A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 3 December 2015

"យើង​ទាំងអស់​គ្នា​ត្រូវ​ការ​យុត្តិធម៌" ជា​ប្រធានបទ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ពោធិ៍សាត់

"យើង​ទាំងអស់​គ្នា​ត្រូវ​ការ​យុត្តិធម៌" ជា​ប្រធានបទ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ពោធិ៍សាត់
ដោយ ជិន ជេដ្ឋា
rfa 2015-12-02
សកម្មភាព​របស់​ប្រជា​ពលរដ្ឋ និង​បណ្ដាញ​សហគមន៍​ភ្នំ​គុក ចូល​រួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៦ នៅ​ភូមិ​តាំង​ត្រពាំង ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង ថ្ងៃ​ទី ១០ ធ្នូ ២០១៤។
 RFA/Chin Chetha

សកម្មភាព​របស់​ប្រជា​ពលរដ្ឋ និង​បណ្ដាញ​សហគមន៍​ភ្នំ​គុក ចូល​រួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៦ នៅ​ភូមិ​តាំង​ត្រពាំង ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង ថ្ងៃ​ទី ១០ ធ្នូ ២០១៤។
 RFA/Chin Chetha

អង្គការ សមាគម និង​សហគមន៍​ដែល​គាំទ្រ និង​លើក​ស្ទួយ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តែង​តែ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​រាល់​ឆ្នាំ។ នៅ​ឯ​ខេត្ត​ពោធិ៍សាត់ តំណាង​សង្គម​ស៊ីវិល និង​សហគមន៍ គ្រោង​រៀបចំ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំ​២០១៥ លើក​ទី​៦៧ ក្រោម​ប្រធានបទ "យើង​ទាំងអស់​គ្នា​ត្រូវ​ការ​យុត្តិធម៌" ហើយ​ត្រៀម​មនុស្ស​ចូលរួម​ប្រមាណ ៥០០​នាក់។

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​មើល​ឃើញ​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​ដំណើរ​ការ​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នៅ​កម្ពុជា មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ។ នៅ​គ្រា​ដែល​វិស័យ​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​មាន​បញ្ហា​នេះ មាន​មន្ត្រី​រាជការ និង​សិស្ស​និស្សិត​មួយ​ចំនួន​ដែល​បាន​ឈប់​សម្រាក​ពី​ការងារ ឬ​ការ​សិក្សា​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ មិន​ទាន់​យល់​ច្បាស់​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ខ្លួន​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា ក្នុង​ដំណើរ​ការ​គោរព​សិទ្ធិ​មនុស្ស ១០០​ភាគរយ ប្រទេស​កម្ពុជា គោរព​បាន​តែ ៣០ ទៅ ៤០​ភាគរយ​ប៉ុណ្ណោះ។ លោក​ថា កន្លង​ទៅ មន្ត្រី​រាជការ ឬ​មេ​ឃុំ​នៅ​តំបន់​ដាច់​ស្រយាល​ខ្លះ មិន​បាន​យល់​ដឹង​ពី​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ទេ ដោយ​ទៅ​រក​រឿង​សួរ​នាំ​រក​ច្បាប់​ទម្លាប់​នៃ​ការ​ធ្វើ​ពិធី​ជួប​ជុំ ដើម្បី​អបអរ​ទិវា​នេះ៖ «ធាតុ​ផ្សំ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស វា​សំខាន់​លើ​សិទ្ធិ​មូលដ្ឋាន​ទាំង​ប្រាំ។ យើង​បាន​ចំណែក​ខ្លះ​វា​មិន​បាន​ទាំងអស់ នៅ​បាត់បង់​អា​ធាតុ​ផ្សំ​សំខាន់ៗ​ច្រើន។ បាត់បង់​ដូចជា សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ជួប​ជុំ សិទ្ធិ​តវ៉ា សិទ្ធិ​ដាក់​សំណើ​ទៅ​ឲ្យ​អាជ្ញាធរ​ទទួល​ពិនិត្យ និង​ដោះស្រាយ ជាដើម»។



លោក​បញ្ជាក់​ថា ពិធី​អបអរ​នេះ​មិន​ធ្វើ​សម្រាប់​តែ​សង្គម​ស៊ីវិល ឬ​មនុស្ស​មួយ​ក្រុម​ណា​នោះ​ទេ គឺ​សម្រាប់​មនុស្ស​ទូទៅ ដោយ​មិន​គិត​ពី​ជំនឿ ជាតិ​សាសន៍ និង​និន្នាការ​នយោបាយ​ឡើយ។ ពិធី​ដែល​នឹង​ប្រារព្ធ​នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ មាន​តំណាង​សហគមន៍​មក​ពី​ស្រុក​ក្រគរ ចំនួន ៤០០​នាក់ និង​តំណាង​អង្គការ​សមាគម​ក្នុង​ខេត្ត​សរុប​ប្រមាណ ៥០០​នាក់។

ចំណែក​ពលរដ្ឋ​ម្នាក់ និង​ជា​អតីត​សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​ស្រុក​ក្រគរ លោក គុជ វេង ថ្លែង​ថា ដោយ​មើល​ឃើញ​ពី​សារសំខាន់​នៃ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ រូប​លោក និង​អ្នក​ស្រុក​ផ្សេង​ទៀត នឹង​ទៅ​ចូលរួម​ពិធី​នេះ។ លោក​ថា សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស ត្រូវ​តែ​គោរព និង​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ប៉ុន្តែ​កន្លង​ទៅ នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន​រងគ្រោះ​ដោយ​ការ​ចោទ​ប្រកាន់ និង​ប្ដឹង​ចាប់​ដាក់​គុក​ពី​សំណាក់​អ្នក​មាន​លុយ ឬ​មាន​អំណាច​មួយ​ចំនួន៖ «រាល់​ថ្ងៃ​នេះ អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​នឹង​ភ្នែក ទាំង​រដ្ឋាភិបាល អាជ្ញាធរ ឬ​មាន​អ្នក​មាន​អំណាច​ក៏ដោយ​ឃើញ​ថា មិន​សូវ​នរណា​ចាប់​អារម្មណ៍​ទៅ​លើ​សិទ្ធិ​មនុស្ស​ទាំងអស់»។

ដោយឡែក​នៅ​ខេត្ត​កំពង់ឆ្នាំង តំណាង​អង្គការ សមាគម និង​សហគមន៍ ក៏​មាន​គម្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៧ នេះ​ដែរ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ខាង​មុខ ហើយ​អាច​មាន​មនុស្ស​ចូលរួម​ប្រមាណ ១​ពាន់​នាក់​ទៀត​ផង។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែង​ថា តំណាង និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម គឺ​មាន​មក​ពី​ស្រុក​ទឹកផុស និង​ស្រុក​កំពង់ត្រឡាច ព្រម​ទាំង​មន្ត្រី​រាជការ ព្រះសង្ឃ និង​សិស្ស​និស្សិត​ក្នុង​ខេត្ត។ លោក​ថា ពិធី​នឹង​ប្រារព្ធ​ក្រោម​ប្រធានបទ "រួម​ចំណែក​ការ​គោរព​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម" នៅ​ទីលាន​បាល់​ទាត់​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង៖ «អង្គការ​លីកាដូ បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ទៅ​តាម​ទីកន្លែង​មាន​ដូចជា ពិធី​មីទីញ ពិធី​ដង្ហែ​ក្បួន និង​ពិធី​ធម្មយាត្រា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​សាធារណៈ ឲ្យ​យល់​ដឹង​ថា សិទ្ធិ​មនុស្ស​ជា​សិទ្ធិ​របស់​យើង ហើយ​សេរីភាព​ជា​សេរីភាព​យើង​ទាំងអស់​គ្នា»។

សង្គម​ស៊ីវិល​រក​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​កែលំអ គឺ​បញ្ហា​ដីធ្លី ធនធាន​ធម្មជាតិ ប្រព័ន្ធ​យុត្តិធម៌ ឬ​តុលាការ សេរីភាព​បញ្ចេញ​មតិ ឬ​ការ​ជួប​ជុំ សិទ្ធិ​បង្កើត​សហជីព និង​ប្រាក់​ឈ្នួល​សមរម្យ និង​អំពើ​ហិង្សា ជាដើម។ នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង គេ​សម្គាល់​ឃើញ​ថា មាន​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ជួប​ជុំ ជាពិសេស​ការ​តវ៉ា​រក​ដំណោះស្រាយ​ទាក់ទង​ជម្លោះ​ដីធ្លី​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ប្រធានបទ​ជា​សកល​នៃ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ឆ្នាំ​២០១៥ ខួប​លើក​ទី​៦៧ (១៩៤៨-២០១៥) គឺ "សិទ្ធិ​យើង សេរីភាព​យើង​ជានិច្ច"។ ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​លើ​សកលលោក ហើយ​នៅ​ប្រទេស​កម្ពុជា ក៏​មាន​ការ​ប្រារព្ធ​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​រាល់​ឆ្នាំ គេ​មិន​សូវ​ឃើញ​រដ្ឋាភិបាល​ប្រារព្ធ​ពិធី​នេះ​ធំ​ដុំ​នោះ​ទេ ខណៈ​តំណាង​អង្គការ សមាគម និង​សហគមន៍ ប្រារព្ធ​ពិធី​នេះ​រាល់​ឆ្នាំ​មិន​អាក់​ខាន។

បី​ឆ្នាំ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​រលត់ អង្គការ​សហប្រជាជាតិ បើក​មហា​សន្និបាត​អនុម័ត​ជា​គោលការណ៍​សិទ្ធិ​មនុស្ស​មួយ​ជា​អាទិភាព នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៤៨ ដែល​ឲ្យ​ឈ្មោះ​ថា "សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​អំពី​សិទ្ធិ​មនុស្ស"។ សេចក្ដី​ប្រកាស​នេះ មាន​ទិសដៅ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​អំពើ​ប្រល័យ​ពូជ​សាសន៍ និង​អំពើ​ទារុណកម្ម​ផ្សេងៗ​បន្ត​ទៅ​ទៀត៕

No comments: