បក្សសង្គ្រោះជាតិយកគោលការណ៍«ស្ងៀមស្ងាត់»ដើម្បីឈានទៅ«ផ្លាស់ប្តូរវិជ្ជមាន»
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអញ្ជើញមកដល់បន្ទប់ផ្សាយរបស់ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងពេលលោកជាវាគ្មិនក្នុងកម្មវិធី Hello VOA ពិសេស នៅថ្ងៃពុធទី ៣ ខែកុម្ភៈឆ្នាំ២០១៦។ ( សឹង សុផាត/VOA)
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ VOA ថា គណបក្សនឹងបង្ហាញកម្មវិធីនយោបាយដែលនាំឱ្យមាន«ការផ្លាស់ប្តូរជាវិជ្ជមាន»នៅក្នុងឱកាសមហាសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៦ ខែមីនាខាងមុខ។
ភ្នំពេញ —
គណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិ បានសម្រេចយកគោលការណ៍«ស្ងៀមស្ងាត់» ដោយមិនឆ្លើយឆ្លងទៅនឹងការវាយប្រហារនានា ដើម្បីត្រៀមខ្លួនទៅកាន់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សនេះដែល VOAបានទទួលនារសៀលថ្ងៃអង្គារនេះ ឲ្យដឹងថា ការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សជំទាស់នេះគឺធ្វើឡើងក្រោយពីកិច្ចប្រជុំពិសេសនៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូល រួមទាំងលោក សម រង្ស៊ី ប្រធានគណបក្សដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស និងលោក កឹម សុខា ផងដែរ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិនឹងរក្សាភាពស្ងៀមស្ងាត់ ដោយមិនឆ្លើយឆ្លង មិនឈ្លោះ ដោយឈរលើគោលការណ៍អហិង្សា ខ្មែរតែមួយ មិនគុំគួន សងសឹក មិនយកខ្មែរណាជាសត្រូវ ហើយផ្តោតតែទៅលើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន នៅឆ្នាំ២០១៧ និង២០១៨ ខាងមុខ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ VOA ថា គណបក្សនឹងបង្ហាញកម្មវិធីនយោបាយដែលនាំឱ្យមាន«ការផ្លាស់ប្តូរជាវិជ្ជមាន»នៅក្នុងឱកាសមហាសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៦ ខែមីនាខាងមុខ៖
«យើងនឹងបង្ហាញពី កម្មវិធីនយោបាយរបស់យើង គឺវិធានការដែលយើងនឹងចាត់ នយោបាយថ្មី ដែលយើងនឹងដឹកនាំ ដើម្បីឱ្យការផ្លាស់ប្តូរហ្នឹង ផ្លាស់ប្តូរជាវិជ្ជមាន ឱ្យប្រជាពលរដ្ឋមានសិទ្ធិកាន់តែទូលំទូលាយ ឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារ ឱ្យប្រទេសយើងមានលក្ខណៈកាន់តែជឿនលឿន ឱ្យប្រជាធិបតេយ្យកាន់តែរឹងមាំ»។
នាពេលចុងក្រោយនេះ គណបក្សជំទាស់ដែលមានសំឡេងភាគតិចក្នុងរដ្ឋសភា បានទទួលការគាបសង្កត់ជាបន្តបន្ទាប់។ ក្នុងនោះសមាជិក និងសកម្មជនរបស់គណបក្សនេះជាង១០រូប ត្រូវបានតុលាការចាប់ឃុំឃាំង ទាក់ទិននឹងបញ្ហាព្រំដែន និងក្លែងបន្លំឯកសារ។ ប្រធានគណបក្សជំទាស់ លោក សម រង្ស៊ី ត្រូវបានតុលាការប្រកាសតាមចាប់ខ្លួន ទាក់ទិននឹងរឿងបណ្តឹងរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស។
ស្របគ្នានោះដែរ តំណាងរាស្ត្រពីររូបរបស់គណបក្សខ្លួន ត្រូវបានជនមួយក្រុមវាយដំនាមុខរដ្ឋសភាជាតិ។ ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានរដ្ឋសភាជាតិ ដែលមានតែសមាជិកពីបក្សកាន់អំណាច ទម្លាក់ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា មុនពេលផ្ទុះរឿងខ្សែអាត់សំឡេងដែលគេចោទថា ជាសំឡេងសារសងស្នេហារបស់លោក និងស្ត្រីវ័យក្មេងជាច្រើនរូប។
លោក សម រង្ស៊ី បានបន្ថែមថា នេះគឺជារឿងអត់ប្រយោជន៍ដែលលោកចាត់ទុកថា គេបង្កើតឡើងដើម្បីបង្វែរអារម្មណ៍ប្រជាពលរដ្ឋពីរឿងអាយុជីវិតរបស់ជាតិ៖
«ដូច្នេះខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរកុំចាប់អារម្មណ៍ចំពោះរឿងអត់ប្រយោជន៍ដែលគេលើកឡើង ដោយសារគេចង់បង្វែរអារម្មណ៍យើង។ យើងត្រូវតែផ្តោតអារម្មណ៍ចំពោះតែការប្តេជ្ញាចិត្ត គម្រោងរបស់យើង ដើម្បីនាំមកនូវការផ្លាស់ប្តូរក្នុងគោលបំណងស្រោចស្រង់ជាតិយើង»។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់គណបក្សជំទាស់នេះ ឲ្យដឹងផងដែរថា ខ្លួននៅតែបន្ត«វប្បធ៌សន្ទនា» ជាមួយគណបក្សកាន់អំណាច ដើម្បីធានាបាននូវការដោះស្រាយបញ្ហាប្រឈមនានា«ឲ្យបានទូលំទូលាយ»ប្រកបដោយសន្តិវិធី។
លោក សុខ ឦសាន្ត អ្នកនាំពាក្យនៃគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាថ្លែងប្រាប់ VOA ថា ការបន្តវប្បធម៌សន្ទនារវាងគណបក្សធំៗទាំងពីរ គឺវាខុសពីដំណើរឆ្ពោះកាន់ការបោះឆ្នោតខាងមុខ ដែលគណបក្សនានាក្នុងប្រទេសកម្ពុជា ចង់បានជ័យជម្នះនោះ។
លោកបានបន្ថែមថា៖«ចំពោះគណបក្សសង្គ្រោះជាតិ ការប្រមើមើលរបស់ខ្ញុំយល់ថាមិនអាចទៅលើសពីកំពូលភ្នំកាលពីឆ្នាំ២០១៣ នោះទេ។ ២០១៣ គាត់ឡើងដល់ចំណុចកំពូលហើយ។ ដូច្នេះគាត់មិនអាចលើសពីចំណុចកំពូលនោះទៀតទេ គាត់ត្រូវចុះវិញហើយ ដោយសារថា អ្នកដែលជឿមួយចំនួនធំហ្នឹង គឺថាចាកចេញពីគាត់មកវិញហើយ ហើយបាត់បង់ជំនឿលើគាត់ហើយ ដូច្នោះនឹងមានសំឡេងថមថយនៅក្នុងការបោះឆ្នោតខាងមុខនេះ»។
ការបោះឆ្នោតនាឆ្នាំ២០១៣ កន្លងមក បានធ្វើឲ្យគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី កើនអាសនៈនៅក្នុងរដ្ឋសភាដល់៥៥កៅអី ខណៈពេលដែលគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានថយកៅអីមកនៅត្រឹម៦៨។ អ្នកឃ្លាំមើលការវិវឌ្ឍនយោបាយក្នុងប្រទេសកម្ពុជា យល់ថា ការបោះឆ្នោតនាឆ្នាំ២០១៧ និង២០១៨ខាងមុខ អាចមានការប្រឈមជាងមុន៕
No comments:
Post a Comment