ដោយ ម៉ម មុនីរតន៍
2015-12-23 rfa
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។ |
លោកនាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជា សព្វថ្ងៃ គឺមានសន្តិភាពពេញលេញ ដែលផ្ទុយពីមនុស្សមួយក្រុមចាត់ទុកថា កម្ពុជា កំពុងមានវិបត្តិនយោបាយ។ ការដៀមដាមជាថ្មីទៀតដោយមិនសំដៅចំឈ្មោះរបស់ លោក ហ៊ុន សែន តែគេដឹងជាទូទៅហើយថា ទំនងជាលោកនាយករដ្ឋមន្ត្រីចង់ថាឲ្យគណបក្សជំទាស់ និងអ្នកវិភាគនយោបាយ។ គណបក្សប្រឆាំង និងអ្នកវិភាគសង្គម នៅតែមើលឃើញថា កម្ពុជា គឺពុំទាន់មានសន្តិភាពពិតប្រាកដនៅឡើយទេ។
អ្នកវិភាគនយោបាយមើលឃើញថា សារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នេះ ប្រហែលជាចង់សំដៅទៅដល់ប្រទេសពុំមានសង្គ្រាមហើយមើលទៅ ក៏ប៉ុន្តែតាមពិត គឺកម្ពុជា កំពុងមានបញ្ហាដ៏ចាក់ស្រេះ ហើយពលរដ្ឋត្រូវរស់នៅក្រោមបន្ទាត់នៃសិទ្ធិសេរីភាពមានការកំណត់នៅឡើយទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី ទទួលស្គាល់ថា អ្វីដែលលោកនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជា កំពុងមានសន្តិភាពនោះ ប្រហែលជាត្រូវខ្លះ ក៏ប៉ុន្តែលោកអះអាងថា បើពិនិត្យឲ្យដិតដល់ គឺកម្ពុជា ពុំមានសន្តិភាពបរិបូរណ៍ដូចការមើលឃើញរបស់លោកនាយករដ្ឋមន្ត្រីឡើយ។ លោក កែម ឡី បន្តថា ប្រជាពលរដ្ឋកំពុងប្រឈមបញ្ហាជាច្រើននៅក្នុងសង្គម ដូចជាសិទ្ធិទទួលបាននូវយុត្តិធម៌ត្រូវបានរើសអើង បញ្ហាអសន្តិសុខ ការរឹបអូសដីធ្លី និងរស់នៅក្រោមបន្ទាត់នៃការគំរាមកំហែង ជាដើម។ ជាងនេះទៀត លោក កែម ឡី ចំអកឲ្យ លោក ហ៊ុន សែន ថា អ្វីដែលប្រមុខរដ្ឋាភិបាលរស់នៅក្នុងភាពសុខសាន្ត ហើយពុំមានវិបត្តិនោះ ក៏ព្រោះលោកនាយករដ្ឋមន្ត្រីរស់នៅអមដោយកងការពាររាប់មិនអស់ហើយមើលទៅ។ លោកបន្តថា «យើងនៅក្នុងផ្ទះយើង យើងមានទ្រព្យសម្បត្តិយើង ប៉ុន្តែមកយកឆៅៗ ឧទាហរណ៍ដីសម្បទានសេដ្ឋកិច្ចរស់នៅលើកោះអីអ៊ីចឹងៗ គេមកឈូសមកឆាយអ៊ីចឹង។ ដូច្នេះមិនមានសន្តិភាពទេ ប៉ុន្តែបើគាត់ គាត់មានសន្តិភាព ដោយសារគាត់មានទាហានច្រើន មានអង្គរក្សច្រើន»។
ការរិះគន់របស់អ្នកវិភាគនយោបាយនៅពេលនេះ ធ្វើឡើងក្នុងពេលដែលប្រមុខរដ្ឋាភិបាល ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីតាតៃក្នុងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៣ ធ្នូ។
លោក ហ៊ុន សែន មានសុទិដ្ឋិនិយមថា នៅពេលនេះ កម្ពុជា កំពុងធ្វើដំណើរលើផ្លូវនៃសន្តិភាពដ៏ពេញលេញ។ លោកនាយករដ្ឋមន្ត្រី បានដៀមដាមដោយមិនសំដៅចំឈ្មោះដល់មនុស្សមួយក្រុម ក៏ប៉ុន្តែទំនងជា លោក ហ៊ុន សែន ចង់ថាឲ្យគណបក្សជំទាស់ និងអ្នកវិភាគ ដែលធ្លាប់និយាយថា កម្ពុជា កំពុងមានវិបត្តិផ្នែកនយោបាយ។ លោក ហ៊ុន សែន បានចំអកឲ្យអ្នករិះគន់ថា អ្នកដែលសំអាងថា កម្ពុជា កំពុងមានវិបត្តិនយោបាយនោះ គឺជាទំនាស់របស់ខ្លួនឯងប៉ុណ្ណោះ។ ដោយឡែកប្រជាពលរដ្ឋកម្ពុជា វិញ គឺកំពុងទទួលបាននូវសន្តិភាពយ៉ាងពេញលេញ។ លោកបន្តថា «ឥតមានវិបត្តិអ្វីទាំងអស់។ អ្នកដែលចាត់ទុកថាវិបត្តិ គឺវិបត្តិផ្ទាល់ខ្លួន ឯអ្នកដែលកំពុងតែសប្បាយវិញ គឺប្រជាជនកម្ពុជា ពេញមួយប្រទេស។ តែប៉ុណ្ណឹងទេ។ អាហ្នឹងវាមានរឿងអីឥឡូវហ្នឹង។ ការសម្ពោធមិនមែនអាក់ខានតែមនុស្សម្នាក់ ឬពីរនាក់ឯណា?»។
ថ្វីបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងពីការកសាងសន្តិភាព និងការវិវឌ្ឍន៍នៃសិទ្ធិសេរីភាពបានប្រសើរជាងមុន ក៏សង្គមស៊ីវិលនៅតែមើលឃើញថា ប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅដោយភាពភ័យខ្លាច និងប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិរបស់ពួកគេដ៏លំបាកនៅឡើយ។ បន្ថែមពីលើនេះទៀត ការប្រឈមទាំងនេះនៅមិនទាន់គិតដល់ការរស់នៅដោយភាពភ័យខ្លាច សិទ្ធិចូលរួមបាតុកម្មដោយសន្តិវិធី និងយុត្តិធម៌សង្គម នៅតែអនុវត្តក្នុងកម្រិតស្តង់ដារពីរ គឺអ្នកមានលុយអាចឈ្នះក្ដីនៅតុលាការ ចំណែកអ្នកក្រវិញក្លាយជាជនរងគ្រោះ។
អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់ថា អេ.ស៊ី.ធី (ACT) បានចេញផ្សាយនូវរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗថា សិទ្ធិសេរីភាពនៅកម្ពុជា នៅតែស្ថិតក្រោម ៥០ភាគរយ បានន័យថា ការអនុវត្តសិទ្ធិសេរីភាពនៅរួមតូចនៅឡើយ។
ទាក់ទិនរឿងនេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកសារនយោបាយរបស់ លោក ហ៊ុន សែន នៅពេលនេះ ថាជារឿងត្រឹមត្រូវមួយផ្នែក ក៏ប៉ុន្តែអ្វីដែលនៅតែជាការប្រឈមនៅឡើយនោះ គឺថាការចាស់ទុំផ្នែកនយោបាយ ដែលកម្ពុជា នៅតែធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយ និងលំបាកដូចមុនដដែល។ លោកបន្តថា «គណបក្សសង្គ្រោះជាតិ យើងយល់ឃើញថា មិនមានវិបត្តិនយោបាយមែន ក៏ប៉ុន្តែស្ថានភាពនយោបាយ ហាក់ដូចជាពុំទាន់បានអនុវត្តឲ្យបានពេញលេញតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
បើទោះជាលោកនាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជា ពុំមានវិបត្តិនយោបាយក៏ដោយចុះ ហើយការដែលមនុស្សមួយក្រុមនិយាយថា កម្ពុជា មានវិបត្តិនោះ គឺលោក ហ៊ុន សែន ចាត់ទុកថា វាជាទំនាស់បុគ្គលប៉ុណ្ណោះ និងពុំមានការព្រួយបារម្ភអ្វីឡើយ។ សម្រាប់អ្នកវិភាគវិញមើលឃើញថា វាមិនដូច្នេះឡើយ។ មានសំណុំរឿងជាច្រើនដែលកំពុងប្រឈមតាមផ្លូវនយោបាយនៅពេលនេះ ដែលបង្កឲ្យក្លាយទៅជាវិបត្តិនោះ គឺមន្ត្រីក្នុងបក្សជំទាស់ និងសកម្មជន កំពុងជាប់បណ្ដឹងនៅតុលាការ ហើយមួយចំនួនទៀត ត្រូវជាប់ឃុំនៅក្នុងពន្ធនាគារ។
កាលពីចុងខែតុលា បាតុកម្មបានផ្ទុះឡើង ដែលបាតុកម្មនៅពេលនោះទាមទារដក លោក កឹម សុខា ចេញពីកៅអីអនុប្រធានទី១ នៃរដ្ឋសភា។ ក្នុងពេលជាមួយគ្នានោះ តំណាងរាស្ត្រ ២រូប ត្រូវបានបាតុករវាយធ្វើបាបនៅមុខវិមានរដ្ឋសភា ហើយចុងក្រោយ គឺលោក សម រង្ស៊ី ត្រូវបានសភាបញ្ចប់ងារជាតំណាងរាស្ត្រថែមទៀតផង។ អ្នកវិភាគនយោបាយ ចាត់ទុកថា ទាំងនេះ គឺជាវិបត្តិរហូតបង្កឲ្យសហគមន៍អន្តរជាតិបញ្ចេញសកម្មភាព និងបង្ហាញការព្រួយបារម្ភចំពោះបរិបទនយោបាយនៅកម្ពុជា ក្នុងដំណាក់កាលចុងក្រោយនេះ៕
1 comment:
បណ្ឧិតស្វា ចេះតែថា
Post a Comment