ពលរដ្ឋមានជម្លោះដីធ្លីនៅខែត្រស្ទឹងត្រែងបារម្ភពីការចាប់ខ្លួន
ដោយ ម៉ែន សុធីរ
2016-02-27 rfa
Photo: RFA
ពលរដ្ឋមានជម្លោះដីធ្លីជាមួយឈ្មួញមាន ឥទ្ធិពលនៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភពីការចាប់ខ្លួន បន្ទាប់ពីពួកគាត់បានរាយការណ៍ពីស្ថានភាពកាប់ទន្ទ្រានព្រៃឈើរាប់រយហិកតារដើម្បីប្រើប្រាស់ជាកម្មសិទ្ធិឯកជន។ ការបារម្ភនេះ បន្ទាប់ពីឈ្មួញរូបនោះកំពុងរកមធ្យោបាយចោទប្រកាន់អ្នកភូមិថា កាប់រានដីព្រៃខុសច្បាប់។
តំណាងពលរដ្ឋ ៤២គ្រួសាររស់នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កំពុងរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច បន្ទាប់ពីឈ្មួញមានឥទ្ធិពលនៅមូលដ្ឋានឈ្មោះ មាស មិត្ត បានគំរាមប្ដឹងតំណាងពលរដ្ឋដែលរាយការណ៍ពីការកាប់ឆ្ការព្រៃរានយកដី។
តំណាងពលរដ្ឋ លោក ផូ ផល បារម្ភថា ឈ្មួញមានឥទ្ធិពលឈ្មោះ មាស មិត្ត ជាអតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ កំពុងរកមធ្យោបាយប្តឹងតំណាងពលរដ្ឋ ៤២គ្រួសារដាក់គុក បន្ទាប់ពីអ្នកភូមិបានលាតត្រដាងពីការកាប់បំផ្លាញព្រៃឈើរាប់ពាន់ហិកតារឋិតនៅឃុំស្រែឫស្សី និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។
លោកសង្កត់ធ្ងន់ថា លោក មាស មិត្ត កំពុងឃុបឃិតជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា ធ្វើរបាយការណ៍ទៅសាលាដំបូងខែត្រស្ទឹងត្រែង ដោយចោទពលរដ្ឋ ៤២គ្រួសារ ថាជាអ្នកកាប់បំផ្លាញព្រៃឈើជាង ៤០០ហិកតារទៅវិញ៖ «គេចង់លូចកាប់ដូចបិទទ្វារវ៉ៃឆ្កែអ៊ីចឹង បើនិយាយឲ្យខ្លីទៅ។ គេកសាងសំណុំរឿងបញ្ជូនទៅ គេចោទប្រកាន់ថា យើងបទល្មើសគ្រប់បែបយ៉ាង»។
លោក ផូ ផល កត់សម្គាល់ថា អតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ លោក មាស មិត្ត ជាឈ្មួញដែលទន្ទ្រានដីព្រៃដើម្បីធ្វើអាជីវកម្ម និងប្រើប្រាស់ជាកម្មសិទ្ធិជាច្រើនឆ្នាំកន្លងមក មានអាជ្ញាធរស្រុក និងមន្ត្រីរដ្ឋបាលព្រៃឈើបើកដៃ។ លោកបន្តថា ឈ្មួញឈ្មោះ មាស មិត្ត មានដីកម្មសិទ្ធិផ្ទាល់ខ្លួនរាប់ពាន់ហិកតារត្រង់ចំណុចភូមិអន្លង់ក្រមួន អន្លង់ស្អំ ភូមិមន និងភូមិវាលដេញ នៃឃុំអន្លង់ជ្រៃ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា និងអតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ លោក មាស មិត្ត ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបានទេ នៅថ្ងៃទី២៧ ខែកុម្ភៈ ព្រោះទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។
ដោយឡែក មេឃុំអន្លង់ជ្រៃ លោក ព្រំ យ៉ា ទទួលស្គាល់ថា លោក មាស មិត្ត ក៏ធ្លាប់កាប់រានដីព្រៃតាំងពីឆ្នាំ២០១១ ក៏ប៉ុន្តែលោកពុំបានដឹងពីចំនួនផ្ទៃដីដែលលោក មាស មិត្ត គ្រប់គ្រងឡើយ។ លោកថា អាជ្ញាធរខែត្រនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើកំពុងចុះស្រាវជ្រាវពីការទន្ទ្រានដីព្រៃនៅតំបន់ភ្នំសេកស និងភ្នំម្លូ ភូមិវាលដេញ នៅថ្ងៃទី២៦ និងទី២៧ កុម្ភៈ។ លើសពីនេះ អាជ្ញាធរខែត្រក៏ចុះស្រាវជ្រាវពីជម្លោះដីធ្លីរវាងពលរដ្ឋ ៤២គ្រួសារ ជាមួយលោក មាស មិត្ត ដែរ៖ «គេទៅមើលប្រជាពលរដ្ឋដែលកើតទុកមិនសុខចិត្តត្រង់ថា មាស មិត្ត ដេញចេញមិនឲ្យនៅ ឬយ៉ាងណា»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើបានសរសេររបាយការណ៍អំពីករណីនេះទៅតំណាងអយ្យការខែត្រស្ទឹងត្រែង តែតំណាងអយ្យការពុំទាន់ចេញលិខិតកោះហៅអ្នកពាក់ព័ន្ធឆ្លើយបំភ្លឺឡើយ។ លោកកត់សម្គាល់ថា លោក មាស មិត្ត ដែលជាប់ពាក់ព័ន្ធកាប់រានដីព្រៃរាប់ពាន់ហិកតារ អាជ្ញាធរនៅមិនទាន់មានចំណាត់ការនៅឡើយ៖ «យើងគាំទ្រនូវការអនុវត្តច្បាប់ទាំងអស់គ្នា អ៊ីចឹងមេព្រៃគួរតែអាជ្ញាធរខែត្រ ឬមួយជំនាញមេព្រៃស្រុកគួរតែធ្វើរបាយការណ៍ឲ្យស្មើភាពគ្នាដាក់មកទាំងអស់គ្នាមក»។
កាលពីខែមេសា ឆ្នាំ២០១៣ ពលរដ្ឋ ៤២គ្រួសារ រស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ និងមួយចំនួនមកពីខែត្រផ្សេង បានមកសំអាតដីចំនួន ៨៤០ហិកតារ ឋិតនៅចំណុចភ្នំម្លូ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ទៅឲ្យឈ្មោះ មាស មិត្ត ក្នុង ១ហិកតារ ៣៥ម៉ឺនរៀល និងអាស្រ័យផលរយៈពេល ៣ឆ្នាំ ហើយរហូតមកដល់បច្ចុប្បន្នពលរដ្ឋបានសំអាតដីបានជាង ២០០ហិកតារក្នុងនោះមួយផ្នែកបានដាំដំណាំដំឡូងមី ហើយកាលពីដើមខែកុម្ភៈ លោក មាស មិត្ត បានបណ្ដេញពលរដ្ឋ ៤២គ្រួសារ ចាកចេញពីដីដែលកំពុងអាស្រ័យផលដើម្បីលក់ឲ្យអ្នកភូមិផ្សេងទៀត តែពលរដ្ឋបដិសេធដោយសំអាងថា បំពានកិច្ចសន្យា។ មេភូមិវាលដេញ លោក យស់ ម៉ៅ បង្ហើបថា លោក មាស មិត្ត ពិតជាប់ពាក់ព័ន្ធអាជីវកម្មកាប់រានដីព្រៃរាប់រយហិកតារច្រើនឆ្នាំកន្លងមក៕
No comments:
Post a Comment