A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 1 February 2016

អ្នក​ជំនាញ​ស្នើ​ឱ្យ​គ.ជ.ប​យក​គំរូ​ផ្នែក​ការពារ​សន្តិសុខ​ពី​ការ​បោះឆ្នោត​ភូមា

  • ហ៊ុល រស្មី
01 កុម្ភៈ 2016
រូបឯកសារ៖ មន្ត្រីកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ប្រចាំ​ការ​ជាមួយ​នឹង​ម៉ូតូ​របស់​ពួក​គេ​នៅ​សង្កាត់​ស្ទឹង​មានជ័យ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​វត្តមាន​ជាសាធារណៈជា​លើក​ដំបូង​ក្នុងអំឡុង​ពេល​បោះឆ្នោត​នៅទីក្រុង​ភ្នំពេញ កាល​ពីថ្ងៃ​ពុធ ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។ (រូបថត៖AP/Heng Sinith)


ការ​សិក្សា​យក​គំរូ​តាម​ប្រទេស​មីយ៉ាន់​ម៉ា​ក្នុង​កិច្ចការ​សន្តិសុខ​នេះ​ អាច​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ មាន​ភាព​ជឿជាក់​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បោះ​ឆ្នោត​ និង​ជៀស​ផុត​ពី​ការ​គំរាម​កំហែង។

ភ្នំពេញ — voa

អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ថ្លែង​ថា​ ប្រទេស​កម្ពុជា​គួរតែ​សិក្សាពី​របៀប​គ្រប់គ្រង​សន្តិសុខ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​យក​ប្រជាពលរដ្ឋ​ជា​អ្នក​រក្សា​សនិ្តសុខ​ក្នុង​ និង​ក្រោយពេល​បោះ​ឆ្នោត​ ជំនួស​ឲ្យ​កម្លាំង​ប៉ូលិស​ និង​កម្លាំងប្រដាប់​អាវុធ​ផ្សេង​ទៀត។​

ពួកគេ​ថា​ ការ​សិក្សា​យក​គំរូ​តាម​ប្រទេស​មីយ៉ាន់​ម៉ា​ក្នុង​កិច្ចការ​សន្តិសុខ​នេះ​ អាច​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ មាន​ភាព​ជឿជាក់​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បោះ​ឆ្នោត​ និង​ជៀស​ផុត​ពី​ការ​គំរាម​កំហែង។

លោក​ គល់ បញ្ញា​ នាយក​ប្រតិបតិ្ត​អង្គការ​ខុមហ្វ្រែល​ ដែល​បាន​ចុះ​ទៅ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ​ ថ្លែង​ប្រាប់​ VOA ​ថា​ ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​បណ្តុះបណ្តាល​ឲ្យ​ទទួល​ខុសត្រូវ​ក្នុង​ការ​រក្សា​សន្តិសុខ​ និង​សុវតិ្ថភាព​ ជូន​អ្នក​បោះ​ឆ្នោត​ដោយ​មិន​ចាំបាច់​ប្រើ​កម្លាំង​សន្ធឹក​សន្ធាប់​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ទេ។​

«បើ​យើង​មើល​ពី​ចម្ងាយ​គិត​ថា​ វា​ប្រាកដ​ជា​មាន​ការគំរាម​កំហែង ប៉ុន្តែ​អត់។​ នៅពេល​ថ្ងៃ​បោះ​ឆ្នោត​ មួយ​ដែល​យើង​រៀន​សូត្រ​នោះ​គឺ​ថា​ អ្នក​ដែល​ទទួល​សន្តិសុខ​នៅ​ពេល​បោះ​ឆ្នោត​ហ្នឹង​ កិច្ច​ការ​សន្តិសុខ​ហ្នឹង ​គឺ​ប្រជា​ពលរដ្ឋ​ហ្នឹង​ឯង​ គេ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​មក​រៀន​ តែ​ការ​ងារ​សន្តិសុខ​មក​ធ្វើ​សន្តិ​សុខ​នៅ​ការិយាល័យ​បោះ​ឆ្នោត»។

ប្រទេស​មីយ៉ាន់​ម៉ា​ ដែល​គេ​ដឹង​ថា ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​របប​យោធា​ជិត​៥០​ឆ្នាំ​ បាន​រៀបចំ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​ពុំ​មាន​លេចឡើង​នូវ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ទាក់​ទិន​នឹង​បញ្ហា​សន្តិសុខ​ និង​ការ​គំរាមកំហែង​ទេ។​

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​កា​របោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ (និកហ្វិក) ​ថ្លែង​ថា​ បទ​ពិសោធន៍​នៃ​ការ​គ្រប់គ្រង​សន្តិសុខ​បាន​ល្អ​របស់កម្លាំង​ប្រជា​ពលរដ្ឋសាមញ្ញ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ដំណើរ​ការបោះ​ឆ្នោត​នៅប្រទេស​មីយ៉ាន់ម៉ា​ ជា​មេរៀន​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា។

លោក​បញ្ជាក់​ថា៖​«យើង​គួរ​យក​គំរូ​តាម​គេ​ ចំណុច​ហ្នឹង​មួយ​ល្អ​របស់​គេ។ គេ​រៀប​ចំ​បាន​ល្អ​ អត់ដូច​យើង​ធ្វើ​កន្លង​មក​ មក​ដល់​ពេល​ហ្នឹង​ យើង​យក​សុទ្ធ​តែ​កម្លំាង​ច្រូង​ច្រាង​អញ្ចឹង​ ជា​លក្ខណៈ​បង្ហាញ​មួយ​ថា​ អសន្តិសុខ​ពេក។ ហើយ​ទី​មួយ​ អ្នក​បោះ​ឆ្នោត​ហ្នឹង​មាន​ការ​ គេហៅ​ថា​មិន​កក់​ក្តៅ​ អត់​មាន​ Free ហ្មង។​ ទៅ​បោះ​ឆ្នោត​ មើល​ទៅ​ដោយ​សេរីភាព​ក្នុង​ការ​ទៅ​ វាមាន​លក្ខណៈ​ភិតភ័យ​នៅ​ឡើយ»។​

លោក​បន្ត​ថា​ កិច្ចការ​រក្សា​សន្តិសុខ​ ដែល​ធើ្វឡើង​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​ធ្វើ​ទៅ​តាម​សំណូមពរ​របស់​គណបក្ស​នយោបាយ​។ លោក​ថា​ មាន​ក្តី​សង្ឃឹម​តិចតួច​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ចង់​ធ្វើ​ឱ្យ​ដូច​ប្រទេស​មីយ៉ាន់​ម៉ា។​

លោក​ពន្យល់​ថា៖​«ខ្ញុំ​មើល​ទៅ​ភាគរយ​ធ្វើ​ដូច​គេ​ហ្នឹង​ ខ្ញុំសង្ឃឹម​តិចណាស់​ ព្រោះ​អ្វី ​ភាគី​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ដូច​ក្រសួង​មហាផ្ទៃ​ ហើយ​ក្រសួង​ការពារ​ជាតិ​ ដូច​មាន​ប៉េ​អឹម​ មាន​អ្វី​អញ្ចឹង​ទៅ​ ខ្លាច​រដ្ឋាភិបាល​ លោក​អត់​ទទួល​យក​បាន។​ លោក​ធ្វើ​តាម​លំនាំ​ចាស់​ដដែល»។​

VOA ​ព្យាយាម​ទាក់​ទង​លោក​នាយឧត្តមសេនីយ៍ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅកាត់​ថា​ គ.ជ.ប.​ ថ្លែង​ថា​ គ.ជ.ប.​ នឹង​លើក​យក​ពី​បញ្ហា​សន្តិសុខ​នេះ​ ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​មហាផ្ទៃ​ ខណៈដែល​ គ.ជ.ប.​ កំពុង​ធ្វើ​ការ​លើការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិក​ត្រូនិក​ជា​ផ្នែក​មួយ​នៃ​ការ​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី។​

លោក​ថ្លែងថា៖​«ផ្នែក​សន្តិសុខ​ក៏​នឹង​លើក​យក​មក​ពិភាក្សា​គ្នា​ដែរ​ ពិសេស​អ្វី​ដែល​ខ្ញុំ​និយាយ​ក្នុង​ពេល​នេះ​ ខ្ញុំ​ក៏ជា​សមាជិក​ម្នាក់​របស់​ គ.ជ.ប។ អញ្ចឹង​ខ្ញុំ​នឹង​លើក​ករណី​ហ្នឹង​ដាក់​ទៅ​ក្នុង​អង្គប្រជុំ​របស់ គ.ជ.ប.»។​

លើសពី​កិច្ចការ​ថែរក្សា​សន្តិសុខ​ ក្នុង​ពេល​បោះ​ឆ្នោត​ អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ ក៏​ស្នើ​ឲ្យ​ គ.ជ.ប.​ ពិនិត្យ​លើ​លទ្ធភាព​នៃ​តួនាទី​របស់​ស្រ្តី​ក្នុង​ការ​ផ្តល់​តម្លាភាព​លើ​ការ​ចាត់​ចែង​ការ​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត។

លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ ថ្លែង​ថា​ ប្រទេស​កម្ពុជា​អាច​ពិចារណា​លើ​តួនាទី​របស់​ស្រ្តី​ ដែល​អាច​នឹង​ផ្តល់តម្លាភាព​ដល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

លោក​មាន​ប្រសាសន៍​ថា៖​«ចំណុច​ទី​ពីរ​ដែល​ខ្ញុំមើល​ទៅ​រៀន​សូត្រ ​គឺ​តម្លាភាព​នៅ​ពេល​រាប់​ហ្នឹង។ ពេល​បោះ​ហើយ​ និង​ពេល​រាប់​ហ្នឹង​ក៏​សំខាន់​ដែរ។ អ្នក​ដែល​ចាត់​ចែង​ការងារ​ ដែល​ខ្ញុំ​មើល​ទៅ ​មាន​លក្ខណៈ​ហ្មត់​ចត់​ល្អ​ហ្នឹង​គឺ​ស្រ្តី។​ ស្រ្តី​តែ​ម្តង​ ដែល​ភាគច្រើន​ពួក​គេ​ជា​គ្រូ​ ជា​អ្នក​ធ្វើ​កិច្ច​ការងារ​នៅ​ថ្នាក់​ឃុំ​ ថ្នាក់​អី​ហ្នឹង​ គឺ​ថា​ មាន​ស្ត្រី​ច្រើន​ណាស់​ មក​ចាត់​ចែង​ ការ​បោះ​ឆ្នោត​នៅ​ពេល​ថ្ងៃ​បោះ​ឆ្នោត​ ហើយ​និង​រាប់​សន្លឹក​ឆ្នោត។​ អា​នេះជា​ចំណុច​មួយ​ដែរ​ ដែល​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​មន្ត្រី​ចាត់​ចែង​ការ​បោះ​ឆ្នោត​ នៅ​ពេល​ថ្ងៃ​បោះ​ឆ្នោត​ នៅ​ពេល​រាប់​សន្លឹក​ឆ្នោត»។​

ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ចោទ​ថា​ បាន​ធ្វើ​ឡើង​ដោយ​មិន​ស្រប​ទៅ​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ ដោយសារ​សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​បន្លំ។​ តែ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​តែង​តែ​អះអាង​ថា​ គ្មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ណា​មួយ​កើត​ឡើង​នោះ​ទេ។​ មេដឹកនាំ​គណបក្ស​កាន់​អំណាច​គឺ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​ធ្លាប់​បបួល​ក្រុម​ប្រឆាំង​មក​ស្បថ​ស្បែរ​អំពី​ការ​ចោទ​ប្រកាន់​ដែល​ថា​ មាន​ការលួច​សន្លឹក​ឆ្នោត​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ ស្ទើរ​តែ​រាល់​លើក​នៅ​មុន​ និង​ក្រោយការបោះ​ឆ្នោត កម្លំាង​ប៉ូលិស​ និង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​គេដឹង​ថា​ បាន​ដាក់​ពង្រាយ​ ដើម្បី​រឹត​បន្តឹង​សន្តិសុខ។

ជា​ឧទាហរណ៍​ ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ ឆ្នាំ​ ២០១៣​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បានដាក់​ទីលាន​ប្រជាធិបតេយ្យ​ ឲ្យ​ស្ថិតក្នុង​ការ​ឃុំឃាំង​ ដោយ​អាជ្ញាធរ​មិន​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ​ធ្វើ​សកម្មភាព​ក្នុង​ទីលាន​នេះ​ទេ​ បន្ទាប់​ពី​មាន​ការ​តវ៉ាទ្រង់​ទ្រាយ​ធំប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នោះ៕

No comments: