ដោយ អ៊ុំ រង្សី
2016-07-04
អង្គការជនពិការកម្ពុជា និងតំណាងជនពិការមកពីបណ្ដាខេត្ត ធ្វើសន្និសីទសារព័ត៌មានស្ដីពីខួប ៧ឆ្នាំនៃការអនុម័តប្រើជាផ្លូវការនូវច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។ RFA/Um Rainsey
RFA/Um Rainsey
អង្គការជនពិការកម្ពុជា លើកឡើងថា ជនពិការកម្ពុជា នៅតែមិនទាន់មានសិទ្ធិចូលរួមការបោះឆ្នោតដោយពេញលេញបាននៅឡើយ និងនៅតែប្រឈមនឹងបញ្ហាចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ដោយសារមិនទាន់មានតារាងប្រភេទពិការភាពជនពិការនៅឡើយ។ ទន្ទឹមគ្នានេះ អង្គការជនពិការកម្ពុជា និងតំណាងជនពិការ ខកចិត្តចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធសំណើរបស់ខ្លួនដែលសុំឲ្យដាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី។
អង្គការជនពិការកម្ពុជា និងជនពិការ ស្នើជាថ្មីទៀតឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកប្រភេទតារាងប្រភេទពិការភាពក្នុងបញ្ជីបោះឆ្នោតថ្មី ដើម្បីបង្កភាពងាយស្រួយសម្រាប់មន្ត្រីការិយាល័យបោះឆ្នោត និងជនពិការនៅពេលទៅបោះឆ្នោត។
ការលើកឡើងរបស់អង្គការជនពិការនៅពេលនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីខួប ៧ឆ្នាំនៃការអនុម័តប្រើជាផ្លូវការនូវច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលរៀបចំនៅថ្ងៃទី៤ ខែកក្កដា។
នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីមិនទាន់បានបែងចែកប្រភេទពិការភាព ដែលជាហេតុធ្វើឲ្យពិបាករកឃើញចំនួនជនពិការពិតជាក់ស្ដែងដែលមានសិទ្ធិបោះឆ្នោត និងធ្វើឲ្យជនពិការកម្ពុជា នៅតែបាត់សិទ្ធិបោះឆ្នោត។ ទន្ទឹមគ្នានេះ លោកសោកស្ដាយដែល គ.ជ.ប បដិសេធសំណើសុំចែកប្រភេទពិការភាពនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី បើទោះជាអង្គការលោកបានលើកពីបញ្ហាប្រឈមរបស់ជនពិការក្នុងការបោះឆ្នោតយ៉ាងណាក្តី។
អ្នកធ្វើការពាក់ព័ន្ធនឹងជនពិការរូបនេះយល់ថា ការបដិសេធនេះមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិប៉ុណ្ណោះទេ វានឹងបង្កការលំបាកដល់ជនពិការនៅកម្ពុជា។ លោកជំរុញឲ្យ គ.ជ.ប ថ្មី ត្រូវតែពិចារណាឡើងវិញ ព្រមទាំងកែប្រែប្រវត្តិសាស្ត្រធ្វើយ៉ាងណាបន្ថែមតារាងប្រភេទឈ្មោះជនពិការ ដោយមានបញ្ជាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី៖ «យើងចង់ឲ្យ គ.ជ.ប ថ្មី បង្កើតប្រវត្តិសាស្ត្រមាន គ.ជ.ប ថ្មី ដូច គ.ជ.បចាស់ ដដែលទេ ហើយកុំឲ្យខ្មាសគេនៅពេលគេសួរ តើមានជនពិការប៉ុន្មាននាក់បានទៅបោះឆ្នោត? មានពិការភាពអីខ្លះ? តែគាត់បែរជាឆ្លើយថាអត់ដឹងទៅវិញ។ ឥឡូវនេះយើងខ្ញុំឲ្យ គ.ជ.ប ដាក់តែ ២ទេ បើគាត់ដាក់តែពីរ គឺប្រភេទពិការជើង និងពិការភ្នែកសិនទៅ ចង់ គ.ជ.ប គួរតែគិតគូរបញ្ហានេះផង»។
ទន្ទឹមគ្នានេះ តំណាងជនពិការជួយខ្លួនឯងមកពីខេត្តកំពង់ចាម លោក សយ សុខន បារម្ភថា ការបដិសេធរបស់ គ.ជ.ប មិនព្រមដាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី នឹងអាចធ្វើឲ្យជនពិការកម្ពុជា រារែកក្នុងការទៅបោះឆ្នោតនៅអាណត្តិថ្មីនេះ៖ «ចង់ឲ្យ គ.ជ.ប ពិចារណាឡើងវិញ។ តើការដាក់តារាងបែងចែកប្រភេទពិការភាព តើវាពិតជាធ្ងន់ធ្ងរសម្រាប់ គ.ជ.ប មែនអត់?»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា មូលហេតុបដិសេធមិនដាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី ដោយសារផ្អែកលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងនៅមានជនពិការខ្លះនៅតែលាក់លៀមពីអត្តសញ្ញាណរបស់ខ្លួន។ លោកអះអាងថា បញ្ហានេះមិនប៉ះពាល់ដល់សិទ្ធិជនពិការកម្ពុជា ក្នុងការបោះឆ្នោតនោះទេ៖ «ទីមួយ ទិដ្ឋភាពច្បាប់ មិនបានតម្រូវឲ្យ គ.ជ.ប ដាក់នោះទេ។ ទីពីរ កត្តាបច្ចេកទេស ជនពិការខ្លះនៅតែលាក់លៀមពីអត្តសញ្ញាណរបស់ខ្លួន តែបើសិនជាលិខិតបញ្ជាក់ពីប្រភេទពិការភាព គ.ជ.ប អាចនឹងពិចារណាចំណុចនេះ»។
សង្គមស៊ីវិលធ្វើការផ្នែកការពារជនពិការមើលឃើញថា កន្លងមកពេលបោះឆ្នោតម្តងៗ ជនពិការជួបបញ្ហាប្រឈមជាច្រើន មានដូចជា ការិយាល័យបោះឆ្នោតនៅឆ្ងាយ មិនមានជម្រាល មិនមាននិមិត្តសញ្ញាសម្គាល់ ពិបាកលើការចុះឈ្មោះបោះឆ្នោត មិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរ កង្វះព័ត៌មានអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការគថ្លង់ និងងងឹតភ្នែក ជាដើម។
អង្គការជនពិការកម្ពុជា និងជនពិការ នៅតែយល់ថា ការបន្ថែមតារាងប្រភេទឈ្មោះជនពិការដោយមានបញ្ជាក់ប្រភេទពិការភាពទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី គឺជាការលើកកម្ពស់សិទ្ធិជនពិការ ដើម្បីមានឱកាសចូលរួមបោះឆ្នោត ព្រោះថា ជនពិការមានប្រមាណជាង ១៥% ដែលស្មើនឹង ១,៥លាននាក់នៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment