នៅក្នុងឱកាស នៃការជួបពិភាក្សារវាងសហគមន៍អ៊ឺរ៉ុប និងរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែឧសភានេះ សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស រួមនឹងអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួនពីរ បានចេញសេចក្ដីថ្លែងការណ៍មួយ ស្នើសុំឲ្យសហគមន៍អ៊ឺរ៉ុប ត្រូវប្រាប់កម្ពុជា ឲ្យឈប់ធ្វើការគម្រាម និងការចាប់ខ្លួន ទៅលើតំណាងរាស្ត្រ សមាជិករបស់គណបក្សប្រឆាំង។
តំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករ របស់គណបក្សប្រជាជនកម្ពុជា វាយដំទាត់ធាក់ រហូតរងរបួសធ្ងន់ធ្ងរ នៅនឹងមាត់របងរដ្ឋសភាជាតិ កាលពីចុងខែតុលា ឆ្នាំ២០១៥។ (រូបថតហ្វេសប៊ុក)
|
ដោយ: សេក មនោរកុមារ May 02, 2016
សហគមន៍អ៊ឺរ៉ុប (EU) ត្រូវប្រើប្រាស់ការជជែកជាមួយកម្ពុជា ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភានេះ ដើម្បីទាមទារឲ្យអាជ្ញាធរកម្ពុជា បញ្ឈបនូវការគម្រាម ការចាប់ខ្លួន និងការដាក់ទោសទណ្ឌ ទៅលើក្រុមអ្នកតំណាងរាស្ត្រ និងសមាជិករបស់គណបក្សប្រឆាំង។ នេះ ជាអ្វីដែលគេអាចអានបាន នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា របស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for Human Rights ឬ Fédération internationale des ligues des droits de l'homme ហៅកាត់ថា FIDH) និងអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន២ទៀត (អាដហុក និងលីកាដូ) ដែលចេញផ្សាយពីរាជធានី បាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
សេចក្ដីថ្លែងការណ៍នេះ ទំនងជាបានចេញផ្សាយ នៅមុនការចាប់ឃាត់ខ្លួន ក្រុមមន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណៈកម្មាធិការជាតិដើម្បីការបោះឆ្នោត (គ.ជ.ប.) កាលពីយប់ថ្ងៃទី២៨ ខែមេសា ដោយអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ទាក់ទងនឹងសំនុំរឿងលិខិតចំហរ របស់ស្ត្រីជាងធ្វើសក់ អាយុ២៥ឆ្នាំម្នាក់។ ប៉ុន្តែយ៉ាងហោចណាស់ អត្ថន័យរបស់សេចក្ដីថ្លែងការណ៍ បានធ្វើការចោទប្រកាន់ ពីស្ថានភាពរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ថាកំពុងមានសភាពខ្លាំងក្លាជាទូទៅ និងមានជម្រៅជ្រៅទៅៗ។
លោក ការីម ឡាហ៊ីដជី (Karim Lahidji) នាយកសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ដែលមានទីតាំងធំនៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានថ្លែងឲ្យដឹងថា៖ «សហគមន៍អ៊ឺរ៉ុប ត្រូវបញ្ជូនសារដ៏ខ្លាំង និងច្បាស់លាស់មួយ ទៅឲ្យរដ្ឋបាលរបស់លោក ហ៊ុន សែន ថាការធ្វើទុក្ខបុកម្នេញ ទៅលើក្រុមអ្នកនយោបាយប្រឆាំង ត្រូវតែបញ្ឈប់ ហើយមនុស្សទាំងឡាយ ដែលត្រូវបានចាប់ខ្លួនកន្លងមក នឹងត្រូវបានដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។
នៅក្នុងរបាយការណ៍ដ៏វែងអន្លាយមួយ ដែលធ្វើឡើងរួមគ្នា រវាង «FIDH - ADHOC និង LICADHO» បានរំលឹកឡើងពីការគម្រាមកំហែង ទៅលើតំណាងរាស្ត្រ និងសកម្មជនរបស់គណបក្បប្រឆាំង ពីសំណាក់អាជ្ញាធរខ្មែរ និងពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥មក។ យ៉ាងហោចមកដល់ថ្ងៃនេះ សមាជិកគណបក្សសង្គ្រោះជាតិចំនួន១៧នាក់ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដែលក្នុងនោះមាន១១នាក់ ត្រូវជាប់ពន្ធនាគាររវាង ពី៧ឆ្នាំដល់២០ឆ្នាំ ដោយសារបទចោទមួយ ដែលរបាយការណ៍បានបរិហារថា ជាការប្រឌិតឡើងទាំងស្រុង។
សម្រាប់រដ្ឋាភិបាលកម្ពុជាវិញ រាល់ការចាប់ខ្លួនក្រុមសកម្មជន របស់គណបក្សប្រឆាំង ក្នុងពេលកន្លងមក គឺជាការអនុវត្តច្បាប់ ដែលស្ថិតក្នុងអំណាចរបស់តុលាការ ដែលក្រុមមន្ត្រីបានអះអាងថា ជាអំណាចមួយដាច់ដោយឡែកពីរដ្ឋាភិបាល និងរដ្ឋសភា។ នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ខ្លួនលោក ក៏តែងបាននិយាយជាច្រើនដងដែរថា នៅកម្ពុជា គ្មានអ្នកជាប់គុកនយោបាយទេ តែមាន«អ្នកនយោបាយជាប់គុក»។
សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩២២ ហើយមានទីតាំងកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង និងមានសាខាសឹងនៅគ្រប់ទិសទីទាំងអស់ ជុំវិញផែនដី។ សហព័ន្ធមួយនេះ ដែលមានសមាជិកជាអង្គការសមាគមក្រៅរដ្ឋាភិបាលចំនួន១៧៨ មកពីប្រទេសចំនួន ១២០ នៅលើពិភពលោក មានបុព្វសិទ្ធិសម្រាប់ផ្ដល់ការពិគ្រោះ ទៅឲ្យអង្គការសហប្រជាជាតិ (UN) អង្គការយូនីស្កូ (UNESCO) និងទៅឲ្យក្រុមប្រឹក្សាអ៊ឺរ៉ុប (Council of Europe)។ សមាគមអាដហុក និងអង្គការលីកាដូ ដែលជាអង្គការក្រៅរដ្ឋាភិបាល ធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ក៏ជាសមាជិករបស់សហព័ន្ធមួយនេះដែរ៕
1 comment:
ឪពុក ហ៊ុនសែន ជាពូជចោរលួចគោ បង្កើតបានកូនចៅ សុទ្ធតែចោរលួចជាតិ។
Post a Comment