A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 2 June 2016
បទវិភាគ៖ តើកត្តាអ្វីខ្លះដែលនាំឲ្យពលរដ្ឋតវ៉ាចំពោះការអនុវត្តនីតិវិធីរបស់ស្ថាប័នរដ្ឋ?
ដោយ ថា កិត្យា
2016-06-02
អាជ្ញាធរបំបែកក្រុមអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលប៉ុនប៉ងទៅជួបជុំគ្នានៅមុខពន្ធនាគារព្រៃស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA/Uon Chhin
RFA/Uon Chhin
ជារឿយៗស្ទើររាល់ការអនុវត្តនីតិវិធីរបស់ស្ថាប័នរដ្ឋមួយចំនួនតែងតែទទួលរងនូវការរិះគន់ ថ្កោលទោស និងបណ្ដាលឲ្យប្រជាពលរដ្ឋចេញលើកបដាតវ៉ាតាមផ្លូវ ដើម្បីសម្ដែងការមិនពេញចិត្ត និងស្វែងរកយុត្តិធម៌ជាហូរហែ។ មជ្ឈដ្ឋានទូទៅចោទថា ការអនុវត្តនីតិវិធីរបស់ស្ថាប័នទាំងនោះ ជាពិសេសតុលាការមិនឯករាជ្យ ឋិតក្រោមសម្ពាធនយោបាយ និងអ្នកមានលុយ មានអំណាច ជាពិសេសប្រមុខរដ្ឋាភិបាលតែម្ដង បើទោះបីជាលោក ហ៊ុន សែន អះអាងជាច្រើនលើកថា លោកមិនមានឥទ្ធិពលជ្រៀតជ្រែកលើកិច្ចការតុលាការ និងស្ថាប័នរដ្ឋមួយចំនួនទៀតក្តី។
តើមានកត្តាអ្វីខ្លះដែលបណ្ដាលឲ្យមហាជន តវ៉ាមិនពេញចិត្តចំពោះការអនុវត្តនីតិវិធីរបស់ស្ថាប័នរដ្ឋ និងចោទថា មិនឯករាជ្យនោះ?
នៅកម្ពុជា បើទោះបីជារដ្ឋាភិបាលបានព្យាយាមបង្ក្រាបទប់ស្កាត់ហាមឃាត់ និងចាប់ចងអ្នកដើរដង្ហែក្បួនតវ៉ា និងអ្នកធ្វើបាតុកម្មក្តី ប្រទេសនេះនៅតែពើបប្រទះការធ្វើបាតុកម្មជាប្រចាំ។ សកម្មភាពតវ៉ាមិនឈប់មិនឈរនេះ ប្រហែលជាដូចពាក្យថា "ទីណាមានការជិះជាន់ទីនោះមានការរើបម្រាស់" ទោះជាចុងកាណុងកាំភ្លើងពង្រាយត្រៀបត្រាក្ដី។
យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលកំពុងកើតឡើង ផ្ដួចផ្ដើមដោយសង្គមស៊ីវិល និងប្រជាពលរដ្ឋរងគ្រោះដីធ្លី ទាំងនៅភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ជាព្រឹត្តិការណ៍មួយក្នុងចំណោមការកើតទុកមិនសុខចិត្តនឹងចំណាត់ការរបស់តុលាការ។ ពួកគេនាំគ្នាតវ៉ាសុំអោយដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប មួយរូប ដែលកំពុងជាប់ឃុំក្រោមបទចោទសូកប៉ាន់សាក្សី និងរួមគំនិតសូកប៉ាន់សាក្សី។
ទន្ទឹមនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ គណបក្សសង្គ្រោះជាតិ ក៏បានកៀរគរអ្នកគាំទ្រអោយធ្វើមហាបាតុកម្មអហិង្សាដោយដើរដង្ហែក្បួនថ្វាយញត្តិដល់ព្រះមហាក្សត្រដើម្បីឲ្យព្រះអង្គបន្ធូរបន្ថយកម្ដៅនយោបាយ បន្ទាប់ពីរដ្ឋាភិបាលចាប់ខ្លួនសកម្មជន និងតំណាងរាស្ត្រដាក់ពន្ធនាគារជាបន្តបន្ទាប់ ហើយថែមទាំងប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំងទៀតផង។
ក្រៅពីពលរដ្ឋខ្មែរម្ចាស់ស្រុកនោះ មជ្ឈដ្ឋានអន្តរជាតិក៏ចេញលិខិតថ្កោលទោសជាបន្តបន្ទាប់ ថាការអនុវត្តច្បាប់របស់ស្ថាប័នរដ្ឋមួយចំនួនមានភាពមិនប្រក្រតីដោយជញ្ជីងយុត្តិធម៌ និងជំហរអព្យាក្រឹត ត្រូវបានផ្អៀងទៅរកអ្នកមានលុយ មានអំណាច ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត។
តាមពិត ស្ថាប័នរដ្ឋនីមួយៗ ដូចជាស្ថាប័នតុលាការជាដើម មានតួនាទីសំខាន់ណាស់សម្រាប់ដោះស្រាយជម្លោះ និងរកខុសត្រូវជូនមនុស្សគ្រប់រូប បញ្ចប់អំពើនិទណ្ឌភាព ដើម្បីផ្ដល់យុត្តិធម៌សង្គម និងសេចក្ដីសុខក្នុងចិត្តដល់ពលរដ្ឋ។ តែពីមួយឆ្នាំទៅមួយឆ្នាំ ការអនុវត្តច្បាប់របស់ស្ថាប័នរដ្ឋទាំងនោះ គេសម្គាល់ថា បានបង្កើតជម្លោះកាន់តែកើនឡើងទៅវិញ រវាងអ្នកនយោបាយ និងអ្នកនយោបាយរវាងអ្នកមានអំណាច និងអ្នកអត់អំណាចរវាងអ្នកមាន និងអ្នកក្រខ្សត់។
បើនិយាយពីការអនុវត្តច្បាប់របស់ស្ថាប័នរដ្ឋដែលគ្រប់គ្រងដោយបក្សកាន់អំណាច ជាពិសេសប្រព័ន្ធតុលាការតែម្ដង ភាពមិនប្រក្រតីមានច្រើនណាស់។ សេចក្ដីរាយការណ៍ខ្លីមួយនេះ និយាយមិនអស់ទេ ប៉ុន្តែសូមលើកខ្លះៗទៅចុះ។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា លើកបង្ហាញដៃជាប់ខ្នោះ ក្នុងពេលបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ Photo provided
កាលពីចុងខែមេសា កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូប ដោយគ្រាន់តែសំអាងលើលិខិតចំហរបស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលចោទថា អ្នកទាំងនោះបានលួងលោម និងសូកប៉ាន់នាង មិនឲ្យនិយាយការពិតដល់សមត្ថកិច្ចក្នុងសំណុំរឿងខ្សែអាត់សំឡេងសាសងតាមទូរស័ព្ទរវាងនាង និងលោក កឹម សុខា។
តាមពិតស្រីមុំ ខ្លួនឯងទេ និយាយថា មិនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ខណៈនាងទៅសុំជំនួយការពារផ្នែកច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក ដោយបន្សល់ទុកខ្សែវីដេអូ សម្ភាសជាភស្តុតាងទៀតផង។ ក្នុងពេលកាន់ក្ដីរឿងស្រីមុំ នោះ អាដហុក ត្រូវគេរាយការណ៍ថា បានផ្ដល់ប្រាក់ ២០៤ដុល្លារ តាមលិខិតស្នើសុំរបស់កញ្ញាស្រីមុំ ដូចអ្វីដែលអាដហុក ធ្លាប់ផ្ដល់ឲ្យជនរងគ្រោះផ្សេងទៀត ដោយមានវិក្កយបត្រត្រឹមត្រូវ សម្រាប់ចំណាយលើការធ្វើដំណើរម្ហូបអាហារ និងស្នាក់នៅ ពេលមកកាន់សមាគមអាដហុក និងឡើងតុលាការ។
តាមច្បាប់ប្រឆាំងអំពើពុករលួយ និងក្រមព្រហ្មទណ្ឌ បានកំណត់ច្បាស់ថា "អ្នកសូក និងអ្នកស៊ីសំណូក" មានទោសដូចគ្នា។ បទស៊ីសំណូកក្នុងមាត្រា ៥៩៤ ក្នុងក្រមព្រហ្មទណ្ឌ បានកំណត់ពីការផ្ដន្ទាទោស “អ្នកស៊ីសំណូក” ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី៧ឆ្នាំ ទៅ ១៥ឆ្នាំ។ តែរហូតមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការមិនទាន់ចាត់ការលើអ្នកស៊ីសំណូកឡើយ។
ដោយឡែកក្នុងរឿងរ៉ាវឆ្លើយដាក់ដូចគ្នានេះ សមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (International Consortium of Investigative Journalists) បានទម្លាយឯកសារប៉ាណាម៉ា (Panama Papers) កាលពីពេលថ្មីៗ ចោទរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និងមានជនជាតិកម្ពុជា ជាង ២០នាក់ផ្សេងទៀតជាប់ទាក់ទងនឹងរឿងអាស្រូវលាងលុយកខ្វក់ និងគេចមិនបង់ពន្ធនោះ គេមិនឃើញអង្គភាពប្រឆាំងអំពើពុករលួយ ចេញវិធានការអោយក្ដៅគគុកដូចរឿងមន្ត្រីសិទ្ធិមនុស្សឡើយ បន្ទាប់ពីលោក អង្គ វង្សវឌ្ឍានា បដិសេធការចោទប្រកាន់នោះ។ មានសំណុំរឿងជាច្រើនទៀតដែលប្រជាពលរដ្ឋប្ដឹង និងទាមទារអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាល អ្នករកស៊ីកាប់ព្រៃឈើ និងមន្ត្រីយាមច្រកទ្វារព្រំដែន ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឆ្លើយថា មិនមានសមត្ថកិច្ចទេ។
ទោះជាយ៉ាងណា ក្រោយពីបែកធ្លាយឯកសារប៉ាណាម៉ា នោះ នៅលើពិភពលោក និងប្រទេសដទៃទៀត សុទ្ធតែលើកឡើងថា គឺឯកសារប៉ាណាម៉ា ជាការពិត ហើយត្រូវបានប្រទេសទាំងនោះ មានចំណាត់ការលើបុគ្គលថ្នាក់ដឹកនាំ ដែលមានឈ្មោះរកស៊ីមិនត្រឹមត្រូវទាំងនោះ។ ជាលទ្ធផល នាយករដ្ឋមន្ត្រីនៃអ៊ីស្លង់ (Iceland) ដែលជាប់ពាក់ព័ន្ធនឹងការកាន់កាប់ក្រុមហ៊ុននៅដែនកោះរបស់ចក្រភពអង់គ្លេស (British Virgin Islands) បានចុះចេញពីតំណែង។ នៅប្រទេសអេស្ប៉ាញ (Spain) រដ្ឋមន្ត្រីម្នាក់ត្រូវអាជ្ញាធររកឃើញថា បានកុហកពីការមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនក្រៅស្រុក (offshore company)។ ចំណែកឯប៉ូលិសនៃប្រទេសអ៊ុយរុយហ្គាយ (Uruguay) បានចាប់បុគ្គលប្រាំរូបដែលជាប់សង្ស័យថា បានលាងលុយកខ្វក់ឲ្យអ្នកជួញដូរគ្រឿងញៀនម្នាក់។
ងាកទៅនិយាយពីសំណុំរឿងអ្នកនាង ខុម ចាន់តារាទី វិញ ទោះបីជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ព្យាយាមធ្វើឲ្យតូចមិនឲ្យរីករាលដាលធំក្ដី ប៉ុន្តែមានមនុស្សជាច្រើននាក់ត្រូវបានចូលពន្ធនាគារ ជាពិសេសអាដហុក ស្ទើរអស់មន្ត្រីសំខាន់ៗពីស្ថាប័ន។
ចំណែកសំណុំរឿងពុករលួយរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោះលែងមេខ្លោងជួញដូរគ្រឿងញៀនជាថ្នូរនឹងរថយន្តស៊េរីទំនើប ១គ្រឿងម៉ាកអូឌី មានតម្លៃប្រមាណ ១០ម៉ឺនដុល្លារ គឺអង្គភាពប្រឆាំងអំពើពុករលួយ ហាក់មិនបានស៊ើបអង្កេត ឬនាំខ្លួនមន្ត្រីតុលាការផ្សេងទៀតឡើយ។
លោក អាំង មាលតី ត្រូវបានសាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ តែត្រូវអនុវត្ត ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥លានរៀល។ មន្ត្រីសង្គមស៊ីវិលដែលតាមដានសំណុំរឿងនេះនិយាយថា សាលក្រមនេះមានភាពធូរស្រាលពេក។
បើបន្តរម្លឹក និងបន្តពិនិត្យករណីប្រព័ន្ធយុត្តិធម៌នោះ នៅមានរឿងអយុត្តិធម៌ជាច្រើនទៀត ដូចករណីចាប់ខ្លួន និងកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិ ជាង ១០នាក់ដែលជាប់ចោទក្នុងសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤។
រឿងក្ដីនយោបាយនោះ គឺសកម្មជន រួមទាំងលោក មាជ សុវណ្ណារ៉ា ត្រូវបានតុលាការកាត់ក្តីឲ្យជាប់គុកពី ៧ឆ្នាំ ទៅ ២០ឆ្នាំពីបទដឹកនាំចលនាកុបកម្ម និងចូលរួមចលនាកុបកម្ម។ ថ្វីត្បិតតែតុលាការអាចមានភស្តុតាងដាក់បន្ទុកដទៃទៀត តែអ្វីដែលគេបានឃើញ និងបានឮ គឺលោក មាជ សុវណ្ណារ៉ា កាន់ក្បាលមេក្រូ ស្រែកឃាត់កុំឲ្យបាតុករ ដែលមួយចំនួនជាជនបង្កប់របស់អាជ្ញាធរសមត្ថកិច្ច វាយទៅលើក្រុមសន្តិសុខរបស់សាលារាជធានីភ្នំពេញ ឲ្យបែកក្បាលហូរឈាម។
ចំណាត់ការរបស់ប្រព័ន្ធតុលាការដូច្នេះ នាំឲ្យមានការចោទសួរថា ចុះកន្លងមក ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានវាយលើបាតុករដីធ្លី បាតុករគណបក្សសង្គ្រោះជាតិ សកម្មជនសិទ្ធិមនុស្ស រួមទាំងអ្នកកាសែត រហូតដល់បែកក្បាលសន្លប់ កាលពីពេលធ្វើបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ២០១៣ ម្ដេចក៏តុលាការមិនចាត់ការដែរទៅ បែរជាតម្កល់ទុកសំណុំរឿងប្ដឹងនោះទៅវិញ?
រឿងចម្លែកមួយទៀត កាលពីឆ្នាំមុននោះ គឺការបើកសង្វៀនប្រដាល់សេរីពីសំណាក់ក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ដោយបានវាយទាត់ធាក់ទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបស្ទើរស្លាប់រស់នោះ គេមិនឃើញអាជ្ញាធរ និងតុលាការតាមចាប់មេខ្លោង និងអ្នកដឹកនាំបាតុកម្ម ដូចករណីសកម្មជនសិទ្ធិមនុស្ស ពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យឡើយ។ អំពើហិង្សាលើតំណាងរាស្ត្រនោះ គឺតុលាការសម្រេចឃុំខ្លួន១ឆ្នាំលើអង្គរក្សលោក ហ៊ុន សែន តែបីនាក់ប៉ុណ្ណោះ ដែលចេញមុខសារភាព ហើយបើកុំតែចេញសារភាពនោះ កុំអីសមត្ថកិច្ចប៉ូលិស និងតុលាការរកមុខមិនឃើញទៀត។
ក្នុងរឿងក្ដីនយោបាយថ្មីសន្លាងនេះវិញ តុលាការ រដ្ឋសភា ក្រសួងមហាផ្ទៃ និងក្រសួងមានសមត្ថកិច្ចជាច្រើន បានសហការធ្វើការឆ្លើយឆ្លងគ្នាយ៉ាងលឿនក្នុងការចាប់ចង ចោទប្រកាន់តំណាងរាស្ត្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានកងកម្លាំងពិសេសប្រដាប់ដោយអាវុធទំនើបៗ ដេញចាប់ដូចតាមកម្ទេចក្រុមភេរវជនអ៊ីចឹង បន្ទាប់ពីលោកមិនចូលបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍ និងបទពេស្យាចារក្នុងរឿងអាស្រូវស្នេហា។ រីឯលោក សម រង្ស៊ី ប្រមុខបក្សប្រឆាំង ត្រូវបានតុលាការផ្ដន្ទាទោស និងចោទប្រកាន់ផ្ទួនៗ រហូតមិនហ៊ានចូលស្រុក បន្ទាប់ពីទទួលពាក្យបណ្ដឹងពីមន្ត្រីធំៗរបស់លោក ហ៊ុន សែន។
១៥-មករា-២០១៥៖ ពលរដ្ឋក្នុងសហគមន៍មានទំនាស់ដី តវ៉ា ដាក់ញត្តិនៅស្ថានទូតបារាំង រាជធានីភ្នំពេញ ទាមទារឲ្យជួយឃ្លាំមើលសវនាការសាលាឧទ្ធរណ៍លើស្ត្រីបឹងកក់ និងបុរីកីឡា ១០នាក់។ RFA/Rann Samnang
សកម្មភាពចាត់ការដ៏តក់ក្រហល់លើបក្សប្រឆាំងនេះ ក៏នាំឲ្យមហាជនឆ្ងល់ដែរថា ហេតុអ្វីក៏សំណុំរឿងសមត្ថកិច្ចប្រើហិង្សាលើសកម្មជនដីធ្លីនៅសហគមន៍បឹងកក់ ១០នាក់ កាលពីឆ្នាំ២០១៣ ម្ដេចក៏មិនចាត់ការឲ្យលឿនដែរទៅ? រឿងនេះ ក្រុមស្ត្រីបឹងកក់ បានដាក់ពាក្យប្ដឹងទៅតុលាការជាង ៣ឆ្នាំហើយ បន្ទាប់ពីក្រុមសមត្ថកិច្ចជាច្រើនរយនាក់ និងជនស្លៀកស៊ីវិលបានប្រើហិង្សាទៅលើពួកគាត់ ដោយខ្លះបានប្រើចម្ពាមកៅស៊ូបាញ់បណ្ដាលឱ្យអ្នកខ្លះរបួសដៃ ជើង ខ្លួន និងក្បាល កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ខណៈពួកគាត់កំពុងធ្វើកូដកម្មបង្អត់អាហារនៅរមណីយដ្ឋានវត្តភ្នំ ដើម្បីទាមទារឲ្យពន្លឿនដោះស្រាយបញ្ហាវិវាទដីធ្លី និងលំនៅឋានរបស់ពួកគាត់។
បើគិតចាប់តាំងពីឆ្នាំ១៩៩៧ មក បទឧក្រិដ្ឋកម្មទ្រង់ទ្រាយធំនៅកម្ពុជា បានកើតឡើងមិនចេះចប់ ចាប់តាំងពីការសម្លាប់រង្គាលកងទ័ពរាជានិយមរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅដើមខែកក្កដា ការសម្លាប់ជីវិតអ្នកកាសែតជាង ១០នាក់ ការធ្វើគុតព្រះសង្ឃ និងអ្នកសិល្បៈដ៏សន្ធឹក ការបោកគ្រាប់បែកមុខរដ្ឋសភាសម្លាប់មនុស្ស ១៦នាក់ ការបាញ់សម្លាប់ក្រុមមេដឹកនាំសហជីព អ្នកការពារព្រៃឈើ និងការបាញ់សម្លាប់កម្មករកាត់ដេរចំនួន ៥នាក់ កាលពីខែមករា ឆ្នាំ២០១៤។
បទឧក្រិដ្ឋកម្មទាំងនេះសុទ្ធសឹងតែធ្វើឡើងក្រៅប្រព័ន្ធតុលាការ ផ្ទុយច្បាប់ជាតិ និងអន្តរជាតិ ហើយរហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានជនដៃដល់ទាំងនោះត្រូវបាននាំយកមកកាត់ទោសចំពោះមុខច្បាប់នោះឡើយ។ ដូច្នេះឆ្លងតាមហេតុការណ៍ជាច្រើនដែលលើកបង្ហាញនេះ មហាជនមើលឃើញថា ប្រព័ន្ធយុត្តិធម៌ និងតុលាការនៅកម្ពុជា បានបង្ហាញនូវស្តង់ដារពីរ ឬក៏យើងអាចនិយាយបានថា “ផ្ដល់យុត្តិធម៌សម្រាប់តែអ្នកមានលុយ និងអ្នកមានអំណាច" ហើយនិយាយឲ្យត្រង់គឺ "គណបក្សកាន់អំណាចប៉ុណ្ណោះ”។
សរុបទៅ ការតវ៉ាដែលតែងតែកើតមានឡើងនេះ គឺអាចមកពីកម្ពុជា នៅតែចាត់ទុកអ្នកដែលមានគំនិតផ្ទុយ ថាជាសត្រូវដែលត្រូវតែកម្ចាត់ចោល ហើយនៅតែមិនទាន់ប្រកាន់យកគោលការណ៍សន្តិសហវិជ្ជមាន ដែលមានន័យថា មនុស្សអាចរស់នៅជាមួយគ្នាបានដោយសុខសាន្ត ទោះបីជាមាននិន្នាការនយោបាយ ឬប្រកាន់ជំនឿខុសគ្នាក៏ដោយ។ ក្រៅពីនេះ ការបង្កើតច្បាប់ និងបកស្រាយច្បាប់ ដើម្បីជាប្រយោជន៍ដល់អ្នកកាន់អំណាច ព្រមទាំងការបែងចែកផលសេដ្ឋកិច្ចមិនប្រកបដោយសមធម៌ អំពើពុករលួយ បក្ខពួកនិយម ហើយតុលាការ និងកងកម្លាំងប្រដាប់អាវុធនៅមិនទាន់ផ្ដាច់ចេញពីគណបក្សកាន់អំណាចនោះ គឺជាដើមចមនៃការតវ៉ារើបម្រាស់ពីសំណាក់ពលរដ្ឋនោះឯង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment