តំណាងរាស្រ្តអាមេរិកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច
តំណាងរាស្រ្តសហរដ្ឋអាមេរិកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាចដោយស្ងៀមស្ងាត់ ដោយសារលោកមានលុយគ្រប់គ្រាន់ហើយក្នុងតំណែងនាយករដ្ឋមន្រ្តីជាច្រើនអាណត្តិមកនេះ។
ដោយ តាំង សារ៉ាដា
2013-07-10
គណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការបរទេស បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃអង្គារ ទី៩ ខែកក្កដា នៅរដ្ឋធានីវ៉ាស៊ីនតុន ស្តីពី«វិបត្តិនយោបាយ និងសង្គម នៅកម្ពុជា»។
RFA/Taing Sarada
តំណាងរាស្រ្តអាមេរិកាំងរូបក៏បានព្រមានថា ប្រសិនបើ លោក ហ៊ុន សែន ចាប់ខ្លួនមេបក្សប្រឆាំងពេលលោកវិលទៅកម្ពុជា ដើម្បីចូលរួមបោះឆ្នោតមែននោះ សហរដ្ឋអាមេរិកនឹងដាក់ឈ្មោះលោក ហ៊ុន សែន ក្នុងបញ្ជីនៃក្រុមមេដឹកនាំអាក្រក់ក្នុងពិភពលោក។
សមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា (California) លោក ដាណា រ៉ូរ៉ាបាឃើ (Dana Rohrabacher) ទទូចឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីអំណាចដោយសន្តិវិធី៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់អំណាចដ៏យូរបំផុតនេះ ដោយសារលោកប្រព្រឹត្តអំពើពុករលួយ ដែលគាត់បានទទួលជំនួយពីបរទេស។ ខ្ញុំគិតថា គេមិនចាំបាច់ចាប់ខ្លួនលោក ហ៊ុន សែន ទេ ប៉ុន្តែពលរដ្ឋទាំងអស់ ត្រូវស្នើឲ្យលោកចុះចេញពីអំណាចដោយសន្តិវិធី ដែលជាវិធីសមគួរ។ ហើយប្រសិនបើលោក ហ៊ុន សែន នៅតែមិនយល់ មនុស្សទាំងអស់អាចនាំគ្នាធ្វើបាតុកម្មទម្លាក់គាត់ចេញ»។
ការថ្លែងរបស់លោក ដាណា រ៉ូរ៉ាបាឃើ ធ្វើឡើងភ្លាមៗ កាលពីរសៀលថ្ងៃអង្គារ ទៅកាន់ក្រុមអ្នកសាព័ត៌មាន បន្ទាប់ពីសវនាការស្តាប់ការឆ្លើយបំភ្លឺរបស់តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) តំណាងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងតំណាងអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ពីប្រទេសកម្ពុជា នៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកខាងកិច្ចការអន្តរជាតិ។
លោក ដាណា រ៉ូរ៉ាបាឃើ ក៏បានព្រមានផងដែរថា ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហ៊ានចាប់លោក សម រង្ស៊ី នៅពេលដែលលោកវិលទៅកាន់ប្រទេសកម្ពុជានៅមុនការបោះឆ្នោតមែននោះ សហរដ្ឋអាមេរិកនឹងដាក់សម្ពាធដ៏ធំដល់កម្ពុជា។ លោកបន្តថា ប្រសិនបើ លោក ហ៊ុន សែន ហ៊ានធ្វើដូច្នេះមែន នោះជាទង្វើដ៏អាក្រក់បំផុត៖ «ខ្ញុំគិតថាប្រសិនបើលោក ហ៊ុន សែន ហ៊ានចាប់ខ្លួនលោកមេដឹកនាំបក្សជំទាស់ ដែលប្រកួតប្រជែងការបោះឆ្នោតជាមួយគាត់មែននោះ សហរដ្ឋអាមេរិកនឹងពិនិត្យមើលឡើងវិញចំពោះកម្ពុជា។ កម្ពុជាបានខិតខំកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិករយៈពេលជាង ១០ឆ្នាំមកហើយ ហើយប្រសិនបើលោក ហ៊ុន សែន ធ្វើដូច្នេះមែននោះ រូបខ្ញុំផ្ទាល់ ក៏ដូចជាតំណាងរាស្រ្តសហរដ្ឋអាមេរិកទាំងអស់ នឹងចុះឈ្មោះលោក ហ៊ុន សែន ក្នុងបញ្ជីនៃក្រុមមេដឹកនាំអាក្រក់ក្នុងពិភពលោក។ ហើយសហរដ្ឋអាមេរិក មិនត្រឹមតែកាត់ជំនួយបរទេសរបស់ខ្លួនដល់កម្ពុជានោះទេ តែវិយោគទុនទាំងអស់នឹងត្រូវកាត់»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន កាលពីថ្ងៃអង្គារ បានថ្លែងក្នុងវេទិកាតុមូលរបស់វិទ្យុអាស៊ីសេរីថា សហរដ្ឋអាមេរិកកំពុងលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយថា កម្ពុជាជាប្រទេសអធិបតេយ្យ ដែលអនុវត្តន៍ទៅតាមនីតិរដ្ឋប៉ុណ្ណោះ៖ «ក៏ប៉ុន្តែថាតើនៅពេលនេះ ព្រះមហាក្សត្រត្រូវស្ថិតនៅក្រោមឥទ្ធិពលរបស់បរទេស ដែលជាអធិបតេយ្យរបស់កម្ពុជា។ ហើយយើងដឹងហើយ នៅក្នុងរដ្ឋធម្មនុញ្ញក៏បាននិយាយហើយ និយាយបានច្បាស់ទៅទៀត នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងបាននិយាយថា មិនអនុញ្ញាតឲ្យជនណាមួយក៏ដោយដែលចង់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ ឬអន្តរជាតិរបស់កម្ពុជាបានឡើយ។ នេះយើងនិយាយអំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា និយាយអំពីអធិបតេយ្យរបស់កម្ពុជា និងនិយាយអំពីព្រះមហាក្សត្ររបស់កម្ពុជា»។
ប៉ុន្តែលោក ដាណា រ៉ូរ៉ាបាឃើ ថ្លែងថា សហរដ្ឋអាមេរិកនឹងមិនអាចឱបដៃឈរមើលលោក ហ៊ុន សែន ចាប់ខ្លួនលោក សម រង្ស៊ី បាននោះទេ៖ «អូ! ព្រះជាម្ចាស់អើយ វាពិតជាអាក្រក់ខ្លាំងណាស់ ប្រសិនបើយើងឃើញមនុស្សម្នាក់ទៅសម្លាប់មនុស្សផ្សេងទៀត ហើយយើងយល់ព្រមឲ្យគេធ្វើដូច្នោះនោះ។ នៅពេលដែលមនុស្សល្អម្នាក់ឃើញបិសាចធ្វើបាបមនុស្សស្លូតត្រង់ផ្សេងទៀត ពេលនោះមនុស្សល្អនោះ ត្រូវតែចូលជួយជនរងគ្រោះនោះហើយ។ ដូច្នេះប្រសិនបើ លោក ហ៊ុន សែន ហ៊ានដូច្នេះមែន គាត់គឺជាមនុស្សអាក្រក់ ហើយមនុស្សអាក្រក់ត្រូវតែចុះចេញពីអំណាច»។
ចំណែកលោក ចន ស្ទីហ្វឹន (John Sifton) តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch មានប្រសាសន៍ថា ប្រសិនបើលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហ៊ានចាប់ខ្លួនលោក សម រង្ស៊ី មែននោះ មិនត្រឹមតែសហរដ្ឋអាមេរិកទេ ដែលកាត់ជំនួយបរទេសទៅកម្ពុជា ប៉ុន្តែនឹងមានបណ្តាប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន អូស្រ្តាលី បារាំង និងសហគមន៍អឺរ៉ុបទាំងមូល។
លោក ចន ស្ទីហ្វឹន បន្តថា ក្រុមមេដឹកនាំនៃបណ្តាប្រទេសទាំងនោះបានប្រាប់លោក ហ៊ុន សែន ជាមុនហើយថា មិនត្រូវចាប់ខ្លួនលោក សម រង្ស៊ី ទេ ហើយត្រូវឲ្យមេបក្សជំទាស់រូបនេះ ចូលរួមការបោះឆ្នោត បើមិនដូច្នោះទេនោះ លោក ហ៊ុន សែន នឹងជួបវិបត្តិដ៏ធំសម្រាប់កម្ពុជា គឺការកាត់ជំនួយទាំងអស់ ហើយនឹងមិនទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលក្រោយការបោះឆ្នោត៖ «សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន មិនថាសភា ឬក្រសួងការបរទេសសហរដ្ឋអាមេរិកទាំងមូលទេ តែសហរដ្ឋអាមេរិកនឹងជំរុញឲ្យប្រទេសផ្សេងទៀតធ្វើដូច្នោះដែរ ជាពិសេស ប្រទេសជប៉ុន សហភាពអឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសផ្សេងៗទៀត ដែលពួកគេមើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងជួបវិបត្តិដ៏ធំ ហើយអ្វីដែលពួកគេកំពុងបារម្ភយ៉ាងយកចិត្តទុកដាក់នោះ គឺការបោះឆ្នោតខែកក្កដា ខាងមុខនេះ នឹងមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ បញ្ហាសំខាន់នោះថា តើសហរដ្ឋអាមេរិកនឹងនិយាយយ៉ាងណា នៅក្រោយការបោះឆ្នោត។ តាមរយៈអនុសាសន៍របស់យើង ក្រសួងការបរទេសអាមេរិក និងសេតវិមាន ពួកគេមានការអាក់អន់ចិត្តជាខ្លាំង។ ប្រការនេះ នឹងនាំអោយមានការកាត់ជំនួយរបស់អាមេរិកផ្ទាល់ទៅកម្ពុជាខាងផ្នែកយោធា ហើយជាសំខាន់ទៅទៀតនោះ គឺសហរដ្ឋអាមេរិកនឹងបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឲ្យធ្វើដូច្នោះដែរ»។
ចំណែកលោក ផាទ្រីក មើឡូ (Patrick Merloe) តំណាងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) មានប្រសាសន៍ថា ករណីទោសទណ្ឌរបស់លោក សម រង្ស៊ី ត្រូវតែបញ្ចប់ ហើយលោក ហ៊ុន សែន ត្រូវតែអនុញ្ញាតឲ្យមេដឹកនាំបក្សជំទាស់ចូលប្រកួតប្រជែងការបោះឆ្នោតដោយគ្មានការភ័យខ្លាច៖ «ខ្ញុំគិតថា សវនាការសភាសហរដ្ឋអាមេរិកលើកនេះមានសារសំខាន់ណាស់ ដែលបានយកចិត្តទុកដាក់ខ្លាំងលើករណីប្រទេសកម្ពុជា ហើយបញ្ហាកម្ពុជាកំពុងល្បីខ្ទរខ្ទារពេញក្រុងវ៉ាស៊ីនតោន (Washington)តែម្តង។ ម្យ៉ាងទៀត សារព័ត៌មានក្នុងពិភពលោកក៏បានយកចិត្តទុកដាក់ផងដែរអំពីបញ្ហាកម្ពុជា ក្នុងដំណើរការបោះឆ្នោតនៅពេលដ៏ឆាប់ខាងមុខ។ ហើយខ្ញុំគិតថាករណីផ្ទន្តាទោសលើលោក សម រង្ស៊ី នឹងត្រូវបញ្ចប់ នាំមកនូវភាពត្រឹមត្រូវ និងយុត្តិធម៌សំរាប់រូបលោក»។
កាលពីថ្ងៃអង្គារ អន្តរសភារបស់សហភាពអឺរ៉ុប ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ទាមទារឲ្យលោក សម រង្ស៊ី ចូលប្រទេសវិញប្រកបដោយសេរីភាពពេញលេញ។ លោក សម រង្ស៊ី បានប្រកាសជាសាធារណៈថា លោកនឹងត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ នៅមុនថ្ងៃបោះឆ្នោតខាងមុខ បើទោះជាត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
Ah Phay Siphaom, just shut up your useless spoken language. You are very stupid and have no concern about the motherland "Cambodia" and Khmer people. You are just a parrot with your stupid words without going anywhere.
Post a Comment