា កន្លែងចរចាគ្នាមានតែមួយគត់ គឺនៅក្នុងរដ្ឋសភា តែគណបក្សសង្គ្រោះជាតិ បានដើរចេញពីរដ្ឋសភាហើយ។«បើអ្នកឯងដើរចេញពីសភា មានកន្លែងណាទៅជួបគ្នា»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យបញ្ញាជាតិ នៅវិទ្យាស្ថានជាតិអប់រំនៅថ្ងៃចន្ទទី ១៩ ខែកញ្ញា។ ជាងនេះទៅទៀត សម្តេច ហ៊ុន សែន បានប្រាប់ឌឺដងឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មចុះ តែសម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានទាំងប្រជាពលរដ្ឋគាំទ្រ និងកងកម្លាំងប្រដាប់អាវុធ។
ការលើកឡើងរបស់សម្តេច ហ៊ុន សែន ហាក់មិនធ្វើឲ្យលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ផ្ញាក់ផ្អើលនោះទេ ពីព្រោះតែលោកយល់ថា មិនមែនជាលើកទី ១ ទេ ដែលសម្តេច ហ៊ុន សែន ប្រកាសមិនចរចា។ តែលោក សុវណ្ណ បែរជានិយាយបែបសុទិដ្ឋិនិយមថា ក្នុងនាមជាអ្នកនយោបាយខ្មែរដូចគ្នា រស់នៅលើទឹកដីខ្មែរ ធ្វើការបម្រើប្រជាជន និងជាតិខ្មែរ ត្រូវរួមគ្នា ជជែកគ្នាដោះស្រាយបញ្ហារបស់ប្រជាជាតិខ្មែរ។ លោក បញ្ជាក់យ៉ាងនេះថា៖«ជាពិសេសយើងប្រកាន់លទ្ធិប្រជាធិបតេយ្យ គ្មានអ្វីក្រៅពីជជែកគ្នានោះឡើយ។ បើសិនជាយើងចង់ចរចាគ្នា នៅកន្លែងណា ក៏ចរចាបានដែរ មិនចាំបាច់តែនៅក្នុងរដ្ឋសភាទេ។ ខ្ញុំនៅតែមានសង្ឃឹមថា អ្នកនយោបាយខ្មែរនឹងជជែកគ្នាមិនខាន»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិខាងលើ បន្តបរិយាយទៀតថា គណបក្សសង្គ្រោះជាតិដែលតំណាងឲ្យប្រជាពលរដ្ឋកន្លះប្រទេស មិនចង់ធ្វើមហាបាតុកម្មនោះឡើយ តែដោយសារគ្មានជម្រើស និងទទួលរងភាពអយុត្តិធម៌ គ្មានអ្វីក្រៅពីធ្វើបាតុកម្មអហិង្សា ដើម្បីទាមទារយុត្តិធម៌ទេ។« នរណា ចង់ទៅឈរកណ្តាលក្តៅ កណ្តាលភ្លៀវ ខាតពេលវេលា លុយកាក់ និងប្រឈមនឹងគ្រោះថ្នាក់នោះ តែយើងវាមិនអាចធ្វើអ្វីកើតក្រៅពីប្រើសិទ្ធិធ្វើបាតុកម្មអហិង្សា ដែលច្បាប់ការពារ ដើម្បីទាមទារយុត្តិធម៌។
អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា បានសម្តែងការព្រួយបារម្ភពីស្ថានការនយោបាយបច្ចុប្បន្ន ក្រោយពីគណបក្សសង្គ្រោះជាតិ គំរាមធ្វើបាតុកម្ម ហើយគណបក្សកាន់អំណាចព្រមានប្រើកងកម្លាំងទប់ស្កាត់សកម្មភាពនោះ។ លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា គណបក្សកាន់អំណាច មិនត្រឹមតែប្រើកងកម្លាំងទេ ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មនោះ តែអ្នកគាំទ្របក្សកាន់អំណាច អាចនឹងប្រមូលផ្តុំគ្នា ដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងបាតុកម្មរបស់បក្សសង្គ្រោះជាតិវិញ។
លោក ចន្ថា យល់ថា នៅពេលដែលបញ្ហានោះកើតឡើង អ្នកដែលខាតបង់ពិតប្រាកដគឺប្រជាពលរដ្ឋដែលជាគាំទ្រគណបក្សទាំងពីរ។ អ្នកវិភាគរូបនេះ ទទូចឲ្យគណបក្សទាំងពីរវិលមករកតុចរចា ទើបអាចដោះស្រាយបញ្ហានយោបាយបាន៕
No comments:
Post a Comment