A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday 20 May 2016
ពលរដ្ឋរស់នៅព្រំដែនខេត្តស្ទឹងត្រែងថាពលរដ្ឋឡាវជាង៣០០នាក់ឆ្លងដែនចូលដីខ្មែរ
ដោយ ម៉ែន សុធីរ
2016-05-19
តំបន់ចម្រូងចម្រាសដែលឡាវ បានចាក់គ្រឹះដើម្បីសាងសង់ប៉ុស្តិ៍ព្រំដែន ឋិតនៅភូមិដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង។ រូបថតថ្ងៃទី២១ មេសា ឆ្នាំ២០១៦
RFA/Men Sothyr
ពលរដ្ឋរស់នៅជាប់ព្រំដែនឡាវ អះអាងថា ពលរដ្ឋឡាវ ជាង ៣០០នាក់ បានឆ្លងដែនចូលដីខ្មែរនៅតំបន់ដីព្រៃសហគមន៍ព្រៃរ៉ូង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ពលរដ្ឋឡាវ ទាំងនោះ ឆ្លងដែនដើម្បីមកបេះផ្សិតធម្មជាតិ និងប្រមូលអនុផលព្រៃឈើ និងបរបាញ់សត្វព្រៃ។ អ្នកភូមិថា ក្រៅពីពលរដ្ឋឡាវ ឆ្លងដែនខុសច្បាប់ ក៏មានករណីទាហានឡាវ នៅតែបន្តឆ្លងដែនចូលដីខ្មែរនៅពេលយប់ ដើម្បីបរបាញ់សត្វព្រៃ និងបាញ់គោក្របីអ្នកភូមិយកសាច់។
ជនជាតិដើមភាគតិចខិះ រស់នៅឃុំស្រែសំបូរ និងឃុំព្រែកមាស អំពាវនាវឲ្យរដ្ឋាភិបាលរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។ ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា បន្ទាប់ពីពលរដ្ឋខ្មែររស់នៅតំបន់ព្រំដែននោះបារម្ភថា ការឆ្លងដែនរបស់ពលរដ្ឋឡាវ ចូលដីខ្មែរដោយគ្មានការត្រួតពិនិត្យ ធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពព្រំដែន និងបង្កផលប៉ះពាល់សន្តិសុខ និងជីវភាពរបស់ពលរដ្ឋ។
ប្រធានសហគមន៍ព្រៃរ៉ូង ស្រុកសៀមប៉ាង លោក ទា សន ឲ្យដឹងថា អ្នកភូមិប្រទះឃើញពលរដ្ឋឡាវ ជាក្រុមៗជិះគោយន្តឆ្លងចូលដីព្រៃសហគមន៍ដើម្បីបេះផ្សិត និងប្រមូលអនុផលព្រៃឈើកាលពីថ្ងៃទី១៤ ឧសភា។ លោកបន្តថា សមាជិកសហគមន៍ និងមន្ត្រីអាវុធហត្ថ បានរារាំងពលរដ្ឋឡាវ នោះមិនឲ្យឆ្លងដែនចូលដីខ្មែរ តែពួកគេនៅតែមានៈឆ្លងចូល។ លោកចាត់ទុកថា បន្លែធម្មជាតិ និងផ្សិតព្រៃជាដើមដែលដុះក្នុងព្រៃតាមរដូវកាល គឺជារបរបន្ទាប់បន្សំរបស់ជនជាតិដើមភាគតិច ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ លើសពីនេះទៀត ការឆ្លងដែនចូលមកបេះបន្លែព្រៃក្នុងព្រៃសហគមន៍ ក៏ធ្វើឲ្យបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារអ្នកភូមិទៀតផង។ លោកថា នៅរដូវភ្លៀងកក់ខែឆ្នាំនេះ ផ្សិតស្បែកដែលដុះជាលក្ខណៈធម្មជាតិ គឺមានតម្លៃខ្ពស់ប្រៀបធៀបនឹងបន្លែធម្មជាតិផ្សេងទៀតបានដុះស្អេកស្កះនៅតំបន់ព្រៃសហគមន៍៖ «បញ្ហាព្រៃសហគមន៍ខ្ញុំបញ្ហាព្រៃឈើ ប្រព័ន្ធជីវចម្រុះវាអស់ហើយដោយសារឡាវ។ ខ្មែរយើងអ្នកការពារ ដល់ឡាវ វាអ្នកយក»។
លោក ទា សន បញ្ជាក់ទៀតថា មិនត្រឹមតែពលរដ្ឋឡាវ ចូលមកទឹកដីខ្មែរប្រមូលអនុផលព្រៃឈើប៉ុណ្ណោះទេ ទាហានឡាវ ក៏នៅតែបន្តលួចឆ្មក់ចូលដីខ្មែរនៅពេលយប់ ហើយធ្វើសកម្មភាពខុសច្បាប់ដូចពលរដ្ឋឡាវ ច្រើនឆ្នាំកន្លងទៅនេះ។ លោកទទូចឲ្យអាជ្ញាធរខេត្ត ត្រូវតែចាត់វិធានការទប់ស្កាត់ករណីនេះឲ្យមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យភាពតាមតំបន់ព្រំដែន និងរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ៖ «ឈើព្រៃអស់ហើយ សង្ឃឹមសត្វតិចតួចដើម្បីបន្តពូជ ដល់ឡាវ វាចូលមកមានបន្តពូជអីទៀត។ បើមិនចឹងទេ ព្រៃសហគមន៍ខ្ញុំរលាយហើយគ្មានអីទេ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរខេត្តបានទទួលព័ត៌មានករណីនេះហើយ។ លោកថា អាជ្ញាធរនឹងអន្តរាគមន៍រឿងនេះ ដោយចាត់វិធានការឲ្យសមត្ថកិច្ចព្រំដែនចុះទៅទប់ស្កាត់បន្ទាន់៖ «ថ្នាក់ដឹកនាំខេត្តលោកដឹងហើយ លោកបានចាត់វិធានការហើយ។ ឲ្យសមត្ថកិច្ចព្រំដែនចុះទៅត្រួតពិនិត្យជាក់ស្តែង»។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាសហគមន៍ព្រៃរ៉ូង ប្រទះឃើញទាហានឡាវ ជាង ១០នាក់ បានឆ្លងចូលដីខ្មែរត្រង់ចន្លោះបង្គោលព្រំដែនលេខ៣១ បង្គោលលេខ៣២ និងបង្គោលលេខ៤២ ចំណុចព្រៃរ៉ូង បឹងក្ដួច អូរឫស្សី និងអូរព្រាល ដើម្បីបរបាញ់សត្វព្រៃ និងបាញ់សត្វពាហនៈអ្នកស្រុក។
សហគមន៍អះអាងថា បន្ទាប់ពីមានទាហានឡាវ ឆ្លងចូលដីខ្មែរតាំងពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ន អ្នកភូមិចំនួនពីរឃុំ គឺឃុំស្រែសំបូរ និងឃុំព្រែកមាស បាត់គោក្របីយ៉ាងហោចណាស់ ១០០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋមួយគ្រួសារៗបាត់គោក្របីចាប់ពី ១ក្បាលដល់ជាង ២០ក្បាល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា ការឆ្លងដែនចូលដីខ្មែររបស់ប្រជាជនឡាវ និងទាហានឡាវ ធ្លាប់កើតមានជាច្រើនលើកច្រើនសាមកហើយ។ លោកអំពាវនាវឲ្យតម្រួតព្រំដែនខ្មែរ ទប់ស្កាត់ករណីនេះចៀសវាងបង្កផលប៉ះពាល់ជីវភាពរស់នៅពលរដ្ឋខ្មែរ ជាពិសេសការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដែលខេត្តនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងមិនឲ្យមានការឆ្លងដែនខុសច្បាប់កន្លងមក៖ «យើងឃើញថាជនជាតិឡាវ មកបរបាញ់សត្វ ឬចូលមកដីខ្មែរដោយខុសច្បាប់ ចូលមកកាប់ឈើចាប់អីតាំងពីមុនមកដូចជាមានភាពធូររលុង ដូចជាមិនមានចំណាត់ការអី»។
កាលពីដើមខែកក្កដា ឆ្នាំ២០១៥ ពលរដ្ឋខ្មែរ ១១នាក់ត្រូវទាហានចាប់ខ្លួន និងឃុំខ្លួន ៨ថ្ងៃ បន្ទាប់ពីពលរដ្ឋខ្មែរទាំងនោះឆ្លងដែនកាប់ឈើក្នុងទឹកដីឡាវ។ បន្ទាប់ពីមានការឃុំខ្លួន ទាហានឡាវ បានដោះលែងពលរដ្ឋខ្មែរទាំងនោះ ដោយតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ និងបង់ប្រាក់ក្នុងម្នាក់ ៧០០ដុល្លារដើម្បីជាថ្នូរនៃការដោះលែង។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ចាត់ទុកការឆ្លងដែនចូលដីខ្មែរដោយពលរដ្ឋឡាវ នៅតាមព្រំដែន ថាជាករណីខុសច្បាប់។ ដូច្នេះ អាជ្ញាធរខេត្តត្រូវចាត់វិធានការបន្ទាន់ អន្តរាគមន៍រឿងនេះដើម្បីជៀសវាងផលប៉ះពាល់ជីវភាពរស់នៅពលរដ្ឋ។ លោកទទូចឲ្យរដ្ឋាភិបាលពង្រឹងកាតព្វកិច្ចទាហានការពារព្រំដែន ដើម្បីឆ្លើយតបការបារម្ភរបស់ពលរដ្ឋ និងដើម្បីការពារដែនអធិបតេយ្យភាពរបស់កម្ពុជា ផង៖ «ការបណ្តែតបណ្តោយ គឺជាការធ្វេសប្រហែសមួយរបស់អាជ្ញាធរខេត្ត ដែលបណ្តោយឲ្យមានការឆ្លងដែនដោយខុសច្បាប់។ រឿងនេះដូចជាជំងឺចឹង។ យើងព្យាបាលទាន់វានៅតិចៗ»។
សហគមន៍ព្រៃរ៉ូង ឲ្យដឹងទៀតថា កាលពីពាក់កណ្ដាលខែមីនា មន្ត្រីអាវុធហត្ថ ៣នាក់ ប្រទះឃើញទាហានឡាវ ៥នាក់ចូលដីខ្មែរនៅចំណុចវាលគ្រាល ឋិតនៅបរិវេណដីព្រៃសហគមន៍ព្រៃរ៉ូង ស្រុកសៀមប៉ាង។ បន្ទាប់ពីប្រទះឃើញយោធាឡាវ ចូលដីខ្មែរ មន្ត្រីអាវុធហត្ថគ្រោងព័ទ្ធចាប់ខ្លួនអនុវត្តច្បាប់ តែត្រូវទាហានឡាវ យកកាំភ្លើងបាញ់រះដើម្បីដោះខ្លួន។
កាលពីចុងឆ្នាំ២០១៣ មានករណីទាហានឡាវ បាញ់ពលរដ្ឋខ្មែររបួសធ្ងន់ ព្រមទាំងចាប់ដាក់គុកជាង ១០នាក់ ពេលពលរដ្ឋខ្មែរចូលព្រៃកាប់ឈើក្នុងទឹកដីឡាវ៕
Subscribe to:
Post Comments (Atom)
1 comment:
khmers are so busy exiting to thailand for works , while neighbors are busy invading the country... soon it will be like the US where illegals people from the south move in , demand gov 's assistance , demand gov to change the laws and make them legal citizens , demand free healthcare , protesting and wave their country flag in the streets against TRump who want to kick them out and claiming that this land now belong to them... what do politicians do , give them what they want so they/politicians can continue to keep their jobs while they continue to reap millions of dollars from lobbyists [ a form of bribe , only they call it campaign contribution ].. now spanish is the second language of the land and it has been predicted that in future spanish people will be the majority -- white , black and asian combined will be the minority.
Post a Comment