A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 1 June 2016
គណៈមេធាវីកម្ពុជានឹងកោះប្រជុំក្រុមប្រឹក្សាជុំវិញការឃាត់ខ្លួនសមាជិករបស់ខ្លួន
ដោយ យ៉ង ចាន់តារា
2016-05-31 rfa
Photo courtesy of Bar Association of Cambodia
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៣១ ឧសភា ថា គណៈមេធាវីនឹងកោះប្រជុំក្រុមប្រឹក្សារបស់ខ្លួន ដើម្បីពិភាក្សាអំពីករណីឃាត់ខ្លួនលោក ពេជ រតនា ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំនោះ នឹងត្រូវប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែមិថុនា៖ «ខ្ញុំប្រជុំដើម្បីសម្រេចទៅលើករណីបែបនេះ ហើយយើងនឹងចាត់មេធាវីដើម្បីជួយការពារគាត់ទៅតាមផ្លូវច្បាប់»។
កាលពីព្រឹកថ្ងៃទី៣១ ឧសភា អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនមេធាវីម្នាក់ឈ្មោះ លោក ពេជ រតនា មកសាកសួរពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រោយស្តាប់ចម្លើយរបស់លោក ពេជ រតនា អង្គភាពរបស់លោកបានសម្រេចឃាត់ខ្លួនមេធាវីរូបនេះនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣១ ឧសភា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងរយៈពេល ៤៨ម៉ោង។
លោក ពេជ រតនា គឺជាមេធាវីនៃការិយាល័យក្រុមមេធាវីយុត្តិធម៌ និងសហការី ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រធានគណៈមេធាវី លោក ប៊ុន ហុន បញ្ជាក់ថា គណៈមេធាវីនឹងស៊ើបអង្កេតរឿងនេះ ហើយបើសិនជារកឃើញថា លោក ពេជ រតនា បានប្រព្រឹត្តកំហុសដូចការចោទប្រកាន់មែន លោកនឹងត្រូវទទួលទណ្ឌកម្មតាមវិធានវិជ្ជាជីវៈរបស់គណៈមេធាវី ក្រៅតែពីទទួលទោសតាមច្បាប់។ ផ្ទុយទៅវិញ បើសិនជាលោក ពេជ រតនា មិនបានបំពានវិធានវិជ្ជាជីវៈ និងច្បាប់នោះទេ គណៈមេធាវីនឹងប្រឹងប្រែងជួយអន្តរាគមន៍លើរឿងនេះទៅតាមផ្លូវច្បាប់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment