ស្នងការប៉ូលិសខេត្តព្រះវិហារអះអាងថាពុំមានអ្នកលួចដុតឈើក្រុមហ៊ុនគ្រីនខនទ្រី
ដោយ ហង្ស សាវយុត
2016-02-29
ភ្លើងឆេះព្រៃ និងរាលឆេះគំនរឈើរបស់ក្រុមហ៊ុន គ្រីន ខនទ្រី ជេ.អេស.ស៊ី (Green Country JSC) នៅភូមិស្រយង់ខាងត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។ រូបថតរបស់សហគមន៍ឃុំស្រយង់
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានលុបចោលការសង្ស័យទៅលើបញ្ហាដែលថា អាចនឹងមានអ្នកលួចដុតបំផ្លាញឈើអាររាប់រយម៉ែត្រគូប និងឈើកំណាត់រាប់ពាន់ដុំរបស់ក្រុមហ៊ុនឯកជនឈ្មោះ គ្រីន ខនទ្រី ជេ.អេស.ស៊ី (Green Country JSC) នោះហើយ។
ស្នងការនគរបាលខេត្តព្រះវិហារ គឺលោកឧត្តមសេនីយ៍ ស៊ី គីរី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ ថា កម្លាំងរបស់លោកបានចំណាយពេលស៊ើបអង្កេតទៅលើគ្រោះអគ្គីភ័យ ដែលឆេះបំផ្លាញឈើអារជាច្រើនរយម៉ែត្រគូប និងឈើកំណាត់ច្រើនពាន់ដុំ ដែលស្តុកទុកក្នុងឃ្លាំងរបស់ក្រុមហ៊ុន គ្រីន ខនទ្រី ជេ.អេស.ស៊ី នៅភូមិស្រយង់ខាងត្បូង ឃុំស្រយង់ ស្រុកគូលែន នោះហើយ គឺមិនមានអ្នកលួចដុតបំផ្លាញទេ។ លោកថា អគ្គីភ័យនោះបណ្ដាលមកពីភ្លើងឆេះព្រៃ៖ «តាមព័ត៌មានដែលយើងទៅជួយពន្លត់ គឺភ្លើងព្រៃវាឆេះរាលមកដល់ឃ្លាំងរបស់គាត់ ហើយអ្នកនៅចាំតែ ២នាក់។ ដល់អ៊ីចឹងភ្លើងវាឆេះឈើហ្នឹងទាំងអស់»។
ទោះយ៉ាងណា អង្គភាពសារព័ត៌មានក្នុងស្រុកខ្លះ បានចុះផ្សាយថា គ្រោះអគ្គីភ័យដែលកើតឡើងកាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ បានឆេះបំផ្លាញឈើដែលស្តុកទុកក្នុងឃ្លាំងរបស់ក្រុមហ៊ុន គ្រីន ខនទ្រី ជេ.អេស.ស៊ី នៅភូមិស្រយង់ខាងត្បូង ឃុំស្រយង់ ស្រុកគូលែន នោះអស់ប្រមាណ ៤ពាន់ម៉ែត្រគូប៕
No comments:
Post a Comment