A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 4 June 2016
អតីតអ្នកកាន់បញ្ជីថាអ្នកទោសត្រូវតែស្លាប់ពេលចូលដល់គុកទួលស្លែង
អតីតអ្នកកាន់បញ្ជីថាអ្នកទោសត្រូវតែស្លាប់ពេលចូលដល់គុកទួលស្លែង
ដោយ ឡេង ម៉ាលី
2016-06-02
អតីតអ្នកធ្វើបញ្ជីឈ្មោះអ្នកទោសនៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង លោក សួស ធី ផ្ដល់សក្ខីកម្មនៅអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។
Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២ ខែមិថុនា ចាប់ផ្ដើមធ្វើសវនាការរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានផ្អាកចាប់តាំងថ្ងៃទី២៣ ខែឧសភា មក។ សវនាការនៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា អង្គជំនុំជម្រះសាលាដំបូងស្ដាប់សក្ខីកម្មសាក្សីអតីតជាអ្នកធ្វើបញ្ជីអ្នកទោសមួយរូប នៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ក្នុងរបបខ្មែរក្រហម។
អតីតជាអ្នកធ្វើបញ្ជីឈ្មោះអ្នកទោសនៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង គឺលោក សួស ធី ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា អ្នកទោសដែលគេបញ្ជូនទៅដល់គុកនោះ គឺលោកសន្មតថា ជាអ្នកត្រូវគេសម្លាប់ទាំងអស់៖ «តាមខ្ញុំដឹង គឺកម្រមានណាស់ ដែលបានដើរចេញពីខ្លោងមន្ទីរសន្តិសុខ ស-២១ ទៅផ្ទះវិញ។ ខ្ញុំសុំបញ្ជាក់ គឺអត់មាន។ ការដែលយើងធ្វើ គឺយើងចេះធ្វើទៅតាមការងារយើង យើងអត់មានសិទ្ធិឯណាទៅគិតគូរអាណិតអាសូរអ្នកទោសថា មូលហេតុអីគេចាប់មក យើងអត់ហ៊ាននិយាយអីទាំងអស់។ ឱ្យតែអ្នកទោសមក យើងដឹងតែខំប្រឹងធ្វើការកត់ឈ្មោះអ្នកទោសចូលបានត្រឹមត្រូវតែប៉ុណ្ណឹង ព្រោះយើងខិតខំយ៉ាងណាបំពេញភារកិច្ចយើងឱ្យបាន កុំឱ្យតែយើងខុស ដឹងតែយើងជាខ្មាំងរបស់គេហើយ។ ដូច្នេះយើងធ្វើយ៉ាងណាកុំមានកំហុស»។
លោក សួស ធី ថ្លែងថា លោកមិនបានដឹងអំពីការងារសួរចម្លើយអ្នកទោសទេ ពីព្រោះលោកនៅក្នុងកងការពារអ្នកទោស ហើយអ្នកសួរចម្លើយនៅក្នុងកងផ្សេងគ្នា។ លោកថា ការងារស្នូលរបស់លោកគឺកត់ត្រាឈ្មោះ និងចំនួនអ្នកទោសដែលគេនាំចូល និងដកចេញពីទួលស្លែងនោះ ឱ្យបានត្រឹមត្រូវបំផុតដើម្បីកុំឱ្យខ្លួនក្លាយជាអ្នកទោសដែរ។
លោកឱ្យដឹងថា ការដកយកអ្នកទោសយកទៅសម្លាប់មិនមានចំនួនទៀងទាត់ទេ គឺអាស្រ័យតាមចំនួនអ្នកទោសដែលនាំចូលច្រើន ការយកទៅសម្លាប់ក៏ច្រើនតាមការបញ្ជារបស់ប្រធានឈ្មោះ ហ៊ និង កាំង ហ្កេកអ៊ាវ ហៅ ឌុច៖ «ការដកអ្នកទោសចេញ គឺ ឌុច គេចារមកឱ្យ ហ៊ ហើយ ហ៊ យកក្រដាសដែលគេចារហ្នឹងប្រគល់មកឱ្យខ្ញុំធ្វើបញ្ជី ដើម្បីដក ដើម្បីឱ្យដឹងថា អ្នកទោសនៅបន្ទប់ៗ។ ចំណារដែល ឌុច ចារនៅចុងក្រដាសហ្នឹង គេដាក់ កំ កំ នៅចុងសន្លឹកហ្នឹង គឺ ឌុច គេចារមក។ ពាក្យ កំ គឺជាពាក្យថា កម្ទេច ហ្នឹង»។
លោក សួស ធី ជាអ្នកធ្វើបញ្ជីអ្នកទោសនៅគុកទួលស្លែង ពេញមួយរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ បញ្ជីឈ្មោះអ្នកទោសនៅគុកទួលស្លែង ដែលត្រូវបានសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម យកមកធ្វើជាភស្តុតាងកាត់ទោស លោក ឌុច ឱ្យជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿងលេខ ០០១ មានអ្នកទោសចំនួនជាង ១ម៉ឺន ២ពាន់នាក់ (១២.២៧២) ត្រូវបានគេយកទៅសម្លាប់។ ទោះជាយ៉ាងនេះក្ដី សាក្សី សួស ធី បញ្ជាក់ថា កុមារដែលមកជាមួយអ្នកទោសជាឪពុកម្ដាយ និងអ្នកទោសសំខាន់ៗ ដែលមានឋានៈខ្ពស់ចាប់ពីប្រធានកងពលទៅ លោកមិនបានកត់ឈ្មោះចូលក្នុងបញ្ជីទេ។ កុមារត្រូវបានគេបំបែកមុនពេលគេដកឪពុកម្ដាយទៅសម្លាប់។
អង្គជំនុំជម្រះសាលាដំបូងគ្រោងធ្វើសវនាការសួរដេញដោលសាក្សី សួស ធី រយៈពេល ៣ថ្ងៃទាក់ទងនឹងការងាររបស់លោកនៅគុកទួលស្លែងនោះ។ អង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មរបស់សាក្សីរូបនេះបន្តទៀត នៅថ្ងៃសុក្រ ទី៣ ខែមិថុនា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment