យុវជនបក្សប្រជាជនឈានចូលកាន់តំណែងសំខាន់ៗនិងពង្រីកកម្លាំងក្រៅប្រទេស
លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយនៅសាកលវិទ្យាល័យ Johns Hopkins ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។ (ម៉ែន គឹមសេង/VOA)
ក្រុមអ្នកតាមដាននយោបាយកម្ពុជាមើលឃើញថានេះជាការមួយដែលគណបក្សកាន់អំណាចកំពុងរៀបចំមនុស្សស្រករក្រោយរបស់ខ្លួនឱ្យបន្តតំណែងនិងរក្សានូវមរតកដែលគណបក្សនេះ។
វ៉ាស៊ីនតោន —
នៅក្នុងសាលដ៏ធំល្មមនៃវិទ្យាស្ថានសហរដ្ឋអាមេរិកនិងកូរ៉េប្រចាំសាកលវិទ្យាល័យ John Hopkins ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តវ័យក្មេងរបស់កម្ពុជាបានចែករំលែកពីអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
បើទោះបីជាកម្រកើតមានឡើងមែនតែការពិភាក្សាពីបញ្ហាទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនលើកនេះគឺមិនមែនកើតឡើងជាលើកទីមួយទេ។ ប៉ុន្តែអ្វីដែលបានធ្វើឱ្យអ្នកចូលរួមស្តាប់ជាង១០០នាក់ចង់ដឹងគឺទស្សនាទានមួយដែលចេញពីអ្នកនយោបាយវ័យក្មេងនិងតំណាងឱ្យក្រុមយុវជនវ័យក្មេងស្រករក្រោយ។ ហើយលើសពីនោះទៀត គឺការត្រៀមខ្លួនរបស់យុវជននៃគណបក្សកាន់អំណាចក្នុងការបន្តវេនពីអ្នកជំនាន់មុន។
លោក ហ៊ុន ម៉ានី គឺជាតារាមួយដួងកំពុងរះឡើងនៃគណបក្សកាន់អំណាចហើយផ្នែកមួយនៃជោគជ័យរបស់លោកត្រូវបានគេមើលឃើញថាគឺដោយសារមានឪពុកជានាយករដ្ឋមន្ត្រីគឺលោកហ៊ុន សែនដែលបានកាន់អំណាចជាង៣០ឆ្នាំមកហើយ។
ថ្លែងប្រាប់ក្រុមអ្នកចូលរួមស្តាប់កាលពីខែមករានៅសាកលវិទ្យាល័យ John Hopkins នោះ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានចែករំលែកទស្សនវិស័យរបស់គណបក្សកាន់អំណាចចំពោះយុវជន។
លោក ហ៊ុន ម៉ានី មើលឃើញថាកត្តាជោគជ័យឬមិនជោគជ័យវាអាស្រ័យលើយុវជនខ្លួនឯងផ្ទាល់ផងដែរក្នុងការបញ្ចេញស្នាដៃដើម្បីឱ្យទទួលបានទំនុកចិត្តពីមន្ត្រីចាស់ៗនៅក្នុងគណបក្ស។
«សម្រាប់ខ្ញុំ ខ្ញុំជឿថា វាគឺជាការទទួលខុសត្រូវរបស់ក្រុមយុវជនដែរក្នុងការធ្វើការងារហើយបង្កើតនូវការជឿទុកចិត្តដោយផ្អែកលើលទ្ធផលការងារ។ ធ្វើដូច្នេះបានថ្នាក់ដឹកនាំជំនាន់មុនអាចអនុញ្ញាតឱ្យមានដំណើរការនៃការផ្ទេរអំណាច»។
លោក ហ៊ុន ម៉ានី បន្ថែមថា សូម្បីតែរូបលោកក៏ត្រូវបញ្ចេញសមត្ថភាពធ្វើការងារដែរ។
«វាជាការពិតថាទោះបីជាអ្នកជាកូននាយករដ្ឋមន្ត្រីឬមិនមែនក៏ដោយ បើអ្នកមិនអាចធ្វើការងារបានគឺគ្មានអ្នកណាគេយកចិត្តទុកដាក់ទេ។ នេះគឺជាការពិត។ មានមេដឹកនាំជាច្រើននៅលើពិភពលោកដែលមានកូនហើយបើពួកគេមិនខំធ្វើការទេពលរដ្ឋនឹងមិនទទួលស្គាល់ទេពីព្រោះនៅទីបំផុតគឺសាធារណជនទេដែលនឹងសម្រេចថាតើអ្នកនឹងមានតម្លៃឬទេគឺមិនមែនត្រកូលរបស់អ្នកទេ»។
ក្នុងមួយរយៈពេលចុងក្រោយនេះគណបក្សប្រជាជនកម្ពុជាបានអនុញ្ញាតឱ្យអ្នកនយោបាយវ័យក្មេងរបស់ខ្លួនធ្វើដំណើរមកក្រៅប្រទេសជាច្រើនក្នុងនោះមានសហរដ្ឋអាមេរិកផងដែរដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជានិងពង្រឹងអ្នកគាំទ្រ។
ក្រុមថ្នាក់ដឹកនាំវ័យក្មេងដឹកនាំដោយលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាឬក្រុម១៥៧ បានមកចូលរួមបុណ្យឯករាជ្យជាតិដែលបានរៀបចំ ធ្វើនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កាលពីខែវិច្ឆិកាឆ្នាំ២០១៥ និងដំណើរទស្សនកិច្ចរបស់លោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដានៅខែមេសាខាងមុខដើម្បីពង្រឹងអ្នកគាំទ្រ។
ក្រុមអ្នកតាមដាននយោបាយកម្ពុជាមើលឃើញថានេះជាការមួយដែលគណបក្សកាន់អំណាចកំពុងរៀបចំមនុស្សស្រករក្រោយរបស់ខ្លួនឱ្យបន្តតំណែងនិងរក្សានូវមរតកដែលគណបក្សនេះទទួលបានក្រោយពីយកជ័យជម្នះលើក្រុមខ្មែរក្រហមដោយមានជំនួយពីវៀតណាមក្នុងខែមករាឆ្នាំ១៩៧៩។
លោក ជាង សុខា ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានសាទរចំពោះការវិវត្តន៍ដែលគណបក្សនយោបាយបានយកចិត្តទុកដាក់ដល់យុវជន។
លោកសង្កេតឃើញថា គណបក្សនយោបាយធំៗគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានយកចិត្តទុកដាក់ដល់ការចូលរួមរបស់ក្រុមយុវជនក្នុងសកម្មភាពនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែការចូលរួមរបស់ពួកគេនៅមានកម្រិតនៅឡើយ។
«យើងឃើញថាគ្រាន់តែមានវត្តមានយុវជនដែលបានដាក់បញ្ចូលទៅក្នុងជួរបក្សក៏ប៉ុន្តែឱកាសនៃការធ្វើការសម្រេចចិត្តនៅមានកម្រិតនៅឡើយ។ ចឹងហើយត្រង់ចំណុចនេះបើសិនជាយើងចង់មើលឱ្យឃើញការចូលរួមពេញលេញរបស់យុវជននៅក្នុងកម្រិតនយោបាយទោះបីក្នុងកម្រិតបក្សវាគួរតែយុវជនស្ថិតនៅក្នុងជួរមួយដែលមានឥទ្ធិពលទៅលើដំណើរការនៃការតាក់តែងច្បាប់ឬក៏គោលនយោបាយរបស់គណបក្ស»។
ដោយឡែកសម្រាប់ការចូលរួមរបស់ក្រុមយុវជនទូទៅក្នុងសកម្មភាពនយោបាយនិងការឈឺឆ្អាលក្នុងកិច្ចការសង្គមវិញ លោកជាង សុខា សង្កេតឃើញថាឆ្នាំ២០១៣គឺជាឆ្នាំដែលមានក្រុមយុវជនចូលរួមច្រើនជាងពេលកន្លងមក។ ប៉ុន្តែលោកសង្កេតឃើញថាការចូលរួមនៅពេលនោះមិនទាន់ស៊ីជម្រៅក្នុងខ្លឹមសារនយោបាយនៅឡើយទេដោយសារចូលក្នុងលក្ខណៈតាមរយៈមិត្តភក្តិបបួល។ រីឯក្រោយការបោះឆ្នោតគឺពួកគេងាកមកផ្តោតលើខ្លឹមសារនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សវិញ។
«ពីមុនមើលទៅជាលក្ខណៈអារម្មណ៍ច្រើនជាងតែដំណាក់កាលចុងក្រោយគឺគាត់ចាប់ផ្តើមជជែកពីរបៀបវារៈនយោបាយហើយគាត់តាមដានសកម្មភាពរបស់អ្នកនយោបាយ។ ខ្ញុំថាគឺជាការវិវត្តន៍មួយដែលល្អសម្រាប់យុវជន»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងក្តីសង្ឃឹមថាគណបក្សនយោបាយនឹងយកទៅពិចារណារិះរកវិធីថាតើពួកគេអាចផ្តល់ឱកាសហើយបញ្ចូលនូវការចូលរួមរបស់យុវជនដោយរបៀបណាព្រោះលោកស្រីចង់ឃើញការចូលរួមប្រកបដោយគុណភាពគឺមិនមែនលើបរិមាណទេ។
លោកស្រីបានបន្ថែមថា៖
«ខ្ញុំគិតថាទីមួយចាប់ផ្តើមពីគណបក្សនយោបាយខ្លួនឯងនិមួយៗហ្នឹងថាតើមានគោលការណ៍យ៉ាងម៉េចចំពោះយុវជន គោលការណ៍ចំពោះស្ត្រី គោលការណ៍ចំពោះជនជាតិដើមភាគតិច។ល។ និង ។ល។ ថាតើគាត់មានយន្តការយ៉ាងម៉េច។ ខ្ញុំលើកឧទាហរណ៍មួយ ឧទាហរណ៍ថាបើយើងនិយាយពី បេក្ខភាពតើយើងលើកទឹកចិត្តឱ្យយុវជនចូលរួមដោយរបៀបណា? យើងសម្រួលឱ្យគាត់ចូលដោយរបៀបណា? មានគោលការណ៍យ៉ាងម៉េច? ស្មើភាពយ៉ាងម៉េច?»។
យ៉ាងណាក៏ដោយលោក ហ៊ុន ម៉ានី ទទួលស្គាល់ថានៅក្នុងគណបក្សរបស់លោកក៏ដូចជាគណបក្សនយោបាយដទៃទៀតដែរគឺមានក្រុមមន្ត្រីចាស់ៗដែលមិនចង់ឃើញមានការផ្លាស់ប្តូរអ្វីទេ។
«នៅក្នុងសង្គមណាក៏ដោយ ក្នុងគណបក្សណាក៏ដោយតែងតែមានអ្នកអភិរក្សនិងអភិរក្សបំផុត។ អ្នកខ្លះអភិរក្សខ្លាំងមែនទែនដោយសារតែពួកគេចូលចិត្តអ្វីៗដែលកំពុងដំណើរការ ហើយអ្នកខ្លះទៀតអភិរក្សពីព្រោះគេមិនដឹងថាតើយុវជនដែលឡើងមកអាចធ្វើការបានឬមិនបាន។ ដូច្នេះពិតជាមានជ្រុងពីរដូច្នេះមែនហើយជាការពិតដែលខ្ញុំមិនបដិសេធទេ។ ខ្ញុំគិតថានេះគឺជាបញ្ហាប្រឈមដែលយើងត្រូវជម្នះឱ្យបាន»។
សម្រាប់អាណត្តិទី៥នេះគណបក្សគ្រប់គ្រងប្រទេសបានបញ្ចូលយុវជនជំនាន់ក្រោយទៅក្នុងតំណែងសំខាន់ៗជាច្រើនចាប់តាំងពីអនុរដ្ឋលេខាធិការរហូតដល់រដ្ឋមន្ត្រីនិងអ្នកតំណាងរាស្រ្ត។ ហើយក្នុងខណៈពេលដែលត្រូវរង់ចាំយុវជនក្នុងបក្សបញ្ចេញស្នាដៃដើម្បីបានការទទួលស្គាល់ អ្នកដែលទទួលតំណែងខ្ពស់មួយចំនួនជាកូនៗមន្ត្រីធំៗនៅក្នុងបក្សដែលមានដូចជាកូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស កូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង អនុប្រធានគណបក្ស កូនលោកសាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាអនុប្រធានគណបក្សនិងកូនលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជាដើម៕
2 comments:
Ah Tror Ngol Hun Many Euy !!
Can you stop dreaming to succeed your asshole father Hun Sen?
By the time that your father dies, the Vietnamizaion is complete and Vietnam will put its own people to replace your svather Hun Sen.
johns hopkins invited a cpp monkeys to speak.
Post a Comment