ដោយ ខែ សុណង
2016-07-11
ភរិយារបស់លោក កែម ឡី យំឱបសពកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Rann Samnang
RFA/Rann Samnang
ភរិយារបស់លោក កែម ឡី បានបដិសេធចំពោះចម្លើយសារភាពរបស់ជនសង្ស័យថា លោក កែម ឡី ជំពាក់លុយ ៣ពាន់ដុល្លារ។
អ្នកស្រី បូ រចនា ជាភរិយាលោកបណ្ឌិត កែម ឡី បានថ្លែងថា អ្នកស្រីមិនអាចទទួលយកបានទេចំពោះជនសង្ស័យដែលបានបាញ់ប្រហារស្វាមីអ្នកស្រី ហើយបានផ្ដល់ចម្លើយដល់ប៉ូលិសបង្កាច់បង្ខូចស្វាមីអ្នកស្រី៖ «រឿងជំពាក់លុយខ្ញុំសូមបដិសេធហើយ ព្រោះប្ដីខ្ញុំតាំងពីរស់នៅជាមួយគ្នារហូតដល់បានលុយ ៤-៥នេះ គាត់អត់ដែលខ្ចីលុយនរណាបានមួយរយលុយខ្មែរទេ ដោយសារគាត់មិនហ៊ានហាមាត់រកគេ ជួនកាលអង្គការខ្លះគ្នាអត់សូវមានលុយកាក់អ៊ីចឹង គាត់ជួយទទេ។ គាត់យោបល់ជួយសរសេរឯកសារអ៊ីចឹងទៅ។ ចាប់តាំងពីខ្ញុំស្គាល់គាត់ គាត់ជាមនុស្សស្លូត អត់ដែលធ្វើបាបអ្នកដទៃទេ មានតែជួយយកអាសាគេទៀត ពាក្យសម្ដីនិយាយក៏អត់ធ្ងន់ដែរ»។
ការអះអាងនេះ បន្ទាប់ពីវីដេអូឃ្លីបត្រូវគេបង្ហោះចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យដែលបានសារភាពប្រាប់សមត្ថកិច្ចថា លោក កែម ឡី ជំពាក់លុយខ្លួន ៣.០០០ដុល្លាររយៈពេល ១ឆ្នាំមកហើយមិនព្រមសង។
ភរិយាលោកបណ្ឌិត កែម ឡី បញ្ជាក់ទៀតថា អ្នកស្រីគាំទ្រចំពោះការងារស្វាមីគាត់ក្នុងការវិភាគផ្ដល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋខ្មែរ។ អ្នកស្រីថ្លែងថា ស្វាមីគាត់តែងតែនិយាយប្រាប់ពីគោលបំណងធំក្នុងការងាររបស់លោក និងបានផ្ដែផ្ដាំឲ្យអ្នកស្រីរឹងមាំក្នុងការមើលថែកូនៗនៅពេលអត់ពីលោក៖ «គាត់និយាយរហូតដែរហ្នឹង គាត់ថាបើគាត់មានរឿងអីកុំយើងទន់ជ្រាយអ៊ីចឹងណា ឲ្យយើងតស៊ូទៅមើលកូន។ និយាយយើងអត់ដឹងថា ក្នុងចិត្តគាត់លាក់បាំងរឿងអីគេខ្លះទេ។ គាត់មិនឲ្យយើងដឹង ខ្លាចយើងពិបាកអីមិនដឹង ប៉ុន្តែគាត់និយាយថាកុំគិតច្រើន បើមានបញ្ហា យើងធ្វើខាងហ្នឹងវាប្រឈមមុខនឹងស្លាប់ហើយ បើមិនស្លាប់ក៏ជាប់គុកដែរ។ គាត់ឲ្យយើងតាំងស្មារតីឲ្យល្អ។ ទើបលើកមុនឮថាខាងប៉ូលិសខាងអីអ្នកធ្វើការធំៗ គេស្គាល់គាត់ គេថាឲ្យភៀសខ្លួនទៅ គេមានគម្រោងចង់ចាប់ គាត់ថាអត់អីទេ គេចង់ចាប់ក៏ចាប់ទៅ គាត់អត់ធ្វើអីខុស គាត់អត់រត់ទេ។ ឮតែម្ដងមកបាត់ឈឹងរហូត។ កាលពីដំបូងយើងចេះតែព្រួយបារម្ភ ពេលគាត់ឡើងទៅវិភាគនៅអាស៊ីសេរី ចឹង។ ដល់ពេលគាត់ពន្យល់គិតសព្វៗទៅ មានតែលើកទឹកចិត្តឲ្យគាត់ធ្វើ។ ខ្ញុំសប្បាយចិត្តនឹងគាត់ធ្វើរាល់ថ្ងៃហ្នឹង»។
ទោះជាយ៉ាងណា អ្នកស្រី បូ រចនា បានសម្ដែងក្ដីបារម្ភចំពោះសុវត្ថិភាពគ្រួសារអ្នកស្រី និងជោគវាសនាកូនៗអ្នកស្រីក្នុងការបន្តការរៀនសូត្រ៕
No comments:
Post a Comment