ដោយ ម៉ែន សុធីរ
2016-07-06
មេប៉ុស្តិ៍នគរបាលកោះស្រឡាយ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក គង់ សោភ័ណ ដែលហាមឃាត់អ្នកសារព័ត៌មានមិនឲ្យចុះយកព័ត៌មាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦។
RFA/Men Sothyr
សមត្ថកិច្ចឃុំកោះស្រឡាយ ស្រុកសៀមបូក ខែត្រស្ទឹងត្រែង អះអាងថា អ្នកសារព័ត៌មានមិនអាចយកព័ត៌មាននៅលើដីកោះនោះបានទេ ប្រសិនពុំមានការអនុញ្ញាតពីអាជ្ញាធរ។ កាលើកឡើងនេះ នៅគ្រាដែលអ្នកយកព័ត៌មានវិទ្យុ-ទូរទស្សន៍អាស៊ីសេរី បានយកព័ត៌មានពីស្ថានភាពសេវាអប់រំរបស់សិស្សនៅសាលាបឋមសិក្សាកាំងដែក និងអនុវិទ្យាល័យកោះស្រឡាយ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកការរាំងអ្នកសារព័ត៌មានរបស់សមត្ថកិច្ចថា អាចជារឿងបុគ្គល។
មេប៉ុស្តិ៍នគរបាលឃុំកោះស្រឡាយ ស្រុកសៀមបូក លោក គង់ សោភ័ណ អមដោយនគរបាល ២នាក់ទៀត បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែកក្កដា ថា លោកមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានណាចុះយកព័ត៌មានតំបន់នេះបានទេ ដរាបណាពុំមានការអនុញ្ញាតពីអាជ្ញាធររដ្ឋាភិបាល។ លោកនិយាយទាំងកំហឹងថា មិនឲ្យថតផ្ដេសផ្ដាសទេ ព្រោះទីនេះមានអាជ្ញាធរគ្រប់គ្រង។
លោកអះអាងថា នេះជាបញ្ជារបស់អភិបាលស្រុកសៀមបូក លោក សន សារឿន៖ «ចំណុចសំខាន់គឺសុំច្បាប់ ជាគោលការណ៍ដំបូងហើយអាហ្នឹង។ ទៅកន្លែងណាក៏ដោយ សូម្បីតែខ្ញុំចង់ឆ្លងទាក់ទងចាប់ជនល្មើសក៏ត្រូវទាក់ទងអាជ្ញាធរដែនដីរបស់គេដែរ»។
អភិបាលស្រុកសៀមបូក លោក សន សារឿន មិនធ្វើអធិប្បាយករណីទេ នៅថ្ងៃទី៦ កក្កដា ដោយលោកជំរុញឲ្យសួរអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី៦ កក្កដា ព្រោះទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី៦ កក្កដា ថា ជាគោលការណ៍ក្រសួងមហាផ្ទៃ ពុំបានណែនាំឲ្យអាជ្ញាធរណាហាមឃាត់អ្នកកាសែតមិនឲ្យចុះយកព័ត៌មាននោះទេ។ លោកបញ្ជាក់ថា ករណីនេះអាចជារឿងបុគ្គល ហើយមិនពាក់ព័ន្ធក្រសួងមហាផ្ទៃ ឡើយ៖ «ក្រសួងមហាផ្ទៃ មិនហាមឃាត់ទេ អត់មានគោលការណ៍ណែនាំហាមឃាត់ទេ។ គ្រាន់ថា ពាក្យខ្មែរថោកអីនឹងដៃថ្លៃអីនឹងមាត់។ ដោះស្រាយបានបញ្ហាតូចតាច»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ថា បើអ្នកសារព័ត៌មានថតនៅទីសាធារណៈ ហើយមានការរារាំងពីសមត្ថកិច្ច លោកយល់ថា សមត្ថកិច្ចនៅមិនទាន់យល់ពីតួនាទីអ្នកសារព័ត៌មាននៅឡើយទេ។ ករណីនេះលោកអំពាវនាវឲ្យសមត្ថកិច្ចពិចារណាឡើងវិញ ចៀសវាងការរារាំង ឬរំខានការងាររបស់អ្នកយកព័ត៌មានពេលកំពុងបំពេញវិជ្ជាជីវៈ៖ «ថតនៅទីសាធារណៈមានការរារាំងពីសមត្ថកិច្ច។ ខ្ញុំគិតថា សមត្ថកិច្ចមិនទាន់យល់ពីតួនាទីរបស់អ្នកសារព័ត៌មាន។ សូមអំពាវនាវឲ្យសមត្ថកិច្ចពិនិត្យឡើងវិញអំពីបញ្ហាហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកការរារាំងអ្នកសារព័ត៌មាននៅទីសាធារណៈរបស់សមត្ថកិច្ចគឺជាការរំលោភសិទ្ធិមនុស្ស និងបំបាក់ស្មារតីពលរដ្ឋមិនឲ្យផ្ដល់ព័ត៌មានពីភាពមិនប្រក្រតីនានា នៅតំបន់នោះ។ លោកសង្ស័យថា ការយកកម្លាំងប្រដាប់អាវុធរារាំងអ្នកសារព័ត៌មានរបស់អាជ្ញាធររដ្ឋាភិបាលមិនឲ្យយកព័ត៌មាន អាចជាសញ្ញាបង្ហាញពីភាពមិនប្រក្រតីធ្ងន់ធ្ងរនៅតំបន់នោះ៖ «ដូចចុះទៅហាមឃាត់អ៊ីចឹង។ អាហ្នឹងកុម្មុយនិស្តចំហើយ។ គ្រាន់តែដើរទៅ ឬថតនៅទីសាធារណៈចាំបាច់សុំច្បាប់ វាមិនត្រូវ»។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ ចាត់ទុកករណីនេះថា ជាការយល់ច្រឡំដ៏ធំមួយរបស់អាជ្ញាធរមូលដ្ឋានអំពីសេរីភាពសារព័ត៌មាន ឬក៏សេរីភាពបញ្ចេញមតិ។
លោកពន្យល់ថា សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិបានធានាក្នុងរដ្ឋធម្មនុញ្ញមាត្រា ៣១ និងកតិកាសញ្ញាអន្តរជាតិមាត្រា ១៩ ដែលចែងថា អ្នកសារព័ត៌មាន ឬសាធារណជនទូទៅមានសិទ្ធិគ្រប់គ្រាន់ស្វែងរកព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន គ្រប់រូបភាព និងមធ្យោបាយទាំងអស់ គ្មានដែនកំណត់ ហើយការហាមឃាត់ណាមួយពីអាជ្ញាធរក្តី ដោយបុគ្គលណាក្តី គឺជាទង្វើខុសច្បាប់៖ «វាអាចបង្កើតបានជាទម្លាប់អាក្រក់មួយ ប្រសិនជាអាជ្ញាធរ ឬក៏មន្ត្រីណាម្នាក់ រឹតត្បិតសេរីភាពសារព័ត៌មានបាន គំរាមកំហែងអ្នកសារព័ត៌មានបាន ពេលនោះគេនឹងធ្វើត្រាប់តាមគ្នាដោយរំលោភច្បាប់សារព័ត៌មាន និងរដ្ឋធម្មនុញ្ញតែម្ដង»។
មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយណាទាក់ទិនសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ដែលកម្ពុជា ទទួលស្គាល់ថា ជាច្បាប់កម្ពុជា។
កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមាត្រា១៩ ចែងថា ជនគ្រប់រូបមានសិទ្ធិប្រកាន់មតិយោបល់ដោយគ្មានការជ្រៀតជ្រែក ហើយជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះត្រូវបានរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាងដោយមិនគិតពីព្រំដែនដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ពតាមទម្រង់សិល្បៈក្ដី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្ដីតាមការជ្រើសរើសរបស់ខ្លួន៕
No comments:
Post a Comment